(កង់បេរ៉ា)៖ ក្រុមអ្នកជំនាញរបស់ប្រទេសអូស្ត្រាលី បានព្រមានថា ព្រលានយន្តហោះធំៗរបស់ប្រទេសនេះអាចនឹង ទទួលរងការវាយប្រហារ ដូចនៅប្រទេសតួកគីដែរ ខណៈប្រទេសដីកោះធំជាងគេលើលោកនេះ គឺស្ថិតនៅជាគោលដៅ វាយប្រហារនៃពួកភេរវករស្រាប់ទៅហើយនោះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិន​ហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៦។

ក្រុមអ្នកជំនាញការផ្នែកសន្តិសុខជាតិមកពី វិទ្យាស្ថានយុទ្ធសាស្ត្រនយោបាយអូស្ត្រាលី (ASPI) បានលើកឡើងថា អាជ្ញាធរអូស្ត្រាលី គួរតែចាប់ផ្តើមរឹតបន្តឹងផ្នែកសន្តិសុខ ឲ្យបានខ្លាំងក្លានៅតាមព្រលានយន្តហោះទាំងតូច ទាំងធំនៅ ទូទាំងប្រទេសអូស្ត្រាលី ព្រោះវាជាទីតាំងដែលភេរវករពេញនិយម ក្នុងការបំផ្ទុះគ្រាប់បែក និង ការវាយប្រហារជាងគេ ដូចជាអ្វីដែលធ្លាប់កើតមាននៅប្រទេសមួយចំនួន ក្នុងអឺរ៉ុបរួចមកហើយ។

ជុំវិញបញ្ហាដដែលនេះដែរ បណ្ឌិត Anthony Bergin នាយករងនៃវិទ្យាស្ថាន ASPI បានថ្លែងថា វាប្រៀបបីដូចជាក្តីស្រឡាញ់ ដែលកាន់តែធំធេងជាងមុនទៅវិញទេ សម្រាប់អ្នកដំណើរទូទៅនៅពេលដែលមានការ រឹតបន្តឹងផ្នែកសន្តិសុខ ដើម្បីរក្សាសុវត្ថិភាព និងសេចក្តីសុខរបស់ពួកគេផ្ទាល់ ជាពិសេសគឺការបង្កាកុំឲ្យកើតមានអំពើ ភេរវកម្ម ដែលពិភពលោកស្អប់ខ្ពើមជាទីបំផុត។

គួរបញ្ជាក់កាលពីយប់ថ្ងៃអង្គារ សប្តាហ៍នេះព្រលានយន្តហោះធំបំផុតនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី បានទទួលរង ការវាយប្រហារដោយជនប្រដាប់អាវុធ និងបង្កៃគ្រាប់បែកអត្តឃាត បានបណ្តាលឲ្យមនុស្សចំរុះជាតិសាសន៍៤១នាក់ ស្លាប់ និង ២៣៩នាក់ផ្សេងទៀតរងរបួស។ ពិភពលោកបានប្រកាសរួមគ្នា ថ្កោលទោសចំពោះអំពើភេរវកម្មដ៏កក្រើកនេះ ហើយប្រទេសមួយចំនួន ក៏បានសម្តែងក្តីព្រួយបារម្ភផងដែរ ពីទំហំនៃអំពើភេរវកម្ម ដែលចេះតែរីកធំឡើងៗ៕