(ភ្នំពេញ)៖ មិនត្រឹមតែមិនគាំទ្រ ចំពោះការសាកល្បងបាញ់ អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង នៅលើឧបទ្វីបកូរ៉េប៉ុណ្ណោះទេកម្ពុជាថែម ទាំងថ្កោលចំពោះការ សាកល្បងបាញ់អាវុធប្រល័យលោកនេះថែមទៀត។ នេះគឺជាជំហររបស់កម្ពុជាដែលត្រូវបាន លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ជូន អនុរដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូង នៅរសៀល ថ្ងៃពុធនេះ។

ជំហររបស់កម្ពុជាលើបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ត្រូវបញ្ជាក់ជាថ្មីនៅក្នុងជំនួបរវាង លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការ បរទេស ដែលទើបចូលកាន់តំណែងកាលពីអំឡុង នៃការរុះរើគណៈរដ្ឋមន្រ្តីពាក់កណ្តាលអាណត្តិ ជាមួយនឹង លោក Hwang Inmoo អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ។

លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ ជំនួបខាងលើថា «នៅក្នុងជំនួបនេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី (ប្រាក់ សុខុន) ក៏បានបញ្ជាក់អំពីជំហររបស់កម្ពុជាចំពោះបញ្ហាការសាកល្បង នុយក្លេអ៊ែរ របស់កូរ៉េខាងជើង នៅឧបទ្វីបកូរ៉េ ដោយឯកឧត្តមបានគូសបញ្ជាក់ថា កន្លងមកកម្ពុជាបានធ្វើការថ្កោលទោសចំពោះរាល់ សកម្មភាពដែលជាការបង្កហេតុ ហើយធ្វើឱ្យមានការប៉ះពាល់ដល់ សន្តិភាព សន្តិសុខ និងស្ថិរភាពនៅឧបទ្វីបកូរ៉េ»។

អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា «ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានចាត់ទុកសកម្មភាពទាំងនោះថា រំលោភបំពានទៅលើសេចក្តីសម្រេច ចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយកម្ពុជាក៏សូមអំពាវនាវឱ្យមានការដំណើរការឡើងវិញ ឱ្យបានឆាប់រហ័សនូវ ការចរចា៦ភាគីដែលសម្តៅលុបបំបាត់ អាវុធនុយក្លេអ៊ែរ នៅក្នុងឧបទ្វីបកូរ៉េ»

សូមបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានសាកល្បងបាញ់អាវុធនុយក្លេអ៊ែរជាបន្តបន្ទាប់ចំនួន៧លើករួចមកហើយ ទោះបីជាប្រទេសមហា អំណាចមួយចំនួនដូចជាសហរដ្ឋអាមេរិក និងអង្គការសហប្រជាជន ថ្កោលទោសចំពោះករណីនេះច្រើនលើកច្រើនសារក៏ដោយ៕