(ភ្នំពេញ)៖ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ ជាខួបលើកទី៥៣ឆ្នាំ នៃការធ្វើរដ្ឋប្រហារ (១៨ មីនា ឆ្នាំ១៩៧០) ទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋ និងជា ដើមចមនាំឲ្យប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិលពេញផ្ទៃប្រទេស រហូតឈានដល់កើតមានរបបវាលពិឃាតថែមទៀតផង។

ការធ្វើរដ្ឋប្រហារនេះ កើតឡើងនៅអំឡុងពេលសម្តេចព្រះនរោត្តម សីហនុ កំពុងធ្វើដំណើរ​ទៅ អឺរ៉ុប សហភាពសូវៀត និងចិន ហើយបាតុកម្មប្រឆាំង វៀតណាម ទ្រង់ទ្រាយធំ​ជាច្រើន​បានផ្ទុះឡើងនៅភ្នំពេញ។ ក្រុមបាតុករបានវាយប្រហារស្ថានទូតវៀតណាមខាងជើង និង​វៀត​កុង (រដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្នសាធារណរដ្ឋវៀតណាមខាងត្បូង)។

មាន​មនុស្ស​៣​រូប​ជា​មេគំនិត​នាំឱ្យមាន​ព្រឹត្តិការណ៍​១៨​ ខែមីនា ឆ្នាំ១៩៧០ គឺទី១៖ ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ សិរិមតៈ, ទី២៖ សេនាប្រមុខ លន់ នល់ និងទី៣៖ អ៉ិន តាំ​, ដោយ​ហេតុនេះទើប​មនុស្ស​ទាំង​៣​រូបនេះ​ត្រូវបាន​គេ​ហៅថា «​មនុស្ស​១៨​មីនា»។​

សៀវភៅ​ឈ្មោះសាធារណរដ្ឋ​ខ្មែររបស់បណ្ឌិតសាស្ត្រាចារ្យ រស់ ចន្ត្រា​បុត្រ បាន​អះអាង​ថា ព្រឹត្តិការណ៍​រដ្ឋប្រហារ​កើតឡើង​ទៅ​បាន​ដោយសារ​មាន​ការសម្របសម្រួល​នៃការបន្លំ​របស់​មនុស្ស​ទី​៤ ​គឺ​វរៈសេនីយ៍ លន់ ណុន ដែល​ជា​ប្អូនប្រុស​បង្កើត​របស់ឧត្តមសេនីយ៍ លន់ នល់។​ ​លន់ ណុន ត្រូវបាន​គេ​ជឿ​ថា ​ជា​មនុស្ស​ខ្ចីដៃ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរី​មតៈ ធ្វើឱ្យ​រដ្ឋ​ប្រហារ​មួយ​នៅ​ប្រទេស​កម្ពុជា​ប្រកបដោយ​ជោគជ័យ។ លន់ ណុន បាន​ធ្វើការ​ជា​ច្រើនគឺ​អាច​និយាយថា ធ្វើ​ច្រើនជាង លន់ នល់ ដែល​ជា​បងប្រុស​ និងជា​មនុស្ស​ម្នាក់​ចេញ​មុខ​ទទួលខុសត្រូវ​ក្នុងការ​ធ្វើ​រដ្ឋប្រហារ​ទំលាក់​សម្តេច សីហនុ ទៅទៀត។

នៅក្នុងសម័យសង្គ្រាមនៅវៀតណាម ភ្នាក់ងារស៊ើបអង្កេតអាមេរិក CIA បានផ្តោតការយក​ចិត្តទុកដាក់ខ្ពស់មកលើប្រទេសកម្ពុជា ព្រោះជាប្រទេសដែលមានព្រំប្រទល់​ជាប់ប្រទេស​វៀតណាម ក្នុងគោលដៅប្រើប្រាស់ដែនដីនេះដើម្បីដាក់ពង្រាយទ័ព ឬទាញយកផល​ប្រយោជន៍​ភូមិសាស្ត្រ នយោបាយ ដើម្បីវាយកម្ទេចវៀតណាមខាងជើង ដែលប្រកាន់​យក​របបកុម្មុយនីស្ត។ ជាអកុសល សម្តេចព្រះនរោត្ត សីហនុ ដែលពេលនោះ ទ្រង់ជាព្រះ​ប្រមុខ​រដ្ឋ​កម្ពុជា ប្រកាន់យកនយោបាយ អព្យាក្រឹត្យ ដោយប្រកាសថា មិនបើកចំហចំពោះមហាអំណាចមួយនេះជាដាច់ខាត។

ដោយយល់ឃើញថា មានមនុស្សម្នាក់ដែលអាចអនុញ្ញាតឱ្យកម្ពុជា បើកទ្វារទទួលអាមេរិកបាននោះគឺលោកសេនាប្រមុខ លន់ នល់ ទើបប្រទេសមហាអំណាចមួយនេះ ជួយលោកឱ្យឡើងកាន់អំណាចនៅកម្ពុជា តាមរយៈការធ្វើរដ្ឋប្រហារទម្លាក់ព្រះប្រមុខរដ្ឋ សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។

ក្រោមការដឹកនាំរបស់សេនាប្រមុខ លន់ នល់ សេដ្ឋកិច្ចកម្ពុជាត្រូវធ្លាក់ចុះ ហើយភាពអត់​ឃ្លាន​បានកើតឡើង ប្រជាពលរដ្ឋកម្ពុជានៅតាមព្រំប្រទល់ ភាគខាងត្បូង ប្រឈមមុខនឹងការទម្លាក់គ្រាប់បែក ក្រោមស្នាដៃអាមេរិក ដែលមានន័យថា អាមេរិកត្រូវទទួលខុសត្រូវលើភាពវិនាសហិនហោចនេះ។ មិនតែប៉ុណ្ណោះក៏មានការចោទ ជាសំណួរថា តើ CIA ជាអ្នកត្រួសត្រាយផ្លូវសម្រាប់របបខ្មែរក្រហមមក​គ្រប់គ្រងប្រទេសកម្ពុជា ឬយ៉ាងណា?

