(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ​សារាចរណែនាំ ស្តីពីការរៀបចំ​សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០១៧ ដោយមាន​ការអញ្ជើញចូលរួមពីតំណាងគ្រប់ ក្រសួង-ស្ថាប័នរបស់រដ្ឋ ព្រមទាំងប្រធានអង្គភាព ថវិការបស់ក្រសួងស្ថាប័ន ដែលអនុវត្តថវិកាកម្មវិធីផងដែរ។ ​កិច្ចប្រជុំនេះបានប្រព្រឹត្តិ​ទៅ ​ក្រោមអធិបតីភាពរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ក្នុងនាមលោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោករដ្ឋលេខាធិការ វង្សី វិស្សុត បានថ្លែងថា ការរៀបចំកិច្ចប្រជុំនេះ មានគោលបំណងចែករំលែក គោលការណ៍សំខាន់ៗ, ព័ត៌មាន ការយល់ដឹងអំពីការរៀបចំ ថវិកាសម្រាប់ឆ្នាំ២០១៧ និងផ្លាស់ប្តូរមតិយោបល់ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំ ថវិកាកាន់តែមានការគិតគូរគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើឱ្យបានកាន់តែប្រសើរ ឡើង នូវផលប្រយោជន៍ របស់ ប្រទេសជាតិ, ការអភិវឌ្ឍប្រទេស និងការធានាបាននូវប្រតិបត្តិការ របស់រដ្ឋព្រមទាំងការបង្កើន គុណភាពសេវា សាធារណៈ។ កិច្ចប្រជុំនេះ ក៏មានគោលបំណងធ្វើការពិគ្រោះយោបល់ ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈ នៅក្នុងការ រៀបចំថវិកា ក្នុងគោលដៅដើម្បីបង្កើនទាំងប្រសិទ្ធភាពនៃការវិភាជន៍ថវិកា ទាំងប្រសិទ្ធភាព នៃកិច្ចប្រតិបត្តិការ ថវិកាជាពិសេសដើម្បីមាន ភាពងាយស្រួលក្នុងពេលចរចាថវិការ វាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនឹង សាមីក្រសួងស្ថាប័នទាំងអស់នៅក្នុងពេលឆាប់ៗ  ​ខាងមុខនេះ។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ប្រទេសដែលមានការរៀបចំ និងគ្រប់គ្រងថវិកាបានល្អ ប្រទេសនោះ តែងតែរួចផុតពីអន្ទាក់នៃ ភាពក្រីក្រ ហើយឈានទៅរកឯករាជ្យភាព និងភាពជាម្ចាស់លើជោគវាសនារបស់ខ្លួន ។ ដោយឡែកចំពោះប្រទេសដែលគ្មានមាយាទក្នុង ការគ្រប់គ្រងថវិកាវិញ ប្រទេសនោះរមែងតែងតែ វិនាស ហិនហោច ជំពាក់ពាក់បំណុលគេវ័ណ្ឌក ហើយបន្តស្ថិតនៅក្រោមគំនាបគេងើប ពុំរួច។ ដូច្នេះ ការគ្រប់គ្រងថវិកា ដើរតួនាទីសំខាន់ណាស់នៅក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិនីមួយៗ។

សម្រាប់ប្រទេសកម្ពុជា លោករដ្ឋលេខាធិការ វង្សី វិស្សុត បានលើកឡើងផងដែរថា ការរៀបចំថវិកាឆ្នាំ២០១៧ គឺប្រៀបប្រដូចទៅនឹងការ សាងសង់ស្ពានផង និងជាការបុកគ្រឹះផង។ ថវិកាជាស្ពាន គឺមានន័យថា ថវិកាឆ្នាំ២០១៧ គឺស្ពានចម្លងកម្ពុជាពីប្រទេសក្រីក្រទៅជា ប្រទេសចំណូលមធ្យម និងកាន់តែរីកចម្រើន។ ដោយឡែកចំពោះថវិកាជាការបុកគ្រឹះវិញ គឺមានន័យថា ថវិកាឆ្នាំ២០១៧ជាការកសាង ជន្ទល់ទ្រទ្រង់កំណើនសេដ្ឋកិច្ចរយៈពេលវែងសម្រាប់កូនចៅជំនាន់ក្រោយ ពោលគឺដើម្បីជាមូលដ្ឋានក្នុងឈានឡើងទៅជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក៏ប៉ុន្តែដោយសារស្ថានការណ៍ប្រែប្រួលរបស់ពិភពលោកនិងតំបន់,នៅចំពោះមុខនេះ កម្ពុជានឹងអាចជួបប្រទះនូវការលំបាកដែលទាមទារ ឱ្យយើងត្រូវធ្វើការរឹតខ្សែក្រវ៉ាត់ ឬនិយាយតាមបែបសាមញ្ញ គឺត្រូវមានការសន្សំសំចៃ និងបង្កើនប្រសិទ្ធភាពចំណាយដោយផ្តោតការ យកចិត្តទុកដាក់ទៅលើបញ្ហាគន្លឹះចំនួន ៤ គឺ៖
