(ភ្នំពេញ)៖ ភាសាក៏ដូចជាធាតុមួយនៃអរិយធម៌ តែងតែមានការប្រែប្រួល រីកចម្រើនឬអន់ថយ និង ស្លាប់ទៅវិញ ស្របទៅតាមការរស់នៅរបស់សង្គមមនុស្ស និងតាមជាតិសាសន៍នីមួយៗ។ ដូច្នេះតាមការសិក្សាស្រាវជ្រាវ យើងឃើញថា ភាសាខ្មែរមានការវិវត្ដបីដំណាក់កាលធំៗ គឺ ១- ភាសាខ្មែរសម័យបុរាណ គិតចាប់តាំងពីសម័យដែលមានមនុស្សខ្មែរដំបូងឡើយ រហូតដល់សតវត្សរ៍ទី១៥ នៃគ្រិស្ដសករាជ។

នៅក្នុងសម័យកាលនេះ គេអាចចែកជាបីដំណាក់កាល ដែលក្នុងនោះមានភាសាខ្មែរសម័យបុរេប្រវត្ដិ រហូតដល់សតវត្សរ៍ទី១នៃគ.ស., ភាសាខ្មែរបុរាណសម័យមុនអង្គរ (សតវត្សរ៍ទី១ដល់សតវត្សរ៍ទី៨នៃគ.ស.), ភាសាខ្មែរបុរាណសម័យអង្គរ (សតវត្សរ៍ទី៩ដល់សតវត្សរ៍ទី១៥នៃគ.ស.), ២- ភាសាខ្មែរសម័យកណ្ដាល គិតចាប់ពីសតវត្សរ៍ទី១៦ដល់សតវត្សរ៍ទី១៩នៃ គ.ស. ដែលនៅក្នុងសម័យនេះ គេចាត់ជាសម័យសាត្រាស្លឹករឹត ប៉ុន្តែក៏នៅមានការចារនៅលើសិលាចារឹកផងដែរ។

នៅក្នុងសម័យកាលនេះ ភាសាខ្មែរមានភាពស្មុគស្មាញ និងជួបនូវវិបត្ដិជាច្រើន ដោយសារសង្គ្រាមឈ្លានពានពីបរទេសជិតខាង និងសង្គ្រាមផ្ទៃក្នុង ដែលធ្វើឱ្យភាសានិងសំណេរអក្ខរាវិរុទ្ធ នៃភាសាខ្មែរមានការធ្លាក់ដុនដាបយ៉ាងខ្លាំង ការរៀនសូត្រខ្វះឯកភាពគ្នា ការសិក្សារៀនសូត្រនៅវត្ដអារាម និង តំបន់រៀងៗខ្លួន ជាពិសេសនៅក្នុងការចារឬសរសេរសាត្រាមានការសរសេរខុសៗគ្នាសំណេរពាក្យមួយចំនួន។

រហូតមកដល់សម័យបារាំង ភាសាខ្មែរក៏បានធ្លាក់កិត្យានុភាពរបស់ខ្លួនមួយកម្រិតទៀត ហើយដោយជនជាតិបារាំងបង្ខំឱ្យរៀនភាសារបស់គេជាយាន លើសពីនេះទៅទៀត ជនជាតិបារាំងចង់ផ្លាស់ប្ដូរសំណេរអក្សរខ្មែរ ដោយប្រើជាសំណេរអក្សរឡាតាំងវិញ។ ទោះបីយ៉ាងណាក៏ដោយ ភាសាខ្មែរ និងអក្សរខ្មែរ មិនបានបាត់បង់នូវកិត្យានុភាពឡើយ ដោយការខិតខំប្រឹងប្រែងពីសំណាក់ព្រះសង្ឃនៅតាមវត្ដអារាមនានា និង ៣- ភាសាខ្មែរបច្ចុប្បន្ន គិតចាប់គិតពីចុងសតវត្សរ៍ទី១៩ រហូតមកដល់បច្ចុប្បន្ននេះ។

