(ភ្នំពេញ)៖ រហូតដល់ម៉ោងជិត១១៖០០ព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ រដ្ឋសភា បានអនុម័តទាំងស្រុងនូវរបៀបវារៈទាំងអស់ នៅក្នុងកិច្ចប្រជុំសភាពេញអង្គនៅថ្ងៃនេះ ក្រោមសំឡេង៦៥លើ៦៥រូប ខណៈដែលសមាជិកសភារបស់គណបក្សប្រឆាំងអវត្តមាន។

កិច្ចប្រជុំសភាពេញអង្គនាពេលនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ហើយមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានកូរ៉ុមទាំង៦៥រូប។

តាមរបៀបវារៈ ចំនួន៤សំខាន់ៗ រួមមាន៖

ទី១.ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី ការគ្រប់គ្រងលើការបរិច្ចាគ ការផ្សំកោសិកា ជាលិកា និងសរីរាង្គមនុស្ស

ទី២.ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ ការអនុម័តយល់ព្រមលើពិធីសារអនុវត្ត កញ្ចប់កិច្ចសន្យាទី៧-ទី៨ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពី សេវាកម្ម 

ទី៣.ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង៣ចំណុចទៀត៖

1.​ កិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលទាំង១០ក្នុងអាស៊ាន និងរដ្ឋាភិបាលប្រទេសចិន
2. ពិធីសារទី១ ស្ដីពីការមិនកំណត់សិទ្ធិហោះហើរទី៣,ទី៤ រវាងចំណុចណាមួយ នៅក្នុងទឹកដីបណ្ដាភាគីចុះកិច្ចព្រមព្រៀង
3. ពិធីសារទី២ ស្ដីពីសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង​ និងទី៤.ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើពិធីសារវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន៕