នៅភាគខាងត្បូងប្រទេសកម្ពុជា បានរងការទម្លាក់គ្រាប់បែកដោយសហរដ្ឋអាមេរិក វាបានធ្វើឱ្យស្ថានភាពកម្ពុជាធ្លាក់ចុះដុនដាបជាខ្លាំង ដែលជាការបង្កើតឱកាសមាសសម្រាប់ខ្មែរក្រហម ចូលមកគ្រប់គ្រងប្រទេសកម្ពុជាបានយ៉ាងងាយស្រួល។ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ខ្មែរក្រហម បានសម្លាប់ប្រជាពលរដ្ឋខែ្មរអស់ជិតពាក់កណ្តាល។ ប៉ុន្តែ CIA និងពិភពលោកខាងក្រៅ បែរជាមិនបានដឹងពីរបបដ៏ឃោរឃៅទាំងនេះទៅវិញ។ ទោះជាយ៉ាងណា របបសាធារណៈរដ្ឋដែលដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ មានរយៈពេលតែ៥ឆ្នាំប៉ុណ្ណោះ។ ចំណែកជីវិតចុងក្រោយរបស់លោក លន់ នល់ ត្រូវបាន​ស្លាប់​នៅលើរដ្ឋហាវៃ សហរដ្ឋអាមេរិក នៅលើទឹកដីដែលជាមេខ្លោងរបស់ខ្លួន មិនបានស្លាប់នៅលើទឹកដីមាតុភូមិកម្ពុជានោះទេ។

ទម្រាំផ្ដួលរំលំសម្ដេចព្រះនរោត្តម សីហនុ ពីតំណែងព្រះប្រមុខសង្គម​រាស្ត្រនិយម​បាន ប្រទេសអមិត្តបានចំណាយពេលអស់ប្រមាណ១៥ឆ្នាំ ជាមួយនឹងការប្រើគ្រប់ល្បិច​កិច្ចកល​មួយរយជំពូក ដើម្បីតែសម្រេចនយោបាយបំផ្លាញសុខសន្តិភាពកម្ពុជា ខណៈដែលកម្ពុជាបានប្រកាសក្ដែងៗហើយថា មិនព្រមចូលបក្សសម្ពន្ធខាង​ណានោះឡើយ។

ស្របពេលនឹងខួប៥៣ឆ្នាំ នៃព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេច ព្រះនរោត្តម សីហនុ ពីតំណែងព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយម កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ Fresh News សូមដកស្រង់រឿងរ៉ាវស៉ីជម្រៅចែកជូនមិត្តអ្នកអានឱ្យបានជ្រាបកាន់តែច្បាស់ អំពីអាថ៌កំបាំងនៅពីក្រោយអំពើធ្វើរដ្ឋប្រហារនេះ។

សហរដ្ឋអាមេរិក និងទីភ្នាក់ងារ CIA រួមជាមួយប្រទេសអមិត្តដែលនៅជិតខាងផងនោះ បានចាប់ផ្ដើមសកម្មភាពប្រឆាំងនឹងសម្ដេចព្រះនរោត្តម សីហនុ តាំងតែពីឆ្នាំ១៩៥៥ មកម្ល៉េះ។ សហរដ្ឋអាមេរិក មានចរិតនយោបាយដាក់សម្ពាធមកលើប្រទេសណាដែលមិនរណបខ្លួន ក្នុងនោះកម្ពុជាក៏ជួបវាសនាបែបនេះដែរ។ ពួកគេបានប្រើឧបាយកលមួយរយជំពូកគ្រប់រូបភាព ដើម្បីបំបែករបបសង្គមរាស្ត្រនិយម ប្រសិនបើវិធីសាស្ត្រមិនបានសម្រេច ពួកគេប្ដូរវិធីសាស្ត្រមួយទៀត និងមានការចំណាយលុយដ៏ច្រើនអនេក ដើម្បីទិញក្បាលមនុស្សឱ្យចូលរួមក្នុងការផ្ដួលរំលំសម្ដេចព្រះនរោត្តម សីហនុ ប៉ុន្តែត្រូវបានសម្ដេចព្រះប្រមុខរដ្ឋកម្ចាត់ចោលទាំងអស់។

នៅដើមឆ្នាំ១៩៥៥ លោក ចន ហ្វូស្ទ័រ ឌូលេស (John Foster Dulles) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៃរដ្ឋបាលលោកប្រធានាធិបតី ដ្វាយ ឌី. អេសិនហៅវឺរ (Dwight D. Eisenhower) បានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយនៅក្នុងឆ្នាំដដែលនោះ ប្អូនប្រុសរបស់លោករដ្ឋមន្ត្រី គឺលោក អាល់ឡិន ឌូលេស (Allen Welsh Dulles) ក៏បានមកទស្សនកិច្ចនៅរាជធានីភ្នំពេញផងដែរ ដើម្បីបញ្ចុះបញ្ចូលឱ្យសម្តេចព្រះនរោត្តម សីហនុ ចូលរួមជាមួយអង្គការសេអាតូ (SEATO) រួមគ្នាទប់ស្កាត់ឥទ្ធិពលកុម្មុយនិស្ដនៅអាស៉ីអាគ្នេយ៍ ប៉ុន្តែសម្ដេចព្រះប្រមុខរដ្ឋមិនបានយល់ព្រមឡើយ។ សម្ដេច សីហនុ បានមានព្រះបន្ទូលទៅកាន់លោក ឌូលេស វិញថា «កម្ពុជាគ្មានបំណងសោះឡើយ ក្នុងការភ្ជាប់ខ្លួនចូលទៅផ្នែកណាមួយរបស់អង្គការយោធាសេអាតូ។ កម្ពុជាចេះមើលថែខ្លួនឯង និងអាចការពារព្រះរាជាណាចក្ររបស់ខ្លួន ក្នុងនាមជាប្រទេសអព្យាក្រឹត និងក្នុងនាមជាអ្នកគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមព្រះពុទ្ធសាសនា»។ នាយក CIA លោក ឌូលេស អស់អ្វីនិយាយតទៅទៀត ហើយក៏បោសគូទខោឡើងយន្តហោះត្រលប់ទៅវ៉ាស៉ីនតោនវិញទាំងខកចិត្ត។

កាលណោះ ប្រទេសថៃ និងវៀតណាមខាងត្បូង ក៏ជាសមាជិកនៃអង្គការសេអាតូនោះដែរ។ រដ្ឋាភិបាលពួកអមិត្តទាំងនេះតែងតែធ្វើទុក្ខបុកម្នេញតាមព្រំដែនរបស់កម្ពុជា និងព្យាយាមលូកលាន់ចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា តាមរយៈការគាំទ្រអ្នកដែលប្រឆាំងនឹងសម្ដេចព្រះនរោត្តម សីហនុ ថែមទៀតផង។ ដូច្នេះហើយទើបបានជាសម្ដេចព្រះនរោត្តម សីហនុ ចាត់ទុកថា អង្គការសេអាតូ គឺជាសម្ពន្ធមិត្តយោធាឈ្លានពាន ដែលប្រឆាំងដោយផ្ទាល់ជាមួយប្រទេសជិតខាង ហើយមនោគមវិជ្ជារបស់អង្គការនេះទៀតសោត គឺផ្ទុយស្រឡះពីសម្ដេចព្រះប្រមុខដែលប្រកាន់ជំហរអព្យាក្រឹត។

