(ភ្នំពេញ)៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានថ្លែងថា នៅឆ្នាំ២០២២ ជនជាប់ឃុំបានថយចុះ ០.៦ភាគរយ ខណៈជនជាប់ឃុំភាគច្រើនពាក់ព័ន្ធបទល្មើសគ្រឿងញៀន។

លោកថ្លែងបែបនេះ ក្នុងសន្និបាតផ្សព្វផ្សាយទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រោមអធិបតិភាព លោក ប៉ាវ ហម ផាន រដ្ឋលេខាធិការទទួលការងារអគ្គនាយកដ្ឋានពន្ធនាគារ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោក ឆែម សាវុធ បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថានភាពជនជាប់ឃុំគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ មានចំនួនសរុប ៣៧.៨៤០នាក់ (ស្ត្រី ២.៣៧៤នាក់) បើធៀបនឹងឆ្នាំ២០២១ មានការថយចុះប្រមាណ ០.៦ភាគរយ ស្មើនឹងចំនួន ២៣០នាក់ ដែលជាចំនួនតិចតួចប៉ុណ្ណោះ»

លោកបន្តថា ជនជាប់ទទួលថ្មីក្នុងឆ្នាំ២០២២ មានចំនួន ២០.១៤២នាក់ និងបានអនុវត្តដីកាឲ្យដោះលែង ២០.០៧៥នាក់។ ជនជាប់ឃុំភាគច្រើនពាក់ព័ន្ធបទល្មើសគ្រឿងញៀន ស្មើនឹង ៥២.៨២ភាគរយ ជនជាប់ឃុំជាទណ្ឌិត ចំនួន ១១.៥០៧នាក់ (ភាគច្រើនស្ថិតក្នុងនីតិវិធីតុលាការ) ជនជាប់ឃុំជាអនីតិជន ចំនួន ១.៦៤៥នាក់ ក្នុងនោះបានបញ្ជូនទៅក្រោមការគ្រប់គ្រងរបស់មណ្ឌលយុវនីតិសម្បទា ចំនួន ២៣០នាក់។

តាមរបាយការណ៍ដែលអានដោយលោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ ម៉ៅ សុភារម្យ អគ្គនាយករង និងជាប្រធាននាយកដ្ឋានរដ្ឋបាលសរុប បានឲ្យដឹងថា ក្នុងចំណោមជនជាប់ឃុំទាំង ៣៧.៨៤០នាក់ មានជនបរទេស ១.៧៧១នាក់ (ស្ត្រី ២៣៨នាក់) អនីតិជន ១.៦៤៥នាក់ (ស្ត្រី ៥៥នាក់) ស្ត្រីមានផ្ទៃពោះ ២៦នាក់ កូនតាមម្តាយ ១០៩នាក់ និងពិការ ៤៤២នាក់។

លោកបន្តថា ក្នុងចំណោមជនជាប់ឃុំសរុប ត្រូវបានបែងចែកជាប្រភេទ រួមមាន៖ ជនត្រូវចោទ ៦.១៣៧នាក់ ជនជាប់ចោទ ៤.៥០៣នាក់ ពិរុទ្ធជន ១៥.៦៩៣នាក់ និងទណ្ឌិត ១១.៥០៧នាក់។

បើតាមលោក ម៉ៅ សុភារម្យ ក្រៅតែពីជនជាប់ឃុំភាគច្រើនពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដែលស្មើនឹង ៥២.៨២ភាគរយ មានបទល្មើសលួចមានស្ថានទម្ងន់ទោស ១០.១៥ភាគរយ បទល្មើសលួច ៨.២ភាគរយ រំលោភសេពសន្ថវៈ ៦.១៧ភាគរយ បទល្មើសឃាតកម្ម ៥.៧៥ភាគរយ និងបទល្មើសផ្សេងៗ ១៦.៨៦ភាគរយ៕