(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញលោក ម៉ប់ សារិន បានកោតសរសើរអាជ្ញាធរមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់បង្ការទប់ស្កាត់បទល្មើស ព្រហ្មទណ្ឌ និងគ្រោះថ្នាក់ចរាចរណ៍ឱ្យបានថយចុះ ក្នុងខែកុម្ភៈ កន្លងមកនេះ។

ទន្ទឹមនេះកម្លាំងសមត្ថកិច្ច ក៏បានយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រឿងញៀន និងក្មេងទំនើង ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អផងដែរ។ ការកោតសរសើរបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កិច្ចប្រជុំសាមញ្ញ លើកទី៤៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក កែត ឆែ អភិបាលរងរាជធានីភ្នំពេញ។

លោក ហុក ហួលីម នាយករដ្ឋបាលស្តីទី នៃរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បទល្មើសព្រហ្មទណ្ឌកើតមាន ៤៧លើក/៥២លើក ថយចុះ ៥លើក ស្មើនឹង ៩.៦១%។ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បាន ៣៦ករណី ឃាត់ខ្លួន ៥៨នាក់។ បង្ក្រាបបទល្មើសគ្រឿងញៀន បាន១០៩ករណី ឃាត់ខ្លួន ១៩១នាក់ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង បាន ៧០ករណី ឃាត់ខ្លួន ១១៤នាក់ (សី ៥នាក់) ពីបទបង្កឱ្យបាត់សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន និងបានអនុវត្តវិធានការរដ្ឋបាល ដោយធ្វើកិច្ចសន្យាអប់រំប្រគល់ឱ្យអាណាព្យាបាលវិញ។ បង្ក្រាបល្បែងស៊ីសងខុសច្បាប់៖ បានចំនួន ៥ករណី ឃាត់ខ្លួន ៣៦នាក់ (ស្រី ២នាក់) ដកហូតបានសម្ភារពាក់ព័ន្ធមួយចំនួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។ បង្ក្រាបការជួញដូរមនុស្ស និងការពារអនីតិជន និងយេនឌ័រ បាន ១ករណី ឃាត់ខ្លួនម្នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី៤៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ បានពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ រួមមាន៖

*ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ
*ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងសេចក្តីសម្រេចស្ដីពីការកែសម្រួលប្រការ១ នៃសេចក្ដីសម្រេច លេខ ០៣១/២២ សសរ.ធ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមាររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣
*ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលប្រការ១ នៃសេចក្តីសម្រេច លេខ ០៦៧/២២ សសរធ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការ សម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣
*ពិនិត្យ និងអនុម័តលើសេចក្តីព្រាងពិន្ទុសូចនាករកម្មវិធីពានរង្វាន់សេវាសង្គមនៅថ្នាក់រាជធានីភ្នំពេញ ឆ្នាំ២០២២៕