(ពោធិ៍សាត់)៖ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានចុះពិនិត្យលទ្ធផលការងារគ្រោះមហន្តរាយ នៅខេត្តពោធិ៍សាត់ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ។

ក្នុងនោះដែរក៏មានការចូលរួមពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត លោក ខូយ រីដា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត លោក ធឹម សុធារ៉ា ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទខេត្ត និង អាជ្ញាធរ ក្រុង ស្រុក ជាច្រើនរូបផងដែរ។

លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយបងប្អូនអាជីវករក្នុងផ្សារថ្មីពោធិ៍សាត់ តាមបណ្តា តូបលក់ដូរនីមួយៗ ក្នុងគោលបំណងស្វែងយល់អំពីស្ថានភាពទូទៅ នៅក្នុងផ្សានោះរួចមក លោកទេសរដ្ឋមន្ត្រី បានបន្តដំណើរចុះ សំណេះសំណាល ជាមួយប្រជាពលរដ្ឋមួយកន្លែង ដែលជាអ្នកទទួលផលអណ្តូងទឹក ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺនៅភូមិអំពិលកញ្ច្រិញ ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

លោកទេសរដ្ឋមន្ត្រី បានថ្លែងក្នុងឱកាសនោះថា ដោយសារក្រសួងធនធានទឹក និងឧតុនិយមបាន ព្យាករថាក្នុងឆ្នាំ២០១៦ នៅតំបន់មួយ ចំនួនក្នុងប្រទេសកម្ពុជា នឹងទទួលរងនូវបាតុភូតកម្តៅខ្លាំង ក្នុងនោះក៏មានខេត្តពោធិ៍សាត់ នេះផងដែរ។

លោកបានបន្ថែមថា «ស្ថិតក្នុងស្ថានភាពនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាក់កញ្ចប់ថវិកា ៥០លានរៀល តាមរយៈខ្ញុំផ្ទាល់ ផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់៣០លានរៀល សម្រាប់អន្តរាគមដោះស្រាយចែកចាយទឹក ដែលសកម្មភាពនេះ បានអនុវត្តរួចមកហើយ និងថវិកា២០លានរៀលទៀត សម្រាប់ជីកអណ្តូងទឹក»

លោក ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចុះជីកអណ្តូង១៦កន្លែង ក្នុងនោះនៅក្នុងស្រុកកណ្តៀង១២កន្លែង នៅស្រុកបាកាន៤កន្លែង ជាប្រភេទអណ្តូងស្នប់ទឹកថ្លាល្អជាក់ស្តែង ដូចជាអណ្តូងស្នប់នៅក្នុងភូមិអំពិលកញ្ច្រិញជាសក្ខីភាពស្រាប់ ធ្វើឲ្យប្រជាពលរដ្ឋទទួលបានផលរីករាយ ដោយសារមានទឹកប្រើប្រាស់ នៅក្នុងភូមិរបស់ពួកគាត់។

លោកទេសរដ្ឋមន្ត្រី បានចាត់ទុកថា គ្រោះមហន្តរាយឆ្នាំនេះ គឺជាគ្រោះមហន្តរាយដ៏ធំមួយ ដែលមិនធ្លាប់មានកន្លងមក បណ្តាលឲ្យ ប្រជាពលរដ្ឋរស់នៅតំបន់មួយចំនួនខ្វះទឹកប្រើប្រាស់ ចំពោះការងារបង្កបង្កើនផលជួបបញ្ហាប្រឈមនឹងកង្វះខាតទឹក។ តែទោះជាយ៉ាងនេះ ក៏ដោយ គឺរយៈពេលប៉ុន្មានថ្ងៃ អាកាសធាតុមានការប្រែប្រួល ពីក្តៅមកត្រជាក់ មានភ្លៀងធ្លាក់ជាបណ្តើៗហើយ ហេតុនេះសូមឲ្យ ប្រជាពលរដ្ឋជំរុញទៅលើការងារបង្កបង្កើនផល និងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមភូមិ ឃុំ សង្កាត់ និងធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតខ្មែរ គំរូថ្មីឲ្យបានគ្រប់ៗគ្នា ដើម្បីបានទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នាពេលខាងមុខនេះ៕