(ភ្នំពេញ)៖ ថ្លែងនាឱកាសទទួលជួបលោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ប្រាប់ឯកអគ្គរាជទូតថៃថា កម្ពុជាកំពុងស្វែងរកដៃគូវិនិយោគ ការសាងសង់ផ្លូវដែកល្បឿនលឿនពីភ្នំពេញ ទៅប៉ោយប៉ែត ដែលមានតម្លៃជាង ៤ពាន់លានដុល្លារ មានចម្ងាយ ៣៨២គីឡូម៉ែត្រ ខណៈបច្ចុប្បន្នគម្រោងផ្លូវដែកនេះបានសិក្សាសមិទ្ធលទ្ធភាពចប់សព្វគ្រប់ហើយ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមទៀតថា នៅក្នុងជំនួបរវាងសម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតីចិន ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន នាពេលកន្លងទៅថ្មីៗនេះ លោកប្រធានាធិបតីចិន បានគាំទ្រយ៉ាងខ្លាំងចំពោះគម្រោងផ្លូវដែកល្បឿនលឿនតភ្ជាប់ទៅថៃ តភ្ជាប់ទៅឡាវ និងតភ្ជាប់ទៅចិន និងបានផ្តល់ជំនួយ ៤៥លានដុល្លារដល់កម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ នៃគម្រោងផ្លូវដែកល្បឿនលឿនរបស់កម្ពុជានេះ។

កម្ពុជា និងថៃ ក៏ដូចជាប្រទេសនានាក្នុងមហាអនុតំបន់ទន្លេមេគង្គ អាចនឹងទាញបានអត្ថប្រយោជន៍យ៉ាងច្រើន ពីការដឹកជញ្ជូនតាមរយៈផ្លូវដែកល្បឿនលឿននេះ ដោយសារកម្ពុជាស្ថិតនៅចំកណ្តាល ដែលរំពឹងទុកថានឹងក្លាយជាមជ្ឈមណ្ឌលផលិត និងស្តុកទុកទំនិញឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយនាពេលខាងមុខ ហើយក្រៅពីដឹកទំនិញ ផ្លូវដែកល្បឿនលឿននេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរផងដែរ។

ទាក់ទងនឹងវិស័យដឹកជញ្ចូនតាមផ្លូវដែកនេះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យភាគីថៃ ពិនិត្យលទ្ធភាព ក្នុងការលើកកម្រិតផ្លូវដែកបច្ចុប្បន្ន ឱ្យទៅជាផ្លូវដែក ដែលមានខ្នាតទទឹងប្រវែង ១.៤៣៥មីលីម៉ែត្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូន ឱ្យកាន់តែមានប្រសិទ្ធភាព ងាយស្រួលក្នុងការតភ្ជាប់ និងកាត់បន្ថយការចំណាយពេលវេលាច្រើន។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យរាជរដ្ឋាភិបាលថៃ តាមរយៈឯកអគ្គរាជទូត ជួយពិនិត្យលទ្ធភាពក្នុងការចាត់តាំងសាស្ត្រាចារ្យ ឬអ្នកជំនាញការ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ ដោយផ្ទាល់ ឬតាមប្រព័ន្ធonline ក៏ដូចជាពិនិត្យលទ្ធភាពជួយជ្រោមជ្រែងដល់ដំណើរការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជាឱ្យមានជំនាញច្បាស់លាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូល រួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

លោកឯកអគ្គរាជទូត ក្នុងនាមរាជរដ្ឋាភិបាលថៃ ក៏បានសម្តែងនូវសុឆន្ទៈ និងសង្ឃឹមយ៉ាងមុតមាំថា តាមរយៈបេសកកម្មការទូតក្នុងអាណត្តិនេះលោកនឹងខិតខំអនុវត្តឱ្យសម្រេចបានសមិទ្ធផលថ្មីៗ ដែលរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាង រាជរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត។

សូមជម្រាបជូនដែរថាលោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា បានចូលថ្វាយសារតាំងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ០១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ហើយទំនាក់ទំនងការទូតផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៍ គិតមកដល់ពេលបច្ចុប្បន្ននេះ គឺមានរយៈពេល ៧២ឆ្នាំមកហើយ៕