(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ៥ខ្នង​ និងឆេះរាលដាលដល់ផ្ទះ​២ខ្នងទៀតប្រហែល​៣០%​ នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ នាវេលាម៉ោង៦និង៣០នាទីយប់​ថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចប្រើប្រាស់ឡានទឹកអស់ជាង៦០គ្រឿង។ សមត្ថកិច្ចជំនាញ​បានបញ្ជាក់ថា​ ករណីអគ្គិភ័យនេះបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី។

លោកវរសេនីយ៍ឯក​ ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យបណ្តាញព័ត៌មាន​ Fresh News ថា ករណីអគ្គិភ័យនេះ បង្កឡើងដោយម្ចាស់ផ្ទះ ឈ្មោះ ម៉ៅ​ ណាង​ ភេទស្រី​ អាយុ៨៥ឆ្នាំ មុខរបរនៅផ្ទះ​។ ផ្ទះនេះជាភេទសំណង់ថ្មក្រោមឈើលើ និងថ្មប្រក់ស័ង្កសីទំហំ​ ១០ម៉ែត្រ​ គុណ១០ម៉ែត្រ​ ចំនួន​១ខ្នង​ និងឈើលើថ្មក្រោម៤ខ្នងអស់ទាំងស្រុង​ ព្រមទាំងឆេះរោល​២ខ្នងទៀតប្រហែល៣០%។

ករណីនេះ ក៏មិនបានបណ្តាលឲ្យមានមនុស្សស្លាប់ ឬរបួសមនុស្សណាម្នាក់នោះទេ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកវរសេនីយ៍ឯក​ ព្រហ្ម យ៉ន​។

លោកវរសេនីយ៍ឯក​ ព្រហ្ម យ៉ន បានបន្តទៀតថា ករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានបាញ់ទឹកពន្លត់ នៅវេលា​ ៧៖៤០នាទីយប់​ ក្នុងនោះសមត្ថកិច្ចបានប្រើរថយន្តការិយាល័យអគ្គិភ័យ១៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤៥ឡាន ក្នុងនោះរថយន្តជំនួយមានរថយន្តក្រសួងមហាផ្ទៃ ២គ្រឿង​ ប្រើប្រាស់ទឹកអស់ ២ឡាន រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន រថយន្តទីក្រុងកោះនរា​១គ្រឿង​ ប្រើប្រាស់ទឹកអស់១ឡាន​ រថយន្តកងពលតូចលេខ​៧០​ចំនួន៤គ្រឿង​ និងរថយន្តក្រុមហ៊ុន​ OCIC ជ្រោយចង្វារ​៦គ្រឿង​។

សូមបញ្ជាក់ថា នៅម៉ោង ២និង៥០នាទីយប់រំលងអាធ្រាត្រ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ មានករណីអគ្គិភ័យមួយបានកើតឡើង នៅចំណុចយានដ្ឋានជួសជុលរថយន្ត ហ្គោល ធិច (Gold Tech) ដីឡូលេខ៣៨ តាមបណ្តោយផ្លូវលេខ៦០៨ ក្រុម៤៣ ភូមិ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បានបណ្តាលឲ្យឆាបឆេះខូចខាតរថយន្ត Toyota Pruise 05 ពណ៌មាស ចំនួន ០១គ្រឿង ម៉ាក Ford Transit ១៩ ពណ៌ស ចំនួន ០១គ្រឿង, ម៉ូតូម៉ាក Honda Wave ចំនួន ០១គ្រឿង និងប្រេងម៉ាស៊ីន Castrol ចំនួន ៣០កេស ចំពោះប្រភេទសំណង់ខាងលើ គឺជាថ្មបេតុងប្រក់ស័ង្កសី ដែលមានទំហំ ១៥ម៉ែត្រ x ៣០ម៉ែត្រ។

ដោយឡែក នៅម៉ោង៣៖៤០នាទីយប់រំលងអាធ្រាត្រ ក៏មានអគ្គិភ័យមួយ កើតឡើងនៅចំណុចផ្ទះលក់ឥវ៉ាន់ចាប់ហួយ ផ្ទះលេខ២៣៣ តាមបណ្តោយផ្លូវ២១៧ ក្រុម០៦ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ បានបណ្តាលឲ្យឆាបឆេះខូចខាតម៉ូតូ Yamaha FZ ចំនួន ០១គ្រឿង និងឥវ៉ាន់ចាប់ហួយអស់ប្រហែល ៣០%ភាគរយ ផ្ទះល្វែងថ្មបេតុង ទំហំ ៥ម៉ែត្រ x ៣០ម៉ែត្រ និងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ បណ្តាលមកពីការឆ្លងចរន្តភ្លើង តែមិនមានអ្នកណាម្នាក់រងរបួស និងប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋនោះឡើយ។

ជាចុងក្រោយ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានសំណូមពរដល់បងប្អូនប្រជាពរលដ្ឋទាំងអស់គ្នា មេត្តាប្រុងប្រយ័ត្នឲ្យខ្ពស់បំផុត ដោយសារតែមួយរយៈនេះ អាកាសធាតុមានការក្តៅខ្លាំង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មុនធ្វើដំណើរចាកចេញពីលំដ្ឋានទៅកាន់តំបន់កំសាន្ត និងទៅកន្លែងធ្វើការក្តី ត្រូវធ្វើការបិទនៅប្រព័ន្ធភ្លើងឲ្យបានត្រឹមត្រូវមុន នឹងធ្វើការចាកចេញពីលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​សរុបតាំងពីដើ​មខែមករា​ រហូតមកដល់ខែមីនា​ ឆ្នាំ២០២៣ មានករណីអគ្គិភ័យចំនួន​៣៨ ក្នុងនោះ​មាន​៖​

*ឆ្លង​ចរន្ត​អគ្គីសនី ចំនួន ២៤ករណី
*ឆ្លងចេញពីក្បាលអាគុយឡាន ចំនួន ៤ករណី
*បោះកន្ទុយបារីចំនួន ១ករណី
*ដុតធុបបង្កជាអគ្គិភ័យ ចំនួន ២ករណី
*ការដុតទៀនបង្កជាអគ្គិភ័យ ចំនួន ២ករណី
*ធ្លាយទុយោហ្គាស់បង្ករអគ្គិភ័យ ចំនួន ១ករណី
*ជាងផ្សារបង្កជាអគ្គិភ័យ​ ចំនួន​ ១ករណី
*ដុតសម្រាមបង្ករជាអគ្គិភ័យ​ ១ករណី​ ក្នុងនោះមានមនុស្សស្លាប់​ ចំនួន​ ៤នាក់​ (ប្រុស៣នាក់ ស្រីម្នាក់ និងរបួសរបួសមនុស្សប្រុស​១នាក់)៕