(បាត់ដំបង)៖ រដ្ឋបាលបាត់ដំបង បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅ អនុវត្តការងារ ឆ្នាំ២០២៣ ដោយលើកយកប្រធានបទចំនួន៥ មកពិភាក្សា។

ប្រធានបទចំនួន៥រួមមាន៖

*ទី១៖ ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព
*ទី២៖ ការគ្រប់គ្រងដែនការពារអភិរក្ស ធនធានធម្មជាតិ
*ទី៣៖ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ជាមួយសហគមន៍និងដីផ្សេងៗ
*ទី៤៖ ការរៀបចំក្រុងបាត់ដំបងក្នុងការចូលរួមអនុវត្តគម្រោងទីក្រុឆ្លាត (SmartCity)
*ទី៥៖ ការងារវឌ្ឍនភាពនៃការរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈតាមទីប្រជុំជនក្រុង ស្រុក។

ប្រធានបទទាំង៥ ខាងលើនេះនឹងវាយតម្លៃ ឆ្លុះបញ្ចាំងកាន់តែមានភាពច្បាស់លាស់ទៅលើស្ថានភាពនៃការអនុវត្តការងារជាក់ស្តែង និងបញ្ហាប្រឈមនានាដែលនៅសេសសល់ ការរកដំណោះស្រាយ និងកំណត់ទិសដៅសម្រាប់អនុវត្ត នាពេលខាងមុខដើម្បីចូលរួមអភិវឌ្ឍនសេដ្ឋកិច្ចសង្គម ការដោះស្រាយជីវភាពរស់នៅប្រជាពលរដ្ឋ និងធានាសុខដុមនីយកម្មសង្គមជាតិ ព្រមទាំងធានាដំណើរការប្រក្រតីភាពនៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់រដ្ឋបាលខេត្តបានធ្វើឡើងក្រោមវត្តមានលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដោយការអញ្ជើញចូលរួមពីសំណាក់មន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្រ្តីរាជការចំនួន៤៥៤នាក់។

លោក ឆាយ ម៉ាទីណាល់ ជាអភិបាលរងខេត្តបានឡើងរាយការណ៍ពីលទ្ធផលការងារខាងលើគ្រប់វិស័យរបស់រដ្ឋបាលខេត្តបាត់ដំបង រយៈពេល១ឆ្នាំ ប្រចាំឆ្នាំ២០២២ កន្លងមក និងបានធ្វើបទអន្តរាគមន៍ក្រោមប្រធានបទទាំង៥មាន៖

*ការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព
*ការគ្រប់គ្រងដែនការពារអភិរក្ស ធនធានធម្មជាតិ
*ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋប្រជាពលរដ្ឋជាមួយសហគមន៍និងដីផ្សេងៗ
*ការរៀបចំក្រុងបាត់ដំបងក្នុងការចូលរួមអនុវត្តគម្រោងទីក្រុងឆ្លាត (SmartCity)
*ការងារវឌ្ឍនភាពនៃការរៀបចំសោភ័ណភាពសណ្ដាប់ធ្នាប់សាធារណៈតាមទីប្រជុំជនក្រុង ស្រុក។ តាមរយៈបញ្ចាំងស្លាយជូនអង្គសន្និបាតបានស្តាប់ ដោយបានបញ្ជាក់ពីបញ្ហាផ្សេងៗ កើតឡើងក្នុងខេត្តនៃឆ្នាំ២០២២ កន្លងមក។

ក្នុងឱកាសនោះលោក សុខ លូ បានធ្វើការបូកសរុបលទ្ធផលការងារសន្និបាត ប្រចាំឆ្នាំ២០២២ នៅថ្ងៃទី១ និងបានលើកឡើងពី
ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំង មន្រ្តីរាជការ ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងការទប់ស្កាត់ជំងឺកូវីដ រក្សាសន្តិសុខសណ្តាប់ធ្នាប់ និងបញ្ហាគ្រឿងញៀនជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

លោក សុខ លូ បានក្រើនរំលឹកដល់អភិបាលក្រុង ស្រុក មន្ទីរ អង្គភាព នានា កងកម្លាំងសមត្ថកិច្ចក្នុងខេត្ត បន្តខិតខំធ្វើការ
ជំនាញរបស់ខ្លួនដូចភ្លៀងរលឹម ក្នុងឆ្នាំ២០២៣នេះ ឱ្យបានល្អប្រសើរជាងមុន។

*នៅខេត្តបាត់ដំបងត្រូវបានសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី៤ ខណៈខេត្តបាត់ដំបង មានសក្កដានុពលច្រើនយ៉ាង ពិសេសមានចម្ការ ផ្លែឈើ ជាច្រើនមុខឆ្ងាញ់ល្អជាងគេ។
* ដីចម្ការនៅខេត្តបាត់ដំបងអាចដាំដំណាំឈើហូបផ្លែបានជាច្រើនប្រភេទ នៅគ្រប់ទីកន្លែង តាមក្រុង ស្រុក។ ទន្ទឹមនឹងនោះការដាំរបង កសាងផ្ទះ លើចំណីផ្លូវ ត្រូវហាមជាដាច់ខាតមិនឱ្យធ្វើឡើយ។
* រាល់ទំនាស់វិវាទដីធ្លី និងទំនាស់ផ្សេងៗទៀត ខេត្តយើងដោះស្រាយបានជាច្រើនណាស់មកហើយកន្លងមក។
* ទីក្រុងឆ្លាត (SMART CITY)នៅក្រុងបាត់ដំបងយើង មានសភាពល្អទៅៗ យើងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទជាបណ្តើរៗ រហូតដល់ទទួលបានចំណាត់ថ្នាក់លេខ១ ទីក្រុងស្អាតរំដួង៣ទង ៣ឆ្នាំជាប់ៗគ្នា និងចុងក្រោយនេះយើងបានទទួលជ័យលាភី លេខ១ ទេសចរណ៍អាស៊ាន និងទទួលបានលេខ១ ការរៀបចំបុណ្យឆ្លងឆ្នាំសកលល្អជាងគេផងដែរ។
*ខេត្តយើងត្រូវបានថ្នាក់លើឱ្យក្របខណ្ឌ២នាក់ តែយើងខ្វះត្រូវការរើសអ្នកគ្រប់គ្រងសម្រាមផង
*យើងត្រូវបន្តធ្វើចំពោះអ្នកលក់ដូរមុខលើជិតផ្លូវ កន្លែងខ្លះមានមិនសមរម្យទេ
*អនាគតយើងចង់ធ្វើបជ្ឈាដុតខ្មោចតាមទំនើបមួយនៅបាត់ដំបង
*ចប់ពីនេះយើងនឹងដល់ពេលចូលឆ្នាំខ្មែរនឹងត្រូវធ្វើសង្រ្កាន្តបាត់ដំបង បន្តទៀតផងដែរ។

សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តដើម្បីឆ្លុះបញ្ចាំងអំពីសមិទ្ធផល ដែលយើងសម្រេចបានក្នុងឆ្នាំ២០២២កន្លងមក និងបានខិតខំរួមគ្នារកដំណោះស្រាយរាល់បញ្ហាប្រឈមដែលកើតមានឡើងក្នុងការបំពេញតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋ ព្រមទាំងធ្វើការពិនិត្យបំពេញបន្ថែម កែលម្អនូវចំណុចខ្វះខាត សម្រាប់ធានាដល់ការអនុវត្តការងារក្នុងឆ្នាំ២០២៣ ឲ្យកាន់តែមានភាពល្អប្រសើរឡើង និងប្រសិទ្ធភាពជាងបណ្តាឆ្នាំកន្លងមក៕