(បាត់ដំបង)៖ លោក ហ៊ុត ពន្លឺ សមាជិកក្រុមប្រឹក្សាភិបាល នៃមូលនិធិជនពិការ តំណាងលោក រឿន រិទ្ធីរ័ត្ន ប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិជនពិការ និងលោកស្រី សរ សិទ្ធី ប្រធានការិយាល័យអធិការកិច្ច តំណាងលោក ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក នៃមូលនិធិជនពិការ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានចុះប្រគល់ផ្ទះថ្មីមួយខ្នង របស់មូលនិធិជនពិការ ធ្វើអំពីថ្មប្រកស័ង្កសីទំហំ ៤គុណ៦ម៉ែត្រ ជូនជនពិការក្រីក្រឈ្មោះ ឌឹម ឈីន ភេទប្រុស អាយុ៥៨ឆ្នាំ ជាជនពិការភ្នែកទាំង២ ដោយសារសង្គ្រាម។

សព្វថ្ងៃជនពិការក្រីក្រឈ្មោះ ឌឹម ឈីន រស់នៅភូមិអូរចំបក់ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ ពិធីប្រគល់នេះ មានការអញ្ជើញចូលរួមពីសាខាមូលនិធិជនពិការខេត្ត តំណាងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកស្រីមេឃុំត្រាង និងមន្ត្រីមូលដ្ឋានជាច្រើនរូបទៀតផងដែរ។

ក្នុងពិធីនេះ មូលនិធិជនពិការ ក៏បានផ្តល់ជូននូវអំណោយសប្បុរសធម៌របស់មូលនិធិជនពិការ សម្រាប់ផ្តល់ជូនដល់គ្រួសារជនពិការដែលទទួលបានផ្ទះថ្មី នូវថវិកាចំនួន១០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ២យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ និងមី១កេស។ បន្ថែមលើពីនេះសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានឧបត្ថម្ភនូវមុង១ ភួយ១ កន្ទេល១ និងកន្សែងជូតខ្លួន១ដុំ ជូនគ្រួសារម្ចាស់ផ្ទះផងដែរ។

គូរបញ្ជាក់ថា ផ្ទះមួយខ្នងនេះប្រើប្រាស់ថវិកា ដែលជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងថវិកា ពីសប្បុរសជននានា ដែលបានចូលរួមបរិច្ចាគថវិកាចូលហិបប្រាក់វិភាគទានសប្បុរធម៌មូលនិធិជនពិការ៕