(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានបញ្ជាក់ឲ្យដឹងថា ជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់ បានរួមចំណែកដ៏សំខាន់ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា និងរួមចំណែកក្នុងកំណែទម្រង់នានា ដែលរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ការធ្វើកំណែទម្រង់ទាំងនេះ គឺជាអាយុជីវិតរបស់ជាតិ។

សម្តេចបានស្នើឲ្យ អគ្គរដ្ឋទូតអាល្លឺម៉ង់ បន្តជួយជំរុញអ្នកវិនិយោគិនអាល្លឺម៉ង់មកបណ្តាក់ទុននៅកម្ពុជា ដើម្បីបង្កើនសក្តានុពល នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងអាល្លឺម៉ង់ និងកម្ពុជា ជំរុញអ្នកទេសចរអាល្លឺម៉ង់មកទស្សនាកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត ព្រមទាំងស្នើឲ្យជួយបង្កើនចំនួនអាហារូបករណ៍ សម្រាប់និស្សិតកម្ពុជាផងដែរ។

ការលើកឡើងរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានធ្វើឡើងខណៈសម្តេចអនុញ្ញាតឲ្យ លោក Joachim Baron von Marshall ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ចូលជួបសវនការនិងជម្រាបលា ដើម្បីវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា និងការរឹតចំណងមិត្តភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រជាជន និង ប្រទេសទាំងពីរនៅព្រឹកថ្ងៃ ទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ។

ក្នុងជំនួបនោះ លោក Joachim Baron Von Marshall ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន របស់ប្រទេសកម្ពុជា និងការរឹតចំណងមិត្តភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរ។

សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានសម្តែងការរីករាយ និងពេញចិត្ត ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ។ សម្តេច ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានរួមចំណែកក្នុងការ អភិវឌ្ឍប្រទេសកម្ពុជាតាមរយៈការផ្តល់ ជំនួយជាបន្តបន្ទាប់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ វិស័យសុខាភិបាល សាលាក្តីខ្មែរក្រហម កំណែទម្រង់ដីធ្លី សុខភាពមាតា និងទារក វិសហមជ្ឈការ សុវត្តិភាពម្ហូបអាហារ អភិបាលកិច្ចល្អ ការផ្តល់អាហារូបករណ៍សម្រាប់ការ បណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ ដែលរាជរដ្ឋាភិបាលកម្ពុជា បានកំពុងតែយក ចិត្តទុកដាក់យ៉ាងខ្លាំង និងកំពុងតែខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកែទម្រង់រដ្ឋបាលសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