(ភ្នំពេញ)៖ ឆ្លើយតបទៅកាន់ លោក សុន ឆ័យ ដែលចង់ឱ្យនាយករដ្ឋមន្រ្តី និយាយអំពីការងារ និងបញ្ហាដីធ្លី ត្រូវបានមន្រ្តីជាន់ខ្ពស់នៃខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចនាព្រលប់ថ្ងៃនេះថា សូមឱ្យលោក សុន ឆ័យ ទៅប្រដៅមេរបស់ខ្លួន គឺលោក កឹម សុខា ជាមុនសិន មុននឹងណែនាំសម្តេចនាយករដ្ឋមន្រ្តី ឱ្យនិយាយអំពីរឿងល្អៗសម្រាប់ប្រទេសជាតិ។

មន្រ្តីជាន់ខ្ពស់នៃខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានបន្តបញ្ជាក់ថា លោក កឹម សុខា ដែលកំពុងប្រឈមជាមួយច្បាប់ទៅវិញទេ ដែលជាអ្នកនិយាយញុះញង់ ចាក់រុក ដៀមដាម និងបង្ករឿងដាក់ នាយករដ្ឋមន្រ្តីសម្តេចតេជោ ហ៊ុន សែន ជាមុន ទើបមានការឆ្លើយតបពីសម្តេច ហ៊ុន សែន, ដូច្នេះលោក សុន ឆ័យ គួរទៅប្រដៅមេរបស់ខ្លួនជាមុន កុំចេះតែលើកឡើងចោទគេ ចោទឯង ពីព្រោះលោក កឹម សុខា នោះទេ ដែលជាអ្នកចាប់ផ្តើមបង្ករឿងមុន។ មន្រ្តីជាន់ខ្ពស់ខុទ្ទកាល័យ បានបញ្ជាក់បន្ថែមថា លោក សុន ឆ័យ ត្រូវចេះគ្រប់គ្រងខ្លួនឯងឲ្យបានល្អផង មុនថាឲ្យគេ។

សូមជំរាបថា នៅក្នុងឱកាសអបអរសាទរខួប ៦៥ឆ្នាំថ្ងៃកំណើតរដ្ឋបាលគយ និងរដ្ឋាករកម្ពុជានាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅលោក កឹម សុខា ថា កុំឲ្យព្រហើន ការអនុវត្តច្បាប់នៅតែបន្ត ទៅមុខតាមប្រព័ន្ធតុលាការ គ្រាន់តែមិនទាន់ដល់ពេលតែប៉ុណ្ណោះ។

សម្តេចតេជោ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «កុំព្រហើន! គេមិនទាន់ដល់ម៉ោងធ្វើទេ តែគេដល់ម៉ោងធ្វើ គឺធ្វើហើយកុំឆ្ងល់ពេក ទប់អត់ជាប់ទេ កុំព្រហើន។ អាហ្នឹងនិយាយឲ្យច្បាស់ ខ្លួនឯងកំពុងឃុំខ្លួនឯងសោះហ្នឹង ហើយបើលោកឯងមិនទៅរកគុក ក៏គុកមករកលោកឯងដែរ អាហ្នឹងខ្ញុំប្រាប់ឲ្យហើយទៅ [...]។ [...] អ្នកមួយចំនួនកុំអាលព្រហើន ច្បាប់គឺច្បាប់ អត់មានការលើកលែង»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា បើទោះបីលោក កឹម សុខា បន្តពួនសម្ងំលាក់ខ្លួន នៅទីស្នាក់ការមិនហ៊ានចេញមុខយ៉ាងណាក្តី ក៏វិធានការ នៅតែមានគ្រាន់តែមិនទាន់ដល់ពេលតែប៉ុណ្ណោះ។ សម្តេចតេជោ ក៏បានព្រមានទៅបក្សប្រឆាំងកុំឲ្យបាតុកម្ម បើប្រើយុទ្ធសាស្រ្ត បន្លាជួសបន្លាប្រាកដជាមាន។

សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមយ៉ាងដូច្នេះ «ខ្ញុំអត់នឹកស្មានសោះថា អាអ្នកកំពុងឃុំខ្លួន សូម្បីតែចេញអត់ហ៊ានចេញផង ខ្លាចចង់ងាប់នៅក្នុងណុង ប៉ុន្តែបើលោកឯងអត់ចេញ ក៏គង់ថ្ងៃណាមួយ គេយកចេញដែរ ហើយកុំគំរាមធ្វើបាតុកម្ម សូមទោសនិយាយគ្នាឲ្យច្បាស់ឲ្យហើយ កុំគំរាមធ្វើបាតុកម្ម បន្លាជួសបន្លានឹងអាចកើតមាន ហើយគេធ្វើតែមួយព្រឹបចប់សេចក្តីហើយ កុំនឹកស្មានថារួចខ្លួនឲ្យសោះ»៕