តាមរយៈទស្សនកិច្ចរបស់បងប្អូនត្រកូល ឌូលេស នៅឆ្នាំ១៩៥៥ នោះ ត្រូវបានគេមើលឃើញថា ជាចំណុចចាប់ផ្ដើមនៃការអនុវត្តនយោបាយដាក់សម្ពាធមកលើ ព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យកោះសន្តិភាពមួយនេះងាកទៅរកប្លុកលោកសេរី ប្រឆាំងជាមួយពួកកុម្មុយនិស្ដ។ ចាប់ពីពេលនោះមក ការបង្ខិតបង្ខំ និងការដាក់សម្ពាធមកលើប្រទេសកម្ពុជា បានបន្តជាហូរហែអស់រយៈពេលប្រមាណ ១៥ ឆ្នាំ រហូតទាល់តែពួកគេសម្រេចជោគជ័យបាន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។

ក្នុងស្ថានភាពដ៏តាងតឹងនៃបរិបទសង្គ្រាមត្រជាក់ ដើម្បីបញ្ជៀសកម្ពុជាពីភ្លើងសង្គ្រាម និងដើម្បីរក្សាតុល្យភាពរវាងប្លុកមនោគមវិជ្ជាសេរី និងកុម្មុយនិស្ដ ព្រមទាំងក្នុងគោលបំណងកាត់បន្ថយសម្ពាធនយោបាយពីសហរដ្ឋអាមេរិក និងអង្គការសេអាតូ សម្ដេចព្រះនរោត្តម សីហនុ បានសម្រេចជ្រើសរើសបន្ទាត់នយោបាយអព្យាក្រឹតមិនចូលបក្សសម្ពន្ធ។ ព្រះអង្គបានបង្កើនសកម្មភាពការទូតយ៉ាងសកម្ម ជាមួយបណ្ដាប្រទេសដែលមានគោលនយោបាយស្រដៀងនឹងកម្ពុជា។

ជាក់ស្ដែងនៅចន្លោះថ្ងៃទី១៨-២៤ ខែមីនា ឆ្នាំ១៩៥៥ សម្ដេចព្រះនរោត្តម សីហនុ បានយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសឥណ្ឌា និងបានចុះហត្ថលេខាជាមួយនាយករដ្ឋមន្ត្រី នេហ៍រុ (Jawaharlal Nehru) លើសេចក្ដីប្រកាសរួមស្ដីពីការរួមរស់ប្រកបដោយសន្តិសហវិជ្ជមាន។

បន្ទាប់ពីព្រះរាជទស្សនកិច្ចនៅប្រទេសឥណ្ឌា សម្ដេចព្រះនរោត្តម សីហនុ បានយាងចូលរួមសន្និសីទអាស៊ី-អាហ្វ្រិក នៅទីក្រុងបានឌុង (Bandung city) ប្រទេសឥណ្ឌូណេស៉ី ជាទីដែលមានវត្តមានថ្នាក់ដឹកនាំអន្តរជាតិចំនួន ២៩ ប្រទេស ហើយក៏ជាឱកាសដែលព្រះអង្គបានជួបជាលើកដំបូងជាមួយនាយករដ្ឋមន្ត្រីចិន លោក ជូ អេនឡាយ (Zhou Enlai) និងរដ្ឋមន្ត្រីការបរទេសវៀតណាមខាងជើង លោក ផាម វ៉ាន់ដុង (Pham Van Dong) ផងដែរ។

ក្នុងជំនួបនោះ លោក ជូ អេនឡាយ បានសួរមកកាន់សម្ដេចព្រះនរោត្តម សីហនុ ថា «តើព្រះអង្គនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកកសាងមូលដ្ឋានយោធា ឬចុះហត្ថលេខាចងជាសម្ពន្ធមិត្តជាមួយអាមេរិកដែរឬទេ?» សម្ដេចព្រះនរោត្តម សីហនុ បានឆ្លើយតបថា «ខ្ញុំនឹងមិនសម្របសម្រួលជាដាច់ខាត បើការសម្រេចចិត្តណាមួយនោះ ធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យជាតិរបស់កម្ពុជា»។ លោក ជូ អេនឡាយ បានសម្តែងការពេញចិត្តយ៉ាងខ្លាំង ចំពោះចម្លើយរបស់សម្ដេចព្រះនរោត្តម សីហនុ ហើយបានតបថា «កម្ពុជាមានសិទ្ធិពេញលេញក្នុងការការពារមាតុភូមិរបស់ខ្លួន និងអាចអំពាវនាវស្នើសុំជំនួយពីបរទេសបាន»

ជំនួបលើកដំបូងជាមួយនាយករដ្ឋមន្ត្រីចិននៅទីក្រុងបានឌុង ត្រូវគេមើលឃើញថា ជាចំណុចផ្តើមនៃការអនុវត្តគោលនយោបាយអព្យាក្រឹត តាមរយៈការរក្សាតុល្យភាពរវាងប្លុកមនោគមវិជ្ជាទាំងពីរ ហើយក៏ជាថ្ងៃដំបូងដែលនឹងទាញកម្ពុជារំកិលទៅរកមាត់ជ្រោះនៃសង្គ្រាមផងដែរ។

