(កោះកុង)៖ ក្រុមគ្រូពេទ្យមកពី Lafett.MHAssociation នៃប្រទេសបារាំង បានសហការជាមួយក្រុមគ្រូពេទ្យមន្ទីរបង្អែកកោះកុង បានចុះពិនិត្យសុខភាពភ្នែក ជូនប្រជាពលរដ្ឋរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមីនា ឆ្នាំ២០២៣ និងផ្តល់វ៉ែនតាដោយឥតគិតថ្លៃ។

លោកវេជ្ជបណ្ឌិត ប៉ូវេត ដីតម៉ារិឆាល គ្រូពេទ្យឯកទេសផ្នែកនៃសមាគម Latett.MHAssociation បានថ្លែងថា លោក និងក្រុមការងារផ្នែកឯកទេសសុខភាពភ្នែក មានសេចក្តីសោមនស្សក្រៃលែងដោយមើលឃើញប្រជាពលរដ្ឋកម្ពុជា បានស្វាគមន៍ពួកគាត់ដោយសេចក្តីរីករាយការស្វាគមន៍ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ដែលធ្វើឱ្យពួកគាត់មានទឹកចិត្តសប្បាយរីករាយក្នុងការជួយពិនិត្យបញ្ហាសុខភាពផ្នែកឯកទេសភ្នែក ហើយក៏ជាសម្ព័ន្ធមិត្តមួយដ៏ល្អសម្រាប់ ប្រទេសកម្ពុជា និងប្រទេសបារាំង។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា «បើតាមការពិនិត្យផ្នែកឯកទេសសុខភាពឃើញថាពលរដ្ឋកម្ពុជាចាប់ពីអាយុ៤០ឡើង ភាគច្រើនមានបញ្ហាជំងឺភ្នែកដូចជាឡើងបាយភ្នែក ភ្នែកដុះកន្ទុយថ្លែន រមាស់ភ្នែក ស្រវាំងភ្នែកទឹកភ្នែកហូរ និងទឹកដក់ក្នុងកែវភ្នែក បញ្ហាទាំងអស់នេះ គឺបណ្តាលមកពីបញ្ហាកត្តាអាធាតុមិនល្អមានដីហុយ និងខ្វះអនាម័យមិនមានការប្រុងប្រយ័ត្នចំពោះសុខភាពភ្នែក»។

លោកបានបន្តថា ដោយមើលឃើញបងប្អូនប្រជាពលរដ្ឋកម្ពុជា មានបញ្ហាសុខភាពភាគច្រើន ពេទ្យក្រុមគ្រូពេទ្យនៅពេលបញ្ចប់បេសកម្មក្នុងប្រទេសកម្ពុជាវិលទៅប្រទេសបារាំងវិញ លោកនឹងពិភាក្សាជាមួយក្រសួងសុខាភិបាល ប្រទេសបារាំង ដើម្បីទំនាក់ទំនងគ្រូពេទ្យឯកទេសវះកាត់ភ្នែកមកប្រទេសកម្ពុជាម្តងទៀត ដើម្បីជួយពិនិត្យព្យាបាល និងវះកាត់ភ្នែកជូនប្រជាជនកម្ពុជា ដែលជួបបញ្ហាសុខភាពភ្នែក។

លោកវេជ្ជបណ្ឌិត ហៃ ឡៃ សុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានលើកឡើងថា ការរួមសហការរវាងក្រុមគ្រូពេទេព្យទាំង២ប្រទេស ចុះពិនិត្យសុខភាពភ្នែកលោកមានការសប្បាយចិត្ត និងទទួលស្វាគមន៍ជានិច្ច នេះសបញ្ជាក់ឱ្យឃើញថាក្រុមលោកគ្រូពេទ្យបារាំងពួកគាត់មកពិនិត្យសុខភាពភ្នែកជូនប្រជាពលរដ្ឋកម្ពុជា មានរយៈពេល៣ថ្ងៃ ដោយមិនតម្រូវឱ្យមានការបង់ថ្លៃសេវាឡើយ។

លោកបានបន្ថែមថា ការពិនិត្យបញ្ហាសុខភាពភ្នែករយៈពេល២ថ្ងៃនេះ ក្រុមលោកគ្រូពេទ្យខេត្ត និងក្រុមលោកគ្រូបារាំង ពិនិត្យ និងផ្តល់វ៉ែតាជូនពួកគាត់បានជិត ៣០០នាក់ផងដែរ។

លោកវេជ្ជណ្ឌិតក៏បានថ្លែងអំណរគុណដល់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងក្រុមលោកគ្រូពេទ្យប្រទេសបារាំង ផ្នែកឯកទេសភ្នែក មានការទំនាក់ទំនងគ្នាបានល្អរវាងអាជ្ញាធរ និងក្រុមលោកគ្រូពេទ្យបរទេស ដើម្បីមកពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាផ្នែកសុខភាព៕