ចំពោះដើមកំណើតអក្សរខ្មែរវិញ ដំបូងឡើយជនជាតិខ្មែរពុំមានអក្សរប្រើនៅឡើយទេ លុះមកដល់សម័យនគរភ្នំ (ហ្វូណន) គេបានរកឃើញសិលាចារឹកមួយផ្ទាំង សរសេរជាភាសាសំស្ក្រឹត បែបអក្សរព្រាហ្មី ក្នុងភូមិភាគញ៉ាត្រាង (វៀតណាមខាងត្បូងបច្ចុប្បន្ន) ប្រមាណស.វ.ទី២-៣នៃគ.ស.ក្នុងរាជ្យរបស់ ព្រះបាទស្រីមារៈ(តាមឯកសារចិនហៅថា ព្រះបាទហ្វាន់ចេម៉ាន់) ហៅថា សិលាចារឹកវ៉ូកាញ់។ សិលាចារឹកនេះ គេចាត់ទុកថា ជាសិលាចារឹកខ្មែរមុនដំបូងគេបង្អស់។
ដូច្នេះយើងអាចសន្និដ្ឋានបានថា ខ្មែរបានខ្ចីតួអក្សរព្រាហ្មី (ឥណ្ឌាប៉ែកខាងត្បូង) មកប្រើដើម្បីកត់សូរភាសារបស់ខ្លួន។ ចំពោះសិលាចារឹកដែលប្រើភាសា និងអក្សរខ្មែរបុរាណដែលវិវត្តចេញពីតួអក្សរ នៃសិលាចារឹកវ៉ូកាញ់នេះ គេប្រទះឃើញសិលាចារឹកសរសេរជាភាសាខ្មែរមុនដំបូងគេ នៅវត្ដទួលគំនូរក្នុងស្រុកអង្គរបុរី ខេត្ដតាកែវ ដែលបានចុះបញ្ជីសិលាចារឹកវត្ដគំនូរ K.៦០០។ សិលាចារឹកនេះមានចុះកាលបរិច្ឆេទឆ្នាំ៥៣៣ នៃមហាសករាជ ត្រូវនឹងឆ្នាំ៦១១នៃគ.ស.។

នាពេលបច្ចុប្បន្ននេះ មហាជនបានផ្ទុះការរិះគន់ទៅលើពាក្យ «ខ្មែរធ្វើបាន» ដែលសរសេរនៅលើបដានាខេត្តព្រះសីហនុ នៅតាមបណ្ដាញសង្គម ថាជាសំណេរមិនត្រឹមត្រូវដោយការមើលឃើញសញ្ញាស្រៈ «ែ» បញ្ច្រាសទៅវិញ ដែលខុសពីសញ្ញាស្រៈ «ែ» នាពេលបច្ចុប្បន្ននេះ។

តាមសិក្សាស្រាវជ្រាវនៅលើសិលាចារឹក និងសាត្រាស្លឹករឹតនៅសម័យកណ្ដាល យើងសង្កេតឃើញថា សំណេរសញ្ញាស្រៈ«ែ»មានប្រើនៅក្នុងសិលាចារឹកវត្តធ្លក (Vat Talok) ដែលចុះបញ្ជីដោយលោក ហ៊្សក សេដែស K.៨៩២ ប្រហែលក្នុងសតវត្សរ៍ទី១៩ តាមរយៈសិលាចារឹកនេះ យើងនឹងបង្ហាញពីសំណេរដែលប្រើសញ្ញាស្រៈ«ែ»

ដូចមានក្នុងពាក្យ មហាជាត២កាំពី្យ ព្រះតេមេ២ខ្សែ ព្រះជិនុក២ខ្សែ...

 (រូបភាពស្រង់ពី ANCIEN INSCRIPIONS OF CAMBODIA សិលាចារឹកបុរាណរបស់កម្ពុជា, VOLUME IV RUBBINGS, UNV/UNDP PROJECT, Executed by UNECSO) និង ភស្ដុតាងមួយទៀត តាមរយៈសាត្រាស្លឹករឹត ដូចមានក្នុងពាក្យ នេះហ្នឹងថ្លាថ្លែង ហៃសាធុសប្បុរស...។

(រូបភាពសាត្រានេះ បានមកពីលោក អ៊ឹម ស៊ីថុល)

ដោយយោងទៅលើភស្ដុតាងទាំងពីរខាងលើនេះ សំណេរកន្សោមពាក្យ «ខ្មែរធ្វើបាន»នេះ មិនមានកំហុសអក្ខរាវិរុទ្ធនោះទេ។
ក្នុងនាមអ្នកសិក្សាស្រាវជ្រាវលើភាសានិងអក្សរខ្មែរម្នាក់ សូមកោតសរសើរដល់មហាជនទាំងអស់ដែលឈឺឆ្អាលចំពោះភាសានិងអក្សរខ្មែររបស់ជាតិ ដោយបារម្ភនិងខ្វះការឯកភាពលើសំណេរអក្ខរាវិរុទ្ធ៕

ដោយ៖ លោកបណ្ឌិត មាឃ បូរ៉ា ប្រធានវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា