(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ បានសម្រេចឃុំខ្លួនជនជាប់ចោទ ប្រុស-ស្រី២នាក់ ដាក់ពន្ធនាគារ ពីបទចោទប្រកាន់ គំរាមថានឹងសម្លាប់ស្រ្តីថៅកែក្រុមហ៊ុនម្នាក់ ដែលគេដឹងថាជាសែស្រឡាយ ត្រកូលព្រះស៊ីសុវត្ថិ គឺមានឈ្មោះ ស៊ីសុវត្ថិ កែវសោមាករិថារកា អាយុ៣៩ឆ្នាំ សា្នក់នៅតាមផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ បានឃាត់ខ្លួនបុរស និងស្ត្រី២នាក់ ពាក់ព័ន្ធលើបណ្តឹងដែលចោទថា បានរៀបចំគម្រោងមនុស្សឃាតគិតទុកជាមុន លើពង្សសណ្តានសែស៊ីសុវត្ថិក្នុងរឿង គំនុំមុខរបរ។ ជនជាប់ចោទទាំង២នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ទី១ឈ្មោះ ណយ វណ្ណយុទ្ធ ហៅលី យ៉ុងវ៉ា ភេទប្រុស អាយុ៤០ឆ្នាំ និងទី២ឈ្មោះ មួន ច័ន្ទម៉ូនីកា ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១២D ផ្លូវបេតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ។
មន្រ្តីនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ការឃាត់ខ្លួនពួកគេទាំង២នាក់នេះ ធ្វើឡើងតាមពាក្យបណ្តឹងឈ្មោះ ស៊ីសុវត្ថិ កែវសោមាករិថារកា ភេទស្រី អាយុ៣៩ឆ្នាំ។ ក្រោយពីការឃាត់ខ្លួនពួកគេទាំងពីរនាក់ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ដើមចមឲ្យមានការឃាត់ខ្លួនជនសង្ស័យ ២នាក់នេះ គឺដំបូងឡើយជនសង្ស័យជាបុគ្គលិកក្រុមហ៊ុនរបស់ដើមបណ្តឹង។ ថ្ងៃមួយឈ្មោះ ណយ វណ្ណយុទ្ធ ហៅលី យ៉ុងវ៉ា មានបញ្ហា ជាមួយក្រុមហ៊ុន ត្រូវបានក្រុមហ៊ុនបញ្ឈប់ការងារ។ ពេលដើមបណ្តឹងបញ្ឈប់ពីការងារឈ្មោះ លី យ៉ុងវ៉ា ក៏បានទៅបើកក្រុមហ៊ុន មួយទៀត។

ពេលនោះអតិថិជនរបស់ក្រុមហ៊ុនដើមបណ្តឹងអត់ដឹងថា ឈ្មោះ លី យ៉ុងវ៉ា ឈប់ពីការងារ ក៏ចេះតែផ្ញើលុយកាក់មកឲ្យឈ្មោះ លី យ៉ុងវ៉ា ជាអ្នកទទួលដូចធម្មតា។ ស្រាប់តែពេលមួយ អ្នករកស៊ីនៅស្រុកថៃបានមកជួបគ្នាដើមបណ្តឹង ក៏ប្រាប់ថា បានផ្ញើលុយជាហូរហែ តាមរយៈឈ្មោះ លី យ៉ុងវ៉ា ដើម្បីទូទាត់ឲ្យក្រុមហ៊ុនលោកស្រីជាដើមបណ្តឹង។ ពេលឮអតិថិជនដៃគូថៃ និយាយយ៉ាងដូច្នេះលោកស្រីដើម បណ្តឹង ក៏ស្រឡាំងកាំងថា ឈ្មោះ លី យ៉ុងវ៉ា ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ ហើយក្រុមហ៊ុនមិនបានទទួលខុសត្រូវលើឈ្មោះ នោះទៀតទេ។ ក្រោយមកអតិថិជនថៃ ក៏ឈប់ផ្តល់លុយតាមរយៈឈ្មោះ លីយ៉ុងវ៉ា ដែលរឿងនេះហើយបានធ្វើឲ្យឈ្មោះ លី យ៉ុងវ៉ា ចាប់ផ្តើមខឹងក៏បានរៀបគំរោងប៉ុនប៉ងសម្លាប់ លោកស្រី ស៊ីសុវត្ថិកែវសោមាករិថារកា និងក្រុមគ្រួសារដែលជាដើមបណ្ដឹង។

គំរោងថានឹង សម្លាប់ដើមបណ្តឹងត្រូវបាននាង មួន ច័ន្ទម៉ូនីកា ជាអនុប្រធានក្រុមហ៊ុនថ្មី របស់លោក លី យ៉ុងវ៉ា ជាអ្នកចាត់ចែងរឿងនេះ។ នាង មួន ចន្ទ័ម៉ូនីកា បានស្គាល់បុរសម្នាក់ ហើយក៏បានទៅនិយាយប្រាប់បុរសនោះថា ឲ្យទៅសម្លាប់លោកស្រី ស៊ីសុវត្ថិ កែវសោមាក រិថារកា និងក្រុមគ្រួសារ។ ការនិយាយមិនបានគិតពីតម្លៃឈ្នួលនៃការសម្លាប់នោះទេ ផ្ទុយទៅវិញបុរសដែលនាង មួន ច័ន្ទម៉ូនីកា ប្រើឲ្យទៅសម្លាប់ ដើមបណ្តឹងមិនបានសម្លាប់ដូចការនិយាយគ្នានោះទេព្រោះបុរសនោះ ជាមនុស្សស្គាល់គ្នាជាមួយដើមបណ្តឹងដែរ ហើយបែរជាយក រឿងហ្នឹង ទៅទំលាយប្រាប់ដើមបណ្តឹងវិញ ទើបបានកើតចេញជាមានពាក្យបណ្តឹងថា ឈ្មោះណយវណ្ណយុទ្ធ ហៅលី យ៉ុងវ៉ា និងនាង មួន ច័ន្ទម៉ូនីកា រៀបគំរោងប៉ុនប៉ងមនុស្សឃាតគិតទុកជាមុនទៅលើដើមបណ្តឹង និងក្រុមគ្រួសាររហូតមានការប្តឹងផ្តល់ ហើយឈានទៅដល់ការចាប់ខ្លួនតែម្តង៕