(ទី១)-ដោយសារសេដ្ឋកិច្ចរបស់ខ្លួនមានការបើកចំហរខ្លាំង,កម្ពុជាងាយក្នុងការទទួលរងឥទ្ធិពលពីខាងក្រៅ។ដូច្នេះហានិភ័យនៃវិបត្តិសេដ្ឋកិច្ចពិភពលោក បូករួមទាំងហានិភ័យបណ្តាលមកពីការចាក់ចេញរបស់ អង់គ្លេសពីតំបន់អ៊ឺរ៉ូ អាចបង្កឱ្យមានបញ្ហាធំៗឬវិបត្តិហើយកម្ពុជាគេច មិនផុតពីការទទួលរងនូវផលប៉ះពាល់ អវិជ្ជមានពីវិបត្តិនេះទេ។ក្នុងន័យនេះ កម្ពុជាត្រូវត្រៀមខ្លួនឱ្យបានល្អដើម្បីគ្រប់គ្រង ហានិភ័យពី វិបត្តិនេះ។ (ទី២)-ការត្រៀមខ្លួនឱ្យបានល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសបាតុភូតគ្រោះធម្មជាតិ ដែលអាចកើត ឡើងញឹកញាប់ជាងមុន   (ទី៣)-ធានាការឱ្យការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ឱ្យប្រព្រឹត្តិ ទៅបានជោគជ័យ ដោយរលូននិងមានសណ្តាប់ធ្នាប់ល្អប្រសើរ និង(ទី៤)-ការបន្តទ្រទ្រង់ដល់ចលនការ នៃការកែទម្រង់ និងការអភិវឌ្ឍសំខាន់ៗដើម្បីទ្រទ្រង់ កំណើនសេដ្ឋកិច្ចផង និងការដោះស្រាយខាងផ្នែកជីវភាព ជូនប្រជាជនផង។

ក្នុងគោលដៅខាងលើនេះ លោករដ្ឋលេខាធិការ វង្សី វិស្សុត បានស្នើសុំដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវមាន ការផ្លាស់ប្តូរទស្សនៈ ក្នុងការចាយវាយថវិកាជាតិ ពោលគឺត្រូវចេះធ្វើអាទិភាពភាវូប នីយកម្ម លើអាទិភាព ដើម្បីសម្រេចឱ្យបាននូវគោលបំណងគោល នយោបាយរបស់ក្រសួងស្ថាប័នខ្លួន ក៏ដូចជាការអភិវឌ្ឍរបស់ប្រទេស ដោយចាយវាយថវិកាអស់តិចបំផុតតាមដែលអាចធ្វើទៅបាន ហើយសម្រេច គោលដៅដែលបានដាក់ចុះ។ ក្នុងន័យនេះការបង្កើត អង្គភាពថវិកាឬការបងើ្កនកម្មវិធី មិនមែនសម្រាប់ តែដើម្បីបានបង្កើន ចំណាយថវិកា នោះទេ តែអ្វីដែលសំខាន់ គឺត្រូវគិតទៅដល់លទ្ធផល ដែលទទួលបាន។ ដូច្នេះការលើកកម្ពស់ប្រសិទ្ធភាព នៃការវិភាជន៍ ថវិកា គឺជាកត្តាសំខាន់បំផុត ព្រោះបើទោះបីទទួលបានថវិកា តិចមែន តែបើចាយចំមុខ ក៏អាច ទទួលបាននូវលទ្ធផលល្អប្រសើរផងដែរ។ បន្ទាប់មកទៀត ក៏ត្រូវគិតគូរផងដែរ ទៅដល់ប្រសិទ្ធភាព នៃ ប្រតិបតិ្តការ ថវិកានៅក្នុងពេលអនុវត្ត ពិសេសបញ្ហាថ្លៃ គុណភាព បរិមាណ និងរយៈ ពេល នៃការផ្គត់ផ្គង់ទំនិញ និងសេវា។ ដោយឈរលើគោលការណ៍ខាងលើនេះ ក៏ដូចជាកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈ ដំណាក់កាលទី៣ ដែលជាការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹង គោល នយោបាយ, ការរៀបចំថវិកា ឆ្នាំ២០១៧ នឹងមានការផ្សារភ្ជាប់ជាមួយនឹងគោលការណ៍ លើកទឹកចិត្តមួយចំនួន៖ (ទី១)-ក្រសួងស្ថាប័នណា ដែលបានខិតខំអនុវត្តការប្រមូលចំណូល មិនមែនសារពើពន្ធបានល្អប្រសើរ ក្រសួងស្ថាប័ននោះនឹង ទទួលបាន នូវការបង្កើនថវិកាបន្ថែម។ ដោយឡែកចំពោះក្រសួងស្ថាប័ន ណាដែល អនុវត្តមិនបានល្អតាមការរំពឹងទុកវិញ ក្រសួងស្ថាប័ននោះអាចនឹងមានការកាត់ថវិកា ហើយអាចឈានទៅកាត់ចំណែកប្រាក់ រង្វាន់ថែមទៀត (ទី២)-ក្រសួងស្ថាប័នណា ដែលអាចសម្រេចបាននូវវឌ្ឍនភាពល្អ ប្រសើរនៅ ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ, ក្រសួងស្ថាប័ននោះ ក៏ជាបេក្ខភាពក្នុងការ ទទួលបាននូវការបង្កើនថវិកាដែរ និង(ទី៣)-ក្រសួងស្ថាប័នណាដែលត្រូវ បានវាយតម្លៃថា អាចមានសមត្ថភាពការងារខ្ពស់នៅក្នុងការសម្រេច បាននូវលទ្ធផលល្អប្រសើរ ក៏អាចនឹងទទួលបាននូវការបង្កើន ថវិកាដូចគ្នាផងដែរ។

