(ភ្នំពេញ)៖ ក្មេងៗក្រីក្រដែលមានអាយុក្រោម ១៤ឆ្នាំមកពីអង្គការ និងសាលារៀននានានៅប្រទេសកម្ពុជាចំនួន៦ នឹងទទួលបានបទពិសោធន៍ ពីការលេងកីឡាបាល់ទាត់ ដែលធ្វើការបង្ហាញដោយកីឡាករចាំទីឆ្នើម ក្នុងក្រុមជម្រើសជាតិកម្ពុជា អ៊ុំ សេរីរ័ត្ន និងការប្រកួតពានរង្វាន់ U-14 ឆ្នាំ ចាប់ពីខែកក្កដា ដល់ខែតុលា ឆ្នាំ២០១៦ ផងដែរ។

កម្មវិធីនេះត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុនភ្នំពេញ ស៊ីធី សេនធ័រ ដើម្បីធ្វើការចែករំលែកបទពិសោធន៍ អំពីលេងបាល់ទាត់ដល់ក្មេងៗ​ ដែលកំពុងស្ថិតក្នុងការរីកលូតលាស់ធំធាត់ មកពីអង្គការក្រៅរដ្ឋាភិបាលចំនួន៤ និងសាលាបឋមសិក្សាចំនួន២ ជាមួយនឹងកុមារសរុប ៧២នាក់ មកពីអង្គការមិត្តសម្លាញ់ (Friend International) អង្គការមូលនិធិកុមារកម្ពុជា (Cambodian Childrend’s Fund) មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញដុនបូស្កូ (Don Bosco) អង្គការស្នាមញញឹមនៃកុមារ (Pour un Sourire d'Enfant) សាលាបឋមសិក្សាវត្តនាគវ័ន និងសាលាបឋមសិក្សាមិត្តភាព។

ក្មេងៗទាំងនេះនឹងត្រូវចូលរួមហ្វឹកហាត់ និងលេងកីឡាបាល់ទាត់ ក្រោមការបង្វឹកដោយកីឡាករបាល់ទាត់ ជម្រើសជាតិកម្ពុជាលោក អ៊ុំ សេរីរត្ន ដែលកំពុងប្រកបអាជីព ក្នុងក្លឹបក្រសួងការពារជាតិ និងលេងក្នុងឈុតធំជម្រើសជាតិកម្ពុជា នាពេលបច្ចុប្បន្នផងដែរ ចាប់តាំងពីឆ្នាំ២០១១ មកម្ល៉េះ។

លោកស្រី Claire Ng អនុប្រធាននាយកដ្ឋានទំនាក់ទំនងនៃក្រុមហ៊ុន Phnom Penh City Center បានមានប្រសាសន៍ថា «ការបង្កើតកម្មវិធីចែករំលែកបទពិសោធន៍បាល់ទាត់ និងការរៀបចំកម្មវិធីប្រកួតពានរង្វាន់បាល់ទាត់អាយុក្រោម១៤ឆ្នាំនេះ គឺជាការប្ដេជ្ញាចិត្តរបស់យើង ក្នុងការលើកកម្ពស់ ការរស់នៅ ក៏ដូចជាគុណភាពជីវិតសហគមន៍របស់យើង តាមរយៈការលេងកីឡា។ ខ្ញុំមានជំនឿថា កម្មវិធីនេះនឹងជួយបំផុសគំនិតដល់ក្មេងៗពីវិស័យកីឡាបាល់ទាត់ ក្រោយពីទទួលបានការចែករំលែកបទពិសោធន៍ ពីកីឡាករអគ្គរាជទូតសុឆន្ទៈរបស់យើង ហើយក៏បង្ហាញឲ្យក្មេងៗទាំង នេះយល់ដឹងពីសារសំខាន់ការអភិវឌ្ឍន៍ផ្នែកស្មារតី និងរូបវ័ន្ត វិន័យ និងការធ្វើការងារជាក្រុម ដែលជួយឲ្យពួកគេរឹងមាំ ក្លាហានទៅថ្ងៃអនាគត។ សំខាន់ជាងនេះទៅទៀត យើងចង់ឲ្យក្មេងៗ មានភាពសប្បាយរីករាយ និងរឹតចំណងមិត្តភាពរវាងគ្នានិងគ្នា ដែលចូលរួមក្នុងកម្មវិធីនេះ»។

លោក អ៊ុ សេរីរ័ត្ន បានថ្លែងថា «ខ្ញុំពិតជាសប្បាយរីករាយ ដែលបានក្លាយជាឯកអគ្គរាជទូតសុឆន្ទៈ របស់ក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័ ក្នុងកម្មវិធីប្រកួតបាល់ទាត់សម្រាប់កុមារក្រីក្រនេះ។ ខ្ញុំទន្ទឹងរង់ចាំការចែករំលែកបទពិសោធន៍របស់ខ្ញុំ ក្នុងនាមជាកីឡាករបាល់ទាត់ម្នាក់ ទៅដល់ក្មេងៗទាំងនោះ។ ខ្ញុំនឹងផ្តល់ក្តីប្រាថ្នា ផ្តល់ក្តីសង្ឃឹម និងលើកទឹកចិត្តពួកគេ ឲ្យតស៊ូជម្នះការលំបាកក្នុងជីវិរត»

លោកបន្តថា «គំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុន Phnom Penh City Center គឺពិតជាល្អមែនទែន ហើយខ្ញុំក្នុងនាមជាកីឡាករជម្រើសជាតិកម្ពុជាម្នាក់ ពិតជាមានមោទនភាព​ ដែលបានចូលរួមជួយក្មេងៗក្រីក្រតាមរយៈវិស័យកីឡាដូចកម្ម វិធីនេះ។ ជាចុងក្រោយខ្ញុំចង់ឲ្យក្មេងៗ និងយុវជនទាំងអស់ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ហើយងាកមកលេងកីឡាទាំងអស់គ្នា ដើម្បីទទួលបានសុខភាពល្អ»

សូមបញ្ជាក់ថា ដើម្បីចូលរួមគាំទ្រដល់ក្រុមបាល់ទាត់នីមួយៗ ក្រុមហ៊ុន Phnom Penh City Center បានឧបត្ថម្ភសម្ភារៈមានដូចជា ឯកសណ្ឋានកីឡា ទីលានលេងបាល់ទាត់ និងថវិកាក្នុង១ក្រុមៗ ទទួលបាន ៨០ម៉ឺនរៀលផងដែរ៕