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៥៦ សម្ដេចព្រះនរោត្តម សីហនុ បានយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំចិនបានយល់ព្រម ផ្ដល់ជំនួយសេដ្ឋកិច្ចដល់កម្ពុជាដោយគ្មានលក្ខខណ្ឌ។ គេបានមើលឃើញថា ការយាងបំពេញទស្សនកិច្ចនៅប្រទេសចិននេះ ទំនងជាសម្ដេចព្រះនរោត្តម សីហនុ មានក្ដីសង្ឃឹមទៅលើជំនួយសេដ្ឋកិច្ចដ៏ច្រើនសន្ធឹកសន្ធាប់ និងរំពឹងថាអំណឹះតទៅ ចិននឹងមានឥទ្ធិពលអាចបង្អាក់រាល់សកម្មភាពអមិត្តរបស់ប្រទេសជិតខាងកម្ពុជាទាំងពីរបាន គឺប្រទេសថៃ និងវៀតណាមខាងត្បូង ដែលតែងធ្វើសកម្មភាពរំលោភបំពានមកលើអធិបតេយ្យភាពកម្ពុជាជារឿយៗ។ ចំណែកឯខាងភាគីចិនវិញ ទំនងជាបានចាត់ទុកថាកម្ពុជាគឺជាប្រទេសស្ថិតនៅទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ ហើយនយោបាលការបរទេសអព្យាក្រឹតរបស់កម្ពុជានោះទៀតសោត ក៏រឹតតែសំខាន់បំផុតសម្រាប់ចិនកុម្មុយនិស្ដ ដែលអាចជួយឱ្យចិនខ្លួនឯងគេចផុតពីការហ៊ុនព័ទ្ធមួយកម្រិតទៀត។

ក្រោយយាងត្រលប់ពីទីក្រុងប៉េកាំងភ្លាម សម្ដេចព្រះនរោត្តម សីហនុ បានបន្តរិះគន់យ៉ាងចាស់ដៃទៅលើអង្គការសេអាតូ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម ក៏បានប្រកាសជាលើកដំបូងពាក់ព័ន្ធនឹងការបដិសេធទំនាក់ទំនងដោយផ្ទាល់ ឬដោយប្រយោលជាមួយអង្គការមួយនេះ។ ការប្រកាសនូវជំហរនយោបាយបែបនេះ បានធ្វើឱ្យសហរដ្ឋអាមេរិក និងក្រុមប្រទេសសេអាតូ ជាពិសេសរាជរដ្ឋាភិបាលក្រុងបាងកក និងក្រុងព្រៃនគរ (យួនហៅទីក្រុងសៃហ្គន តែយើងខ្ញុំសូមសរសេរថា ទីក្រុងព្រៃនគរ ព្រោះជាឈ្មោះដើម និងទឹកដីដើមរបស់ខ្មែរយើង) កាន់តែខឹងសម្បា និងចាប់ផ្ដើមអនុវត្តនយោបាយដាក់សម្ពាធដោយចំហប្រឆាំងនឹងកម្ពុជា។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានសម្រេចផ្អាកការផ្តល់ជំនួយយោធា មកឱ្យរដ្ឋាភិបាលក្រុងភ្នំពេញជាបណ្តោះអាសន្ន។ ការផ្អាកផ្តល់ជំនួយជាបណ្តោះអាសន្ននេះ ត្រូវបានមជ្ឈដ្ឋានអ្នកតាមដាននយោបាយកម្ពុជាវាយតម្លៃថា គឺធ្វើឡើងក្នុងគោលបំណងបង្ហាញការមិនពេញចិត្តរបស់ខ្លួនមកលើកម្ពុជា ដែលយល់ព្រមទទួលយកជំនួយរបស់ចិន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៥៦ ខណៈជំនួយដែលផ្ដល់ឱ្យដោយចិននោះ គឺធ្វើឡើងតាមការព្រមព្រៀងគ្នាក្នុងពេលដែលសម្តេច សីហនុ យាងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង កាលពីខែកុម្ភៈ ឆ្នាំ១៩៥៦នោះ (ដូចបានសរសេរខាងលើ)។

ដោយវិធានការផ្អាកផ្ដល់ជំនួយ កៀបសង្កត់កម្ពុជាមិនបានដូចចិត្ត រដ្ឋាភិបាលក្រុងវ៉ាស៉ីនតោនបានញុះឱ្យរដ្ឋាភិបាលក្រុងបាងកក និងក្រុងព្រៃនគរ បានប្រកាសនយោបាយហ៊ុមព័ទ្ធសេដ្ឋកិច្ចប្រឆាំងនឹងរដ្ឋាភិបាលសង្គមរាស្ត្រនិយម ដោយពួកគេបានចល័តកងទ័ព និងឈរជើងនៅតាមបណ្ដោយព្រំដែនភាគខាងត្បូង និងភាគខាងលិចប្រទេសកម្ពុជា។ សកម្មភាពអមិត្តបែបនេះ ធ្វើឡើងក្នុងគោលបំណងបង្កផលវិបាកមកលើកម្ពុជា ពីព្រោះនៅសម័យនោះ ការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក គឺត្រូវឆ្លងកាត់ប្រទេសទាំងពីរនេះសិន ដូចជាការតភ្ជាប់ជើងហោះហើរជាដើម។

ប្រទេសអមិត្តទាំងពីរនេះបានឃោសនាកាន់តែខ្លាំងក្លាប្រឆាំងនឹងកម្ពុជាដោយចំហ យើងក៏ស្វះស្វែងរកលេសគ្រប់ជំពូក ដើម្បីទាមទារឱ្យពិនិត្យសើរើព្រំដែនសាជាថ្មី ក្នុងគោលបំណងកេងចំណេញ និងរំលោភបំពានមកលើដែលអធិបតេយ្យកម្ពុជា។ មិនតែប៉ុណ្ណោះ ពួកគេបានឃោសនាបំភិតបំភ័យថា សង្គ្រាមប្រឆាំងកម្ពុជានឹងផ្ទុះឡើងនាពេលឆាប់ៗនេះ។ នៅសម័យនោះ ប្រទេសថៃត្រូវបានដឹកនាំដោយ សារិត ថាណារ៉ាត់ (Sarit Thanarat) រីឯប្រទេសវៀតណាមខាងត្បូងដឹកនាំដោយ ង៉ូ ឌិញយៀម (Ngo Dinh Diem) ដែលសកម្មជាងគេក្នុងការប្រឆាំងជាមួយកម្ពុជាតាមខ្សែញាក់អាមេរិក។

ប្រទេសទាំងពីរបានបញ្ជូនយន្តហោះរបស់ខ្លួនឱ្យហោះរំលោភចូលដែនអាកាសរបស់កម្ពុជាជាញឹកញាប់។ មានការឈ្លានពានពីសំណាក់កងទ័ពវៀតណាមខាងត្បូងចំនួន ៤៣ លើកមកលើដែនដីកម្ពុជា។ នៅខែកក្កដា ឆ្នាំ១៩៥៨ រដ្ឋាភិបាលក្រុងព្រៃនគរបានបញ្ជូនទាហានចំនួន ៣,០០០នាក់ ឱ្យចូលមកឈ្លានពានខេត្តស្ទឹងត្រែងរបស់កម្ពុជាឆៅៗតែម្ដង។ ចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ១៩៥៨ ទាហានវៀតណាមខាងត្បូងបានទន្ទ្រានរំលោភចូលដែនអធិបតេយ្យកម្ពុជាចំនួន២៩លើក។ រីឯនៅខាងព្រំដែនថៃឯណោះវិញ ក៏មានការឈ្លានពានដោយកងកម្លាំងយោធាថៃដូចគ្នាដែរ។