ពាក់ព័ន្ធនឹងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០១៧ លោករដ្ឋលេខាធិការ មានប្រសាសន៍ថាជារួម សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១៧ នឹងនៅតែអាច បន្តរក្សាបាននូវកំណើនយ៉ាងរឹងមាំ ប៉ុន្តែកម្ពុជាចាំបាច់ត្រូវដោះស្រាយ បញ្ហាកំណើនតិចរបស់វិស័យកសិកម្ម និងត្រូវធ្វើពិពិធកម្មផលិតផល និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ បន្ថែមទៀត ព្រមទាំងការយកចិត្តទុកដាក់ដល់ហានិភ័យនៃវិស័យ ឥណទាន និងអចលនទ្រព្យ។ ជាមួយគ្នានេះ កម្ពុជាត្រូវខិតខំបង្កើនការទាក់ទាញការវិនិយោគផ្ទាល់មកពីបរទេសបន្ថែមទៀត ជាពិសេសដើម្បីគាំទ្រ ដល់ការ អនុវត្តគោល នយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មតាមរយៈការ កាត់បន្ថយចំណាយខ្ពស់ ក្នុងការវិនិយោគ និងពាណិជ្ជ កម្មនិងធុរកិច្ច, ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក និងការបណ្តុះ បណ្តាល ជំនាញ ព្រមទាំងការកែលម្អស្ថាប័ន និងអភិបាលកិច្ច។

ចំពោះក្របខ័ណ្ឌចំណូលថវិកាវិញ រាជរដ្ឋាភិបាលនឹងបង្កើនការប្រមូលចំណូលចរន្តសរុបបន្ថែមឱ្យបានស្មើនឹង ០,៥៤% ធៀបនឹងច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ២០១៦ ដើម្បីឈានទៅសម្រេចឱ្យបាន ១៨,២៤% នៃ ផសស នៅ២០១៧ ដែលក្របខណ្ឌចំណូលនេះ បានឆ្លុះបញ្ចាំង អំពីការ ខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការកៀរគរចំណូលគ្រប់ ប្រភេទ ទាំងផ្នែកចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹង បន្តប្រឹងប្រែងខ្លាំងខ្លាជាងមុន ក្នុងការលើកកម្ពស់អនុលោមភាព ការពង្រីកមូលដ្ឋានពន្ធ ទន្ទឹមនឹងការ សម្រួល ដល់ការចុះបញ្ជីពន្ធដារ។ដោយឡែកចំណាយសរុបថវិការដ្ឋនៅឆ្នាំ២០១៧ ស្មើនឹងប្រមាណ ២៣,៣ នៃផសសហើយក្របខ័ណ្ឌ ចំណាយ ថវិកា នឹងបន្តតម្រង់ផ្តោតទៅលើការបង្កើនគុណភាពនៃសេវាធារណៈ និងគាំទ្រដល់ចលនកានៃការកែទម្រង់ស៊ីជម្រៅលើវិស័យ សំខាន់ៗ ជាពិសេសការបន្តដំឡើងប្រាក់បៀវត្សជូនមន្រ្តីរាជការ ដើម្បីឈានសម្រេច គោលដៅបៀវត្សអប្បរមាច្រើនជាង ១លានរៀលនៅ ឆ្នាំ២០១៨ ព្រមទាំងបង្កើនការវិនិយោគដើម្បីទ្រទ្រង់ កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។ នៅក្នុងឱកាសនោះដែរ រដ្ឋលេខាធិការ ក៏បានធ្វើការពន្យល់គោលការណ៍សំខាន់ៗ និងទិដ្ឋភាពបច្ចេកទេសមួយចំនួន ក្នុងការរៀបចំថវិកាដើម្បីឱ្យការរៀចំថវិកាកាន់តែមាន ភាពឆ្លើយ តបប្រកបដោយប្រសិទ្ធភាពទៅនឹងអាទិភាពគោលនយោបាយនានា របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដូចមានកំណត់ នៅក្នុង យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ៕