(ភ្នំពេញ)៖ អគារ EXCHANGE SQUARE របស់ក្រុមហ៊ុន Hongkong Land ជាអគារអភិវឌ្ឍន៍ពហុមុខងារ ក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា ត្រូវបានប្រកាសជាផ្លូវការ ក្នុងពិធីបញ្ចប់ការសាងសង់​គ្រោងដំបូលអគារនេះហើយ ដែលមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាល សហគមន៍ធុរកិច្ច និងដៃគូសំខាន់ៗជាច្រើនរូបទៀត រួមមាន លោក Y K Pang អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Hongkong Land លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា និងលោក Raymond Chow នាយកប្រតិបត្តិក្រុមហ៊ុន Hongkong Land។

លោក Y K Pang អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Hongkong Land បានថ្លែងថា «នេះគឺជាជោគជ័យដ៏សំខាន់មួយរបស់អគារ EXCHANG SQUARE ដោយយើងបានប្រារព្ធពិធីរួមគ្នា ជាមួយ​តំណាងរាជរដ្ឋាភិបាល ដៃគូនានា និងភតិកៈរបស់យើង នៅទីតាំងអចលនទ្រព្យលំដាប់ពិភពលោកមួយនេះ ដែលស្ថិតក្នុងតំបន់ប្រកបដោយសក្ដានុពល ក្នុងរាជធានីភ្នំពេញ។ ​កំណើននៃការ​ចាប់អារម្មណ៍ និង​ការប្តេជ្ញាចិត្តពីភតិកៈ គឺជាសញ្ញាមួយបង្ហាញថា អគារ EXCHANGE SQUARE គឺកំពុងតែសម្រេចបានតាមចក្ខុវិស័យរបស់ក្រុមហ៊ុន ដើម្បីក្លាយជាកាតាលិករសម្រាប់សកម្មភាពជំនួញ​ និងហាងទំនើបនៅក្នុងរាជធានី នៃប្រទេសកម្ពុជា»

ក្នុងចំណោមភតិកៈការិយាល័យក្នុងអគារ EXCHANGE SQUARE រួមមានស្ថាប័នហិរញ្ញវត្ថុឈានមុខក្នុងតំបន់ ដូចជាធនាគារ CIMB Bank ធនាគារពិភពលោក និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក៏ដូចជាក្រុមហ៊ុនជំនួញរបស់ជប៉ុន Mitsui & Co. ផងដែរ។ ចំពោះភតិកៈហាងទំនើបសំខាន់ៗវិញ រួមមានក្រុមហ៊ុន Starbucks ក្រុមហ៊ុន Yves Rocher និង ផ្សារទំនើបលក់ម្ហូបឆ្ងាញ់ៗ ដែលគ្រប់គ្រងដោយដោយក្រុមហ៊ុនវិនិយោគរួមក្នុងរាជធានីភ្នំពេញ។

ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅដំណាច់ឆ្នាំនេះ អគារ EXCHANGE SQUARE ជាអគារការិយាល័យលំដាប់ថ្នាក់ទី1 (Grade A) និងជាផ្សារទំនើបបែបសម័យថ្មី។ នៅក្នុងដំណាក់កាលដំបូង អគារ EXCHANGE SQUARE នឹងផ្តល់ទំហំ ៣៩,៧០០ម៉ែត្រការ៉េ (39,700 ម2) សម្រាប់ទីតាំងការិយាល័យ និងហាងលក់ទំនិញ ក៏ដូចជាចំណតសម្រាប់រថយន្តរហូតដល់ទៅ៦៥០ គ្រឿងទៀតផង ហើយអគារ EXCHANGE SQUARE មានទីតាំងស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ ក្នុងតំបន់កំពុងរីកលូតលាស់ផ្នែកហិរញ្ញវត្ថុ និងជាតំបន់ហ៊ុំព័ទ្ធទៅដោយមហាវិថីសំខាន់ៗ។ ​​អចលនទ្រព្យនេះ រួមចំណែក​ដល់យុទ្ធសាស្ត្រ​របស់ក្រុមហ៊ុន Hongkong Land ក្នុងការបន្តជំរុញកំណើនប្រតិបត្តិការ ពាណិជ្ជកម្មអចលនទ្រព្យ របស់ក្រុមហ៊ុនមេ ក្នុងតំបន់ប្រមូលផ្តុំដោយអាជីកម្មនៅទូទាំងទ្វីបអាស៊ី។

ក្រុមហ៊ុន Hongkong Land មានឈ្មោះល្បីល្បាញចំពោះស្នាដៃសំណង់ ការគ្រប់គ្រងអចលនទ្រព្យ និងសេវាអតិថិជន ដែលប្រកបទៅដោយគុណភាពរបស់ខ្លួន ហើយក្រុមហ៊ុនកំពុងអនុត្ត នូវ​បទដ្ឋាន និងជំនាញឈានមុខក្នុងឧស្សាហកម្មនេះ ដើម្បីធ្វើការអភិវឌ្ឍ ដែលនឹងកំណត់បានជាបទដ្ឋានថ្មីមួយ សម្រាប់ការអភិវឌ្ឍផ្នែកពាណិជ្ជកម្មនៅកម្ពុជា៕