នៅចន្លោះខែមីនាដល់ខែឧសភា ឆ្នាំ១៩៥៨ ទាហានថៃបានរំលោភចូលទឹកដីកម្ពុជាចំនួន៦លើក។ ទន្ទឹមនឹងនេះ អ្នកនយោបាយជ្រុលនិយមរបស់ថៃបានបំផុសបំផុលឱ្យរដ្ឋាភិបាលក្រុងបាងកកទាមទារខេត្តចំនួន២ របស់កម្ពុជា គឺខេត្តបាត់ដំបង និងខេត្តសៀមរាប។ ស្ថានការណ៍បានវិវត្តកាន់តែអាក្រក់ ដោយសាររលកជាតិនិយមជ្រុល និងសន្ទុះប្រឆាំងនឹងកម្ពុជារីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសថៃ។ រដ្ឋាភិបាលក្រុងបាងកកបានប្រកាសបិទព្រំដែន និងដាក់ភាពអាសន្ននៅក្នុងខេត្តចំនួន ៦ ជាប់ជាមួយកម្ពុជា។ នៅខែវិច្ឆិកា ឆ្នាំ១៩៥៨ កម្ពុជាត្រូវបង្ខំចិត្តផ្ដាច់ទំនាក់ទំនងការទូតជាបណ្ដោះអាសន្នជាមួយនឹងរដ្ឋាភិបាលក្រុងបាងកក និងបានកោះហៅឯកអគ្គរាជទូតខ្លួនឱ្យវិលត្រលប់មកមាតុភូមិវិញដែរ។

រដ្ឋាភិបាលក្រុងវ៉ាស៉ីនតោនទំនងជាយល់ឃើញថា សម្ពាធរបស់ថៃ និងវៀតណាមខាងត្បូងតាមបណ្ដោយព្រំដែនជាមួយកម្ពុជា គឺជាអាវុធដ៏មានប្រសិទ្ធភាពមួយដែលអាចយកទៅប្រើប្រាស់ដើម្បីបង្ខំឱ្យសម្ដេចព្រះនរោត្តម សីហនុ ងាកមករកខ្លួនវិញ ប៉ុន្តែជាការយល់ខុសស្រឡះ។

ប្រឈមនឹងសភាពការបន្ទាន់ខាងលើនោះ សម្ដេចព្រះនរោត្តម សីហនុ បានស្នើអាមេរិកឱ្យប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនបញ្ចុះបញ្ចូល ង៉ូ ឌិញយៀម ឱ្យដកទ័ពចេញពីកម្ពុជា។ ប៉ុន្តែឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក ខាល ស្ត្រូម បែរជាឆ្លើយតបវិញថា «សហរដ្ឋអាមេរិកមិនអាចចូលជ្រៀតជ្រែក នៅក្នុងជម្លោះរវាងប្រទេសជិតខាងទាំងពីរ ដែលជាមិត្តរបស់ខ្លួនបានឡើយ»

អ្វីដែលកាន់តែហួសចិត្តទៀតនោះ គឺឯកអគ្គរដ្ឋទូតរូបនេះបានទូលថ្វាយសម្ដេច សីហនុ ទៀតថា «ជំនួយយោធារបស់អាមេរិកដែលផ្ដល់ឱ្យកម្ពុជា គឺសម្រាប់ប្រើប្រាស់ប្រឆាំងនឹងការឈ្លានពានរបស់ពួកកុម្មុយនិស្ដតែប៉ុណ្ណោះ ហើយកម្ពុជាមិនត្រូវប្រើប្រាស់សម្ភារសឹកនោះ ប្រឆាំងជាមួយប្រទេសសម្ពន្ធមិត្តអាមេរិកឡើយ។ ប្រសិនបើគ្រាប់កាំភ្លើងដែលជាជំនួយរបស់អាមេរិកមួយគ្រាប់ ត្រូវកងទ័ពកម្ពុជាបាញ់ទៅលើកងទ័ពវៀតណាមខាងត្បូង ឬសូម្បីតែរថយន្តមួយគ្រឿងដែលជាជំនួយអាមេរិក ត្រូវកម្ពុជាយកទៅដឹកញ្ជូនកងទ័ពទៅប្រយុទ្ធជាមួយកងទ័ពវៀតណាមខាងត្បូងនោះ អាមេរិកនឹងលុបចូលជំនួយទាំងអស់មិនខាន»

ប្រតិកម្មចំពោះការឌឺដងផ្លែផ្កានេះ សម្ដេចព្រះនរោត្តម សីហនុ បានប្រកាសជាចំហច្បាស់ៗថា «ការមិនឱ្យកម្ពុជាប្រើប្រាស់អាវុធជំនួយ ដើម្បីប្រឈមនឹងសត្រូវ គឺមានន័យថា សហរដ្ឋអាមេរិកកំពុងជាន់ពន្លិចកម្ពុជា និងរុញច្រានប្រទេសនេះឱ្យទៅក្នុងដៃប្លុកសង្គមនិយមជាមិនខាន»

ដោយធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ សេដ្ឋកិច្ច យោធា មិនអស់ចិត្ត សហរដ្ឋអាមេរិកបានជំរុញឱ្យនាយកមន្ត្រីថៃ សារិត ថាណារ៉ាត់ ជួយគាំទ្រចលនាឧទ្ទាម «ខ្មែរសេរី» ក្រោមការដឹកនាំរបស់ សឹង ង៉ុកថាញ់។ រដ្ឋាភិបាលក្រុងបាងកកបានផ្ដល់ទីតាំងកសាងជំរំហាត់ទ័ព និងកសាងស្ថានីយវិទ្យុផ្សាយសំឡេង ដើម្បីប្រឆាំងនឹងគោលនយោបាយរបស់សម្ដេច សីហនុ។ ចលនានេះត្រូវបានគេដឹងជាទូទៅថា បានទទួលការហ្វឹកហ្វឺនបំពាក់បំប៉ន និងគាំទ្រដោយស៉ីអាយអេ ដែលប្រចាំការនៅទឹកដីថៃ។ ស៉ីអាយអេក៏៏បានទាកទាញទឹកចិត្តចលនាមួយផ្សេងទៀត គឺ «ចលនាខ្មែរក្រោម» ដែលមាននិន្ននាការប្រឆាំងសម្ដេចព្រះនរោត្តម សីហនុ ដូចគ្នា ខណៈចលនានេះធ្វើប្រតិបត្តិការក្នុងទឹកដីកម្ពុជាក្រោម។ ចលនាខ្មែរ និងចលនាខ្មែរក្រោម បានទទួលការជ្រើសរើស ការផ្គត់ផ្គង់ហិរញ្ញវត្ថុ ការបំពាក់អាវុធ និងការហ្វឹកហាត់ពីសំណាក់ពួកស៉ីអាយអេ និងពួកមួកប៉េរ៉េបៃតង ដែលជាកម្លាំងពិសេសរបស់សហរដ្ឋអាមេរិក។ ពួកគេមានគោលដៅដូចគ្នា គឺបះបោរប្រឆាំងនឹងរដ្ឋាភិបាលសង្គមរាស្ត្រនិយម ទម្លាក់សម្ដេចព្រះនរោត្តម សីហនុ។

ស្របពេលដែលកម្ពុជាកំពុងទទួលរងសម្ពាធពីកម្លាំងខាងក្រៅកាន់តែខ្លាំង ក្រុមស្ដាំនិយម រួមទាំងមន្ត្រីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលកម្ពុជា ក៏ចាប់ផ្ដើមនាំបញ្ចេញសកម្មភាពប្រឆាំង នឹងគោលនយោបាយអព្យាក្រឹតដោយចំហផងដែរ។ អ្នកជំនិតនឹងសម្ដេចព្រះនរោត្តម សីហនុ ដែលមាននិន្នាការប្រឆាំងនឹងគោលនយោបាយអព្យាក្រឹតខ្លាំងជាងគេ គឺ សម សារី។ សម សារី ហ៊ានទាំងសរសេរលិខិតចំហទូលថ្វាយសម្ដេចព្រះនរោត្តម សីហនុ អំពីការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយក្រុមប្រឆាំង និងការបង្កើតគណបក្សប្រឆាំងមួយឈ្មោះថា «ខ្មែរប្រជាធិបតេយ្យ» ថែមទៀតផង។ មេបក្សថ្មីរូបនេះបានរិះគន់មិនសំចៃមាត់ទៅលើគោលនយោបាយអព្យាក្រឹតរបស់សម្ដេចព្រះនរោត្តម សីហនុ ដោយបានហៅគោលនយោបាយនោះថា ជានយោបាយធ្វើអត្តឃាត ដែលនឹងនាំទៅរកសេចក្ដីវិនាសអន្តរាយចៀសមិនផុត។

ក្រៅពី សឹង ង៉ុកថាញ់ និង សម សារី ក៏មានមេទ័ពក្បត់ម្នាក់ទៀត គឺ ដាប ឈួន ដែលចូលរួមប្រឆាំងនឹងសម្ដេចព្រះប្រមុខរដ្ឋ ដោយបានការគាំទ្រពីពួកស៉ីអាយអេ ក៏ដូចជារដ្ឋាភិបាលថៃ និងរដ្ឋាភិបាលវៀតណាមខាងត្បូងផងដែរ។ គម្រោងការប្រឆាំងនឹងសម្ដេចព្រះនរោត្តម សីហនុ ត្រូវបានគេរៀបចំយ៉ាងល្អិតល្អន់នៅទីក្រុងបាងកក និងគ្រោងអនុវត្តដំបូងនៅទីក្រុងភ្នំពេញនាខែមករា ឆ្នាំ១៩៥៩ តាមរយៈការបង្កភាពអសន្តិសុខក្នុងសង្គម ដោយចាប់ផ្ដើមពីការបំផ្លាញប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនី រួមទាំងបើកយុទ្ធនការចាប់ពង្រត់ក្មេងៗលក្ខណៈទ្រង់ទ្រាយធំ ក្នុងគោលបំណងបង្កភាពភ័យខ្លាចនៅទូទាំងក្រុងភ្នំពេញ។

គម្រោងការណ៍មួយទៀត គឺការងើបបះបោរដោយអាវុធ ដើម្បីផ្ដាច់យកខេត្តសៀមរាប និងខេត្តកំពង់ធំ ព្រមទាំងគ្រោងនឹងបង្កើតដែនដីអបគមន៍ក្រោមការដឹកនាំរបស់ សឹង ង៉ុកថាញ់ សម សារី និង ដាប ឈួន។ នៅក្នុងប្រតិបត្តិការជាក់ស្ដែង សឹង ង៉ុកថាញ់ បានប្រមូលកម្លាំងខ្មែរសេរីនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ អមដោយមន្ត្រីថៃ ២នាក់ និងប្រាក់សុទ្ធជាង១ លានដុល្លារអាមេរិក (បច្ចុប្បន្នស្មើនឹងជាង៩លានដុល្លារ) ដែលផ្ដល់ដោយស៉ីអាយអេ។

ចំណែក ង៉ូ ជុងហ៉ីវ (Ng Trung Hieu) ឯកអគ្គរដ្ឋទូតវៀតណាមខាងត្បូងប្រចាំនៅទីក្រុងភ្នំពេញ បានសន្យាថា នឹងកៀរគរកងកម្លាំងកុម្ម៉ង់ដូខ្មែរក្រោម ពង្រាយនៅតាមព្រំដែនកម្ពុជា-វៀតណាមខាងត្បូង។ ដោយឡែក ដាប ឈួន បានទទួលបេសកកម្មកសាងកម្លាំងទ័ពនៅក្នុងប្រទេស ដើម្បីត្រៀមអនុវត្តគម្រោងការខាងលើនោះ។ ក្នុងប្រតិបត្តិការរួមគ្នានេះដែរ មន្ត្រីចារកិច្ចស៉ីអាយអេម្នាក់ដែលជ្រកក្រោមស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញ ឈ្មោះ វិកទ័រ ម៉ាត់ស៊ូអ៉ិ (Victor Matsui) បានដើរតួជាអ្នកសម្របសម្រួលកិច្ចការទំនាក់ទំនង ការរៀបចំផ្គត់ផ្គង់គ្រឿងសព្វាវុធ និងហិរញ្ញវត្ថុ។ មន្ត្រីស៉ីអាយអេនេះមានសញ្ជាតិអាមេរិកដើមកំណើតជាជនជាតិជប៉ុន។

