(ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និង លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានចុះជួបសួសុខទុក្ខ និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅក្នុងឃុំស្រែគរ ដែលជាប្រជាពលរដ្ឋ​ រងផលប៉ះពាល់ពីគម្រោងសាងសង់ ទំនប់វារីអគ្គិសនីសេសានក្រោម២ ហើយបានយល់ព្រមរើទីលំនៅឋានថ្មី មានចំងាយ៧គីឡូម៉ែត្រ ពីទីតាំងភូមិចាស់។

នៅក្នុងឱកាសនោះ លោក ម៉ុម សារឿន និង លោក ស៊ុយ សែម បានថ្លែងជម្រាបប្រជាពលរដ្ឋថា ទីតាំងលំនៅឋានថ្មីគឺជាភូមិ ដែលមានស្ថានភាព សោភ័ណភាព និងសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រពៃជាងភូមិចាស់ឆ្ងាយណាស់។ ភូមិថ្មីមានហេដ្ឋារចនាសម្ព័ន្ឋគ្រប់គ្រាន់ សម្រាប់បម្រើសេវាសង្គមកិច្ច និងសេដ្ឋកិច្ច ដូចជា ផ្លូវកៅស៊ូ និងផ្លូវក្រាលក្រួសក្រហមខ្វាត់ខ្វែង និងតភ្ជាប់ទៅតំបន់នានាក្នុងស្រុក ក្រៅពីនោះក៏មានអណ្តូងស្នប់ ស្រះទឹក សាលារៀន មណ្ឌលសុខភាព សាលឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ការតភ្ជាប់បណ្តាញអគ្គិសនី ។ល។ លើសពីនេះទៀត ក៏មានដីបំរុងសង្គមកិច្ច ដីព្រៃអភិរក្ស ដីកប់សព និងដីសហគមន៍សម្រាប់ប្រជាពលរដ្ឋទាំងនោះអាស្រ័យផល និងអនុផលព្រៃឈើ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត និងលោករដ្ឋមន្រ្តី បានកោតសសើចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីបុព្វហេតុ នៃការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន ដូចប្រទេសដទៃ ជាពិសេសគាំទ្រចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