(ភ្នំពេញ)៖ កម្មវិធីអភិបាលរាជធានី រដ្ឋធានីអាស៊ាន និងវេទិកាអភិបាលក្រុងអាស៊ានឆ្នាំ២០២២ ដែលរដ្ឋបាលរាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ទៅដោយជោគជ័យ ធ្វើឲ្យថ្នាក់ដឹកនាំរាជធានីភ្នំពេញ ក៏ដូចជាប្រមុខរាជរដ្ឋា ភិបាលពេញចិត្តយ៉ាងខ្លាំង។

ជាមួយនឹងលទ្ធផលបែបនេះ ដើម្បីជាការលើកទឹកចិត្តលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រគល់ប័ណ្ណសរសើរជូនមន្ត្រី និងកងកម្លាំងជាង២០០នាក់ ដែលពួកគាត់បានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតី ក្នុងការបំពេញតួនាទី-ភារកិច្ច ដែលថ្នាក់ដឹកនាំបានប្រគល់ជូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចស្នាដៃការងារ និងសមិទ្ធផលដ៏ត្រចេះត្រចង់សម្រាប់រាជធានីភ្នំពេញ។

ក្នុងពិធីសំណេះសំណាល ពិសារអាហារសាមគ្គី និងប្រគល់ប័ណ្ណសរសើរខាងលើនេះ បានធ្វើឡើងកាលពីរាត្រីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅភោជនីយដ្ឋាន ដឺ ធើរេស ធីខេ អគារលេខ៥៩ ផ្លូវលេខ៣៣៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

លោក ឃួង ស្រេង បានលើកឡើងថា កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន ឆ្នាំ២០២២ ដែលរដ្ឋបាលរាជធានីភ្នំពេញជាម្ចាស់ផ្ទះ បានខិតខំរួមគ្នារៀបចំ ដំណើរការ និងបិទបញ្ចប់ទៅដោយរលូនជោគជ័យ និងមានអត្ថន័យធំធេង ជាប្រវត្តិសាស្ត្រ កាលពីដើមខែធ្នូ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។

លោកពិតជាកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រធានលេខាធិការដ្ឋាន អភិបាលរងរាជធានីភ្នំពេញ ស្នងការ មេបញ្ជាការ គណៈនាយករដ្ឋបាល អភិបាលខណ្ឌទាំង១៤ ទីចាត់ការ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានី ភ្នំពេញ មន្ត្រីរាជការ កងកម្លាំង សហការី និងសមាជិក-សមាជិកាទាំងអស់ នៃក្រុមការងារ ដែលមានការប្តេជ្ញាចិត្តរួមគ្នាយ៉ាងមោះមុត យកអស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតី ក្នុងការបំពេញតួនាទី-ភារកិច្ច ដែលថ្នាក់ដឹកនាំបាន ប្រគល់ជូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានស្នាដៃការងារ និងសមិទ្ធផលដ៏ត្រចេះត្រចង់ សម្រាប់រាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបញ្ជាក់ថា «ស្នាដៃការងារ និងសមិទ្ធផលទាំងឡាយ ដែលយើងទាំងអស់គ្នា សម្រេចបាននាពេលកន្លងមក គឺមិនត្រឹមតែជាមហាកិត្តិយសដ៏ធំធេង របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ ប៉ុណ្ណោះទ ប៉ុន្តែថែមទាំងជាមោទនភាពថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ ដែលបានរំលេចឱ្យឃើញកាន់តែច្បាស់ពីសារៈសំខាន់ នៃតួនាទី-ភារកិច្ច របស់រាជធានី-រដ្ឋធានីអាស៊ាន ទីក្រុងសម្ព័ន្ធមេត្រី និងបណ្តាទីក្រុងអាស៊ានទាំងអស់ ថាជាឆ្អឹងខ្នងដ៏ចាំបាច់បំផុត នៃការអភិវឌ្ឍសហគមន៍អាស៊ាន ប្រកបដោយភាពប្រាកដនិយមខ្ពស់ ថែមទៀតផង»

លោកពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះអ្វីដែលយើងខិតខំ សម្រេចបាន ជាពិសេសការប្រគល់ភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយលោកជឿជាក់ថា ទោះបីយើងមានកិច្ចការ ស្មុគស្មាញ ឬ ស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏យើងនៅតែអាចសម្រេចបានជោគជ័យ ដោយសារកម្លាំងសាមគ្គី ជារៀងដរាប។

គួរបញ្ជាក់ថា អ្នកដែលទទួលបានប័ណ្ណសរសើរនេះ មានចំនួន២៣៧នាក់ ក្នុងនោះរួមមាន៖ លោកអភិបាលរងរាជធានីភ្នំពេញ, លោកស្នងការ, លោកមេបញ្ជាការ, គណៈនាយករដ្ឋបាល, អភិបាលខណ្ឌទាំង១៤, ទីចាត់ការ, មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ៕