ទន្ទឹមនឹងការអនុវត្តគម្រោងក្បត់ខាងលើនេះ សម្ដេចព្រះនរោត្តម សីហនុ បានទទួលព័ត៌មានសម្ងាត់អំពីផែនការក្បត់នេះជាមុន ដែលព័ត៌មានមួយផ្នែកបានពីស្ថានទូតចិន និងស្ថានទូតបារាំង។ នៅខែកុម្ភៈ ឆ្នាំ១៩៥៩ អ្នកសមគំនិតនៅក្នុងអំពើក្បត់នេះត្រូវបានបង្ក្រាប និងចាប់ខ្លួនបានមួយចំនួន ហើយមួយចំនួនទៀតបានរត់គេចខ្លួន ក្នុងនោះក៏មានប្អូនប្រុសបង្កើតរបស់ប្រធានាធិបតីវៀតណាមខាងត្បូង ឈ្មោះ ង៉ូ ឌិញញូ (Ngo Dinh Nhu) និងមន្ត្រីស៉ីអាយអេ វិកទ័រ ម៉ាត់ស៊ូអ៉ិ ជាមេក្លោងបរទេស។
មន្ត្រីស៉ីអាយអេរូបនេះបានរត់គេចខ្លួនចេញពីប្រទេសកម្ពុជា នៅក្រោយពេលសម្ដេចព្រះនរោត្តម សីហនុ ចោទប្រកាន់ថា បានចូលរួមក្នុងអំពើក្បត់ប្រឆាំងនឹងព្រះអង្គ។ ដោយឡែកទីបញ្ជាការដ្ឋានកងទ័ពរបស់ ដាប ឈួន អាជ្ញាធរសង្គមរាស្ត្រនិយមបានរកឃើញអាវុធគ្រាប់រំសេវជាច្រើន និងមាសសុទ្ធចំនួន៦កេស ដែលគេជឿថា ស៉ីអាយអេ និងប្រទេសជិតខាងជាអ្នកផ្ដល់ឱ្យក្រុមក្បត់។

ក្រៅពីនេះអាជ្ញាធរបានរកឃើញសំណុំឯកសារនានា និងចាប់ខ្លួននាយទាហានវៀតណាមខាងត្បូង២នាក់ ព្រមទាំងវិទ្យុទាក់ទងដែលគេអាចយកមកធ្វើជាភស្ដុតាង ពាក់ព័ន្ធនឹងសកម្មភាពជ្រៀតជ្រែករបស់រដ្ឋាភិបាលក្រុងវ៉ាស៉ីនតោន ក្រុងបាងកក និងក្រុងព្រៃនគរ ចូលក្នុងកិច្ចផ្ទៃក្នុងរបស់កម្ពុជា ប៉ុន្តែរដ្ឋាភិបាលអាមេរិកបែរជាប្រឹងប្រកែកមិនព្រមទទួលស្គាល់ការពិត ព្រោះខ្លាចអាម៉ាសនៅចំពោះមុខសហគមន៍អន្តរជាតិ។

ខណៈដែលក្រុមក្បត់មួយចំនួនត្រូវបានចាប់ខ្លួននោះ ដាប ឈួន ក៏ត្រូវបានអាជ្ញាធរតាមបាញ់ដល់តំបន់ស្រែណូយ (សព្វថ្ងៃឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប) ហើយនាំមកកាត់ទោសនៅក្រុងភ្នំពេញ។ គេបានប្រហារជីវិតជនក្បត់រូបនេះដោយការបាញ់សម្លាប់ រួចហើយត្រូវគេអូសសាកសពតាមរថយន្តយឺតៗទូទាំងទីក្រុងភ្នំពេញ ជាមួយនឹងសំឡេងឧគ្ឃោសនស័ព្ទខ្លាំងៗថា «នេះជាលទ្ធផលរបស់ជនក្បត់ជាតិ»

ក្រោយគម្រោងការផ្ដួលរំលំសម្ដេចព្រះនរោត្តម សីហនុ បរាជ័យអស់ហើយ សហរដ្ឋអាមេរិក និងស៉ីអាយអេ ក៏បានរៀបចំគម្រោងការបន្ថែមទៀតក្នុងខែកញ្ញា ឆ្នាំ១៩៥៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ឆ្លៀតពេលដែលសម្ដេចព្រះនរោត្តម សីហនុ ត្រូវយាងទៅកាន់ទីក្រុងញូវយ៉ក ដើម្បីចូលរួមក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ រយៈពេល២ថ្ងៃ ខណៈនោះសមាជិកគណៈប្រតិភូកម្ពុជាម្នាក់ ឈ្មោះ ស្លាត ពៅ (គឹម ពៅ) បានស្កាត់ជួបជាមួយភ្នាក់ងារចារកិច្ចអាមេរិកដោយសម្ងាត់ជាច្រើនដង នៅក្នុងបន្ទប់សណ្ឋាគារ នាទីក្រុងញូវយ៉កនោះ។

មន្ត្រីជាន់ខ្ពស់រូបនេះជាមិត្តភក្តិជិតស្និទ្ធរបស់មន្ត្រីស៉ីអាយអេ វិកទ័រ ម៉ាត់ស៊ូអ៉ិ ដែលរត់រួចខ្លួននោះ ហើយក៏ត្រូវជាបងប្អូនរបស់ជនក្បត់ជាតិ ដាប ឈួន ផងដែរ។ ប៉ុន្តែក្រោយមក គម្រោងការសម្ងាត់នេះក៏ត្រូវបែកធ្លាយ អាជ្ញាធរក៏បានចាប់ខ្លួន ស្លាត ពៅ និងកាត់ទោសប្រហារជីវិតតែម្ដង ក្រោមបទចោទប្រកាន់ថាបានប្រព្រឹត្តអំពើក្បត់ជាតិដែរ។ ការរៀបចំគម្រោងការផ្ដួលរំលំសម្ដេចព្រះនរោត្តម សីហនុ ពីសំណាក់សហរដ្ឋអាមេរិក ក៏ដូចជាទីភ្នាក់ងារស៉ីអាយអេ ប្រៀបដូចជាកាំបិតចិតដងឯង ពោលគឺតែងទទួលបរាជ័យមកជាហូរហែ។

