(ភ្នំពេញ)៖ នៅមុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចនិរាករណ៍អនុក្រឹត្យបញ្ចប់តំណែង របស់ឧត្តមសេនីយ៍ផ្កាយ៣ ម៉ម ស្រ៊ីមវណ្ណា ក្រោយមានកិច្ចសន្យាយ៉ាងមុតមាំទទួលទោសកំហុស និងកែខ្លួន នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖  

«ខ្ញុំសប្បាយចិត្តណាស់ដែលបានដឹងថា ឧត្តមសេនីយ៌ ម៉ម ស្រ៊ីមវណ្ណា និងអនុសេនីយ៌ សូត្រ កញ្ញា បានជួបគ្នាហើយទទួលស្គាល់កំហុសរៀងៗ ព្រមទាំងបានប្តេជ្ញាចិត្តខិតខំកែប្រែកសាងខ្លួនឲ្យក្លាយទៅជាមន្ត្រីល្អដើម្បីបម្រើប្រទេសជាតិ។ ខ្ញុំសង្ឃឹមថា សកម្មភាពបែបនេះ នឹងកើតមានឡើងកាន់តែច្រើន ជាមួយមន្រ្តីរបស់យើងនៅទូទាំងប្រទេស។

នេះជាការប្រែក្លាយពីស្ថានភាពចាញ់ចាញ់ ដែលមានកន្លងមកទៅជាស្ថានភាព ឈ្នះឈ្នះ នៅប៉ុន្មានម៉ោងមុននេះ។ ក្នុងស្ថានភាព បែបនេះគ្មានការចាំបាច់ ដាក់វិន័យអ្នកណាទាំងអស់ ផ្ទុយទៅវិញខ្ញុំចាតទុកថាមន្ត្រីទាំង២ រូបបានជួយបង្កើតឡើងនូវវប្បធម៌នៃការផ្សះផ្សារ និងសាមគ្គីភាពក្នុងចំណោមមន្ត្រីរួមការងារបន្ទាប់ពីមានបញ្ហាជាមួយគ្នា។

ដើម្បីផ្តល់ឱកាសដល់មន្រ្តីដែលបានខិតខំបម្រើប្រទេសជាតិ ហើយបានទទួលស្គាល់នូវកំហុសរបស់ខ្លួន ខ្ញុំសម្រេចចិត្តនិរាករណ៌ចោលនូវ អនុក្រឹត្យដែលខ្ញុំបានចុះហត្ថលេខាលើករណី ឧត្តមសេនីយ៌ ម៉ម ស្រ៊ីមវណ្ណា កាលពីព្រឹកមិញនេះចាប់ពីពេលនេះតទៅ»៕