(ភ្នំពេញ)៖ លោក អ៊ុំ សុភក្រ្ត​ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានថ្លែងអះអាងប្រាប់ថា មិនមានការដោះលែងអ្នកកត់កន្ទុយលេខ និងអ្នកលេងឆ្នោតនោះទេ ហើយរហូតមកដល់ពេលនេះ អ្នកកត់កន្ទុយលេខម្នាក់ ត្រូវបានចៅក្រមសម្រេចឃុំខ្លួន និង៣នាក់ទៀតជាអ្នកលេង​ និងបន្តជម្រះផ្ទាល់នៅថ្ងៃស្អែក ទី៣០ ខែមិថុនា ឆ្នាំ២០១៦។

ការថ្លែងឆ្លើយតបជុំវិញការដោះលែងនេះ ធ្វើឡើងបន្ទាប់មានការចេញផ្សាយថា ស្រ្តីកត់កន្ទុយលេខ និងអ្នកចាក់កន្ទុយចំនួន៤នាក់ ដែលត្រូវបានកម្លាំងនគរបាល ខណ្ឌសែនសុខ ចុះបង្ក្រាប និងចាប់ខ្លួននៅសង្កាត់ភ្នំពេញថ្មី កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ប៉ុន្តែត្រូវបានលោក អ៊ុំ សុភក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ សម្រេចដោះលែងនៅរសៀលថ្ងៃនេះ។

ចំណែកលោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងថា អយ្យការបានបំបែករឿងនេះជាពីរ ដោយបើកការស៊ើបសួរលើ អ្នកទទួលកត់ឆ្នោត បញ្ជូនទៅចៅក្រមសើបសួរ ហើយសម្រេចបញ្ជូនទៅជម្រះផ្ទាល់ចំពោះអ្នកទៅចាក់ឆ្នោត៣នាក់។ មកដល់ពេលនេះមិនទាន់មានការដោះលែង អ្នកទាំងនេះនៅឡើយទេ ដោយទុកជូនចៅក្រម​ បន្តចំណាត់ការតាមនីតិវិធី។

សូមជំរាបថា​ ស្រ្តីអ្នកកត់កន្ទុយលេខម្នាក់ ដែលត្រូវចៅក្រមសម្រេចឃុំខ្លួនបណ្តោះអាសន្ននោះ ឈ្មោះ លី សុគន្ធា អាយុ៣៩ឆ្នាំ៕