(ភ្នំពេញ)៖ លោក មួង សុភ័ក្រ ប្រធានក្រុមអ្នកស្រាវជ្រាវវ័យក្មេង និងជាអតីតយុវជន១០០រាត្រី បានសម្តែងការសោកស្តាយដែលយុវជនកូនកាត់មួយចំនួន ដែលគាំទ្រអ្នកនយោបាយក្រៅប្រទេស ជាពិសេសវិទ្យុអាស៊ីសេរី និងលោក សម រង្ស៉ី ជាដើម ដែលនៅតែបន្តវាយប្រហាររលើសម្ព័ន្ធយុវជន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការធ្វើសកម្មភាពសង្គម និងបរិស្ថាន។

លោកចាត់ទុកថា អ្នកដែលបានរិះគន់លើក្រុមរបស់ខ្លួននេះ គឺកំពុងរត់តាមមនោគមន៍វិជ្ជាខាងក្រៅ ហើយបន្តុះបង្អាប់ក្រុមយុវជនដែលសហការរវាងខ្មែរនិងខ្មែរ ដើម្បីថែរក្សាសន្តិភាព អភិវឌ្ឍជាតិកុំឱ្យមានចលាចល។ ជាមួយគ្នានេះ ក្រុមយុវជនប្រឆាំងដែលរិះគន់ទាំងនោះ ក៏នៅតែបន្តប្រើប្រាស់នូវពាក្យលក់ឧត្តមគតិ សម្រាប់យុវជនដែលចូលរួមជាមួយរាជរដ្ឋាភិបាល។

លោកបញ្ជាក់ដូច្នេះថា៖ «សូមបងប្អូនជនរួមជាតិកុំយល់ច្រឡំថា យើងនៅក្នុងក្រុមប្រឆាំងយើងមានឧត្តមគតិ ហើយនៅពេលដែលយើងចូលរួមជាមួយរាជរដ្ឋាភិបាល យើងលក់ឧត្តមគតិ ការពិតវាមិនមែននោះទេ ព្រោះនេះយើងចូលមកសហការរវាងខ្មែរនិងខ្មែរគ្នាឯង ដើម្បីអភិវឌ្ឍ បន្តការសិក្សាស្រាវជ្រាវ លើបញ្ហាសង្គមផ្សេងៗតទៅមុខទៀត»

លោក មួង សុភ័ក្រ អំពាវនាវឱ្យក្រុមយុវជនទាំងអស់ ឈប់ចាញ់បោកនយោបាយមនោគមន៍វិជ្ជាក្រៅប្រទេស នយោបាយញុះញង់ ហើយគួរតែបញ្ឈប់ប្រើពាក្យលាបពណ៌លក់ឧត្តមគតិ មនសិការតទៅទៀតទៅ ហើយនៅខាងណាកន្លែងណាក៏យើងអាចចូលរួមសកម្មភាពដើម្បីបម្រើជាតិ និងសង្គមបានដែរ។

លោកបន្តថា ការបន្តលាបពណ៌ខ្មែរគ្នាឯង និងបន្តុះបង្អាប់ជាតិសាសន៍ខ្លួនឯង មិនឱ្យមានការអភិវឌ្ឍទៅមុខបាន នេះជាចំណុចអាក្រក់បំផុត។ លោកក៏អំពាវនាវដល់យុវជន សិស្ស និស្សិត កុំមានការយល់ច្រឡំថា ក្រុមយុវជនដែលចូលរួមជាមួយរាជរដ្ឋាភិបាល មិនមែនជាការលក់ឧត្តមគតិនោះទេ គឺជាសិទ្ធិស្របច្បាប់ សម្រាប់ធ្វើសកម្មភាពសង្គម និងបរិស្ថាន។ លោកអំពាវនាវឱ្យសង្គមស៊ីវិលផ្សេងទៀត ចូលរួមជាមួយក្រុមរបស់លោក ដើម្បីធ្វើសកម្មភាពសង្គមឱ្យបានកាន់តែច្រើន និងស្របច្បាប់ថែមទៀត៕

ខាងក្រោមនេះជាការលើកឡើងរបស់ លោក មួង សុភ័ក្រ៖