(ភ្នំពេញ)៖ គម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) នឹងបង្កើនល្បឿនអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពង្រីក​ការ​តភ្ជាប់បណ្តាញរវាងកម្ពុជា និងពិភពលោក។ នេះបើយោងតាមលោក Mohamad Izani Bin Karim មកពីក្រុមហ៊ុន Telekom Malaysia ។

ក្នុងកិច្ចសម្ភាសន៍កាលពីពេលថ្មីៗ ជាមួយសារព័ត៌មានពាណិជ្ជកម្មឈានមុខគេTelecom Asia លោក Izani Bin Karim នាយកគ្រប់គ្រង ទូទៅផ្នែក Carrier Network Development, Global & Wholesale របស់ក្រុមហ៊ុន Telekom Malaysia បានលើកឡើងអំពីសារៈសំខាន់ នៃខ្សែកាប្លិ៍ក្រោម​បាតសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់អាស៊ាន ពិសេសកម្ពុជា ដែលរហូតមកទល់នឹងពេលនេះ ហេដ្ឋារចនាសម្ព័ន្ធ អ៊ីនធឺណិតនៅមាន​កម្រិតទាបនៅឡើយ។

លោក Izani Bin Karim បានថ្លែងថា «កម្ពុជាកំពុងពឹងផ្អែកយ៉ាងខ្លាំងទៅលើបណ្តាញលើដីគោក ដោយសារកម្ពុជាត្រូវឆ្លងកាត់វៀតណាម ឬថៃ ដើម្បីតភ្ជាប់ជាមួយពិភពលោក ព្រមទាំងការទំនាក់ទំនងតាម​ប្រព័ន្ធផ្កាយរណប ដូច្នេះកម្ពុជា នៅមានភាពយឺតយ៉ាវ បើធៀបនឹង​ប្រទេស​ផ្សេងទៀត​ក្នុងតំបន់នេះ»

លោកបន្តថា ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ MCT មិនត្រឹមតែភ្ជាប់បណ្តាញចូលមកកាន់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំង មាន​បណ្តាញ​​សាកល្បងមួយ ដែលតភ្ជាប់ទៅកាន់ប្រទេសឡាវ និង មីយ៉ាន់ម៉ា ហើយដែលបណ្តាញនេះតភ្ជាប់ជាមួយថៃ និងវៀតណាម។

ក្រុមហ៊ុន Telcotech ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនផ្គត់ផ្គង់ សេវាអ៊ីនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា អ៊ីហ្ស៊ីខម ជាសមាជិកដ៏សំខាន់មួយ របស់​សម្ព័ន្ធក្រុមហ៊ុន ដែលនៅពីក្រោយគម្រោងខ្សែកាប្លិ៍​អុបទិកក្រោមបាតសមុទ្រ MCT រួមជាមួយនឹងក្រុមហ៊ុន Telekom Malaysia និងក្រុមហ៊ុន Symphony Communications របស់ប្រទេសថៃ។

លោក Yves Schaeffer អគ្គនាយកក្រុមហ៊ុនអ៊ីហ្ស៊ីខម បានឲ្យដឹងថា «ប្រព័ន្ធខែ្សកាប្លិ៍អុបទិកក្រោមបាតសមុទ្រ MCT នឹងផ្តល់ អត្ថប្រយោជន៍ ដល់​​ប្រទេស​នៅទូទាំងតំបន់ ដោយកម្ពុជានឹងមានភាព​ងាយស្រួលជាងមុន ក្នុងការតភ្ជាប់បណ្តាញជាមួយប្រទេសជិតខាង ក៏ដូចជាពង្រីកការតភ្ជាប់​បណ្តាញទៅកាន់ពិភពលោក។ ខណៈដែលសហគមន៍អាស៊ានកាន់តែរីកធំឡើង ប្រព័ន្ធខែ្សកាប្លិ៍នេះនឹងបើក ឱកាសកាន់តែប្រសើរថែមទៀត សម្រាប់ការទំនាក់ទំនង ការផ្លាស់ប្តូរវប្បធម៌ ដៃគូអាជីវកម្ម និងកិច្ចសហប្រតិបត្តិការ»។

ក្រុមហ៊ុនអ៊ីហ្ស៊ីខម ត្រូវបានបង្កើតឡើង ដើម្បីបម្រើសេចក្តីត្រូវការរបស់បណ្តា សហគ្រាសអាជីវកម្មទាំងឡាយ ព្រមទាំងអ្នកប្រើប្រាស់ នៅតាម​គេហដ្ឋាន ដែលកំពុងមានតម្រូវការកើនឡើង​យ៉ាងឆាប់រហ័ស​​ក្នុងទីផ្សារកម្ពុជា។ ចាប់តាំងពីបានបង្កើតឡើងនៅក្នុង ឆ្នាំ២០០៧ អ៊ីហ្ស៊ីខម បានក្លាយ​ខ្លួនជាអ្នកនាំមុខគេមួយ ក្នុងការផ្គត់ផ្គង់សេវាកម្មផ្នែកទំនាក់ទំនងថ្មីៗយ៉ាងសម្បូរបែប។

ពិសេសក្រុមហ៊ុនអ៊ីហ្ស៊ីខម ផ្តល់នូវសេវាខ្សែកាប្លិ៍អុបទិក ការទំនាក់ទំនងជាសំឡេងតាមអ៊ីនធឺណិត (VoIP) ការតភ្ជាប់ក្នុងស្រុក (VPN) និងដំណោះស្រាយតាមអ៊ីនធឺណិត និងទូរគនាមគមន៍ ដទៃទៀត។ ក្រុមហ៊ុនអ៊ីហ្ស៊ីខម បានទិញយក ក្រុមហ៊ុនខ្សែកាប្លិ៍អុបទិក Telcotech ដែលនឹងនាំមកនូវសេវាអ៊ីនធឺណិតដែលមានល្បឿនលឿន និងទុកចិត្តបំផុតមកកាន់ប្រទេសកម្ពុជានៅឆ្នាំក្រោយនេះ​តាមរយៈ ការបង្កើត​ខ្សែកាប្លិ៍អុបទិក​ក្រោមបាតសមុទ្រម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT)៕