(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រកាសជាផ្លូវការអំពីការរៀបចំ ដាក់ចេញនូវចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» លើកទី១ នៅកម្ពុជាដើម្បីចូលរួមលើកកម្ពស់គោលដៅទេសចរណ៍ ឱ្យក្លាយជាគោលដៅទេសចរ ប្រកបដោយភាពទាក់ទាញ។

ការប្រកាសរៀបចំចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» លើកទី១ នៅកម្ពុជា នាពេលនេះ បានធ្វើឡើងបន្ទាប់ពីមានការអនុញ្ញាត ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ ក្រសួងក៏តម្រូវឱ្យប្រតិបត្តិករទេសចរណ៍ទាំងអស់ចូលរួមក្នុងការប្រឡងប្រណាំងនេះផងដែរ ហើយលទ្ធផលនឹងប្រកាសនៅខែធ្នូ ឆ្នាំ២០១៦។

តាមរយៈសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ កាលពីម្សិលមិញ បានឱ្យដឹងថា ចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» នេះធ្វើឡើងផ្អែកលើស្តង់ដារវាយតម្លៃរបស់ភ្ញៀវទេសចរ ឬប្រជាពលរដ្ឋទៅលើសេវាបដិសណ្ឋារកិច្ច ដែលត្រូវបានបែងចែកជា ៣ប្រភេទរួមមាន៖ ១. បដិសណ្ឋារកិច្ចល្អក្នុងសេវាទេសចរណ៍ ២. បដិសណ្ឋារកិច្ចល្អក្នុងសេវាសាធារណៈរបស់ក្រុង/ខណ្ឌ និងសង្កាត់បេក្ខភាពក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត ៣. បដិសណ្ឋារកិច្ចល្អ តាមច្រកទ្វារអន្តរជាតិ។

ក្នុងពិធីទទួលពានរង្វាន់ «កម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុត សម្រាប់ឆ្នាំ២០១៦» ពីក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្ម នៃសហភាពអឺរ៉ុប នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ថោង ខុន បានលើកឡើងថា ការដាក់ចេញចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» គឺដើម្បីចូលរួមលើកកម្ពស់គោលដៅទេសចរណ៍ របស់កម្ពុជា ឱ្យក្លាយជាគោលដៅទេសចរ ប្រកបដោយភាពទាក់ទាញ និងភាពកក់ក្ដៅឋិតក្នុងការចងចាំរបស់ភ្ញៀវទេសចរគ្រប់គ្នា ជាមួយការស្វាគមន៍ ដោយភាពរួសរាយរាក់ទាក់ និងស្នាមញញឹមពីធម្មជាតិ របស់ប្រជាពលរដ្ឋកម្ពុជា។

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងទេសចរ៖