(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ បានជួបប្រជុំជាមួយភាគីមកពីប្រទេសចិន និងបានស្នើជំរុញឱ្យប្រទេសមហាអំណាចមួយនេះ បង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការដោះដូរនូវបទពិសោធន៍គ្នាទៅវិញទៅមក នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន លើវិស័យទេសចរណ៍ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត សំដៅបង្កើនចំនួនភ្ញៀវទេសចរចិន មកទស្សនាកម្ពុជាឱ្យតែច្រើនឡើងៗ។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាជាមួយលោកស្រី Yang Xiuping អគ្គលេខាធិការមជ្ឈមណ្ឌល អាស៊ាន-ចិន នាទីស្ដីការក្រសួងទេសចរណ៍នៅល្ងាច ថ្ងៃពុធនេះ លោករដ្ឋមន្រ្តី ថោង ខុន បានលោកឡើងថា ក្រសួងទេសចរណ៍បានឯកភាពទៅលើការពង្រឹងនូវ កិច្ចសហប្រតិបត្តិការ ជាមួយមជ្ឈមណ្ឌល អាស៊ាន-ចិន ទាំងក្នុងក្របខណ្ឌកម្ពុជា-អាស៊ាន និងក្របខណ្ឌកម្ពុជា-ចិន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមក ទស្សនាកម្ពុជា កាន់ច្រើនឡើងៗ។ ស្របទៅនឹងការឯកភាពនៃការទាក់ទាញភ្ញៀវទេសចរនេះ កាលពីពេលថ្មីៗកន្លងទៅ ក្រសួងទេសចរណ៍ បានរៀបចំដាក់ចេញនូវសៀវភៅសស្ដីពី China Ready សម្រាប់បណ្ដុះបណ្ដាលអ្នកទេសចរកម្ពុជា ដែលស្របនឹងផែនការ យុទ្ធសាស្រ្តអភិវឌ្ឍទេសចរអាស៊ាន (ATSP) ឆ្នាំ២០១៦-២០២៥ ក៏ដូចជាផែនការយុទ្ធសាស្រ្តទីផ្សារទេសចរណ៍របស់អាស៊ាន (ATMS) សំដៅត្រៀមទទួលភ្ញៀវទេសចរចិន ប្រមាណ២លាននាក់ នៅឆ្នាំ២០២០។

ឆ្លើយតបនឹងការលើកឡើងខាងលើ លោកស្រី Yang Xiuping បានសម្ដែងនូវការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំង ដោយលោកស្រី បានលើកឡើងថា នេះជាលើកទី១ហើយ ដែលប្រទេសនៅក្នុងអាស៊ានទាំង១០ មានកម្ពុជា ដែលមានការរៀបចំនូវគោលនយោបាយ បែបនេះ និងបានរៀបចំជាឯកសារខាងលើនេះឡើង ដោយលោកស្រី បានសុំយកឯកសារទាំងនោះ ទៅប្រទេសចិនវិញ ដើម្បីផ្សព្វផ្សាយក្នុងមជ្ឈមណ្ឌលអាស៊ាន-ចិន របស់លោកស្រីផ្ទាល់ និងចែករំលែកបទពិសោធន៍ទាំងនេះ ទៅកាន់ប្រទេសដទៃក្នុងអាស៊ាន និងក្នុងពិភពលោកបន្តទៀតផងដែរ។

ជាមួយនឹងការលើកសរសើរខាងលើ លោករដ្ឋមន្រ្តី ថោង ខុន ក៏បានស្នើឱ្យភាគីចិន មានក្រុមការងាររបស់មជ្ឈមណ្ឌលនេះជាដើម ជំរុញឱ្យមានការដោះដូរនូវបទពិសោធន៍ នៃការរៀបចំជាសិក្ខាសាលារួមគ្នារវាងកម្ពុជា-ចិន និងជំរុញឱ្យមានអ្នកវិនិយោគទុន និងក្រុម Farm Trip ព្រមទាំងជួយជំរុញនូវការដោះដូរអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សាព្វផ្សាយ Media សំដៅបង្កើនការផ្សព្វផ្សាយលើវិស័យទេសចរកម្ពុជា ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

សូមជម្រាបថា កាលពីពេលកន្លងទៅ ក្រសួងទេសចរណ៍កម្ពុជា បានរៀបចំសហការទទួលអ្នកសារព័ត៌មានចិន និងក្រុម Farm Trip ក៏ដូច ជាក្រុមថតខ្សែភាពយន្ត ដែលបានមកថតនៅកម្ពុជា ហើយក្នុងឆ្នាំ២០១៦នេះ ផលិតកម្មភាពយន្តចិន នឹងបញ្ជូនក្រុមអ្នកថតកុនឱ្យមកថត ខ្សែភាពយន្តចិន នៅប្រទេសកម្ពុជាមួយទៀត ដែលត្រៀមនឹងចាក់បញ្ចាំងនៅប្រទេសចិនផ្ទាល់ ហើយនេះ ជាការចូលរួមផ្សព្វផ្សាយ វិស័យទេសចរកម្ពុជា ទៅកាន់ពិភពលោកឱ្យកាន់តែបានស្គាល់បន្ថែមទៀត តាមរយៈការទស្សនាខ្សែភាពយន្តនេះ៕