ស៉ីអាយអេបានរៀបចំគម្រោងការបែបថ្មីទៀត ដែលនេះគឺពាក់ព័ន្ធនឹងឧត្តមសេនីយ៍ លន់ នល់ ព្រះអង្គម្ចាស់ ស៉ីសុវត្ថិ សិរិមតៈ ក៏ដូចជាស្ម័គ្របក្ខពួកដទៃទៀត។ ដំបូងឡើយ លន់ ណុល បានទៅព្យាបាលជំងឺឈឺស្មានៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងពេលសម្រាកក្នុងមន្ទីរពេទ្យនោះ មានអ្នកជំងឺក្លែងអត្តសញ្ញាណ ៣-៤ នាក់ បានធ្វើជាចូលសម្រាកព្យាបាលក្នុងមន្ទីរជាមួយ លន់ នល់។ អ្នកជំងឺក្លែងអត្តសញ្ញាណនេះ គឺជាពួកស៉ីអាយអេដែលត្រូវបញ្ជូនឱ្យទៅជួបជាមួយឧត្តមសេនីយ៍ លន់ នល់ ដើម្បីរៀបគម្រោងការផ្ដួលរំលំសម្ដេចព្រះនរោត្តម សីហនុ ទៀត។

នយោបាយអមិត្តរបស់ស៉ីអាយអេចំពោះសម្ដេច សីហនុ កាន់តែអាក្រក់ទៅៗ ដោយពួកគេបានប្រើឧបាយកលធ្វើគតព្រះអង្គវិញម្ដង។ ការលួចធ្វើគតលើកទី១ គ្រោងធ្វើឡើងនៅដើមឆ្នាំ១៩៥៩ តែមិនបានសម្រេចនោះទេ ដោយជនសង្ស័យជាក្រុមខ្មែរសេរី ត្រូវគេចាប់ខ្លួនបាន។ លើកទី២ បានកើតឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៥៩ លើកនេះថ្វីដ្បិតមិនបានធ្វើឱ្យគ្រោះថ្នាក់ដល់សម្ដេចព្រះនរោត្តម សីហនុ ក៏ពិតមែន ប៉ុន្តែព្រះអង្គម្ចាស់ នរោត្តម វ៉ាគ្រីវ៉ាន់ ត្រូវសុគតក្នុងអំពើឃាតកម្មនោះ។ អំពើឃាតកម្មនេះមានការជាប់ពាក់ព័ន្ធដល់មូលដ្ឋានយោធាវៀតណាមខាងត្បូង។ សម្ដេចព្រះនរោត្តម សីហនុ បានប្រកាសចោទប្រកាន់ជាសាធាណៈថា ប្អូនប្រុសរបស់ប្រធានាធិបតីវៀតណាមខាងត្បូង ជាមេគំនិតនៅក្នុងរឿងនេះ។

ទន្ទឹមនឹងនេះ សម សារី ក៏រងការចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះដែរ។ សាច់ញាតិមួយចំនួន រួមទាំងប្រពន្ធរបស់ សម សារី ត្រូវបានអាជ្ញាធរចាប់បញ្ជូនចូលពន្ធនាគារ ខណៈដែល សម សារី ខ្លួនឯង កំពុងរត់គេចខ្លួនទៅដល់ប្រទេសឡាវ។ បើតាម សម រង្ស៉ី ដែលត្រូវជាកូនរបស់ សម សារី បាននិយាយថា ឪពុករបស់ខ្លួនត្រូវមនុស្សរបស់ សឹង ង៉ុកថាញ់ សម្លាប់នៅចន្លោះចុងឆ្នាំ១៩៦២ និងដើមឆ្នាំ១៩៦៣ ក្នុងពេលដែលកំពុងស្ថិតនៅក្រុងប៉ាកសេ ខេត្តចម្ប៉ាស័ក។ វាជាអំពើក្បត់គ្នារវាង សឹង ង៉ុកថាញ់ និង សម សារី ដែលមុននេះបន្ដិចពួកគេមានការសហការល្អជាមួយគ្នា ដើម្បីផ្ដួលរំលំសម្ដេចព្រះនរោត្តម សីហនុ តែចុងក្រោយក៏ទទួលលទ្ធផលបែបនេះ។ ការលួចធ្វើគតលើកទី៣ គ្រោងធ្វើឡើងនៅឆ្នាំ១៩៦៣ ចំពេលដែលប្រធានាធិបតីចិន លីវ សាវឈី (Liu Shaoqi) មកទស្សនកិច្ចនៅទីក្រុងភ្នំពេញ ប៉ុន្តែត្រូវភ្នាក់ងារស៉ើបការណ៍សម្ងាត់របស់ចិនរាយការណ៍ប្រាប់មុន រហូតចាប់ខ្លួនឃាតករបានចំនួន ២ នាក់ មុនប្រតិបត្តិការធ្វើឃាត។

បន្ទាប់ពីលួចធ្វើគតសម្ដេចព្រះនរោត្តម សីហនុ មិនបានសម្រេចទាំងបីលើកនេះរួចមក ស៉ីអាយអេបានប្រើឧបាយកលជាច្រើនទៀត មានទាំងការលួចនាំអាវុធចូលប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ដល់ក្រុមឧទ្ទាមខ្មែរសេរី សម្រាប់ប្រើប្រាស់ក្នុងការប្រឆាំងជាមួយសម្ដេច សីហនុ ការប្រើប្រាស់លុយដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីទិញទឹកចិត្តមន្ត្រីក្នុងជួររាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម ការធ្វើវិទ្ធង្សនាសេដ្ឋកិច្ចជាតិជាដើម។ ប៉ុន្តែគម្រោងផែនការអាក្រក់ទាំងនេះ ត្រូវបានសម្ដេចព្រះនរោត្តម សីហនុ កម្ចាត់ចោលទាំងអស់។

នៅខែកុម្ភៈ ឆ្នាំ១៩៦៣ ប្រធានាធិបតីអាមេរិក ចន អេហ្វ. កេណ្ណឺឌី (Jonh F. Kennedy) ត្រូវគេធ្វើឃាតបានសម្រេច ហើយលោក រីឆាត និចសុន (Richard Nixon) ក៏បានឡើងកាន់តំណែងជាប្រធានាធិបតីបន្ត។ រដ្ឋបាលលោក និចសុន នេះ គឺរឹតតែអាក្រក់ជាងរដ្ឋបាលលោក Eisenhower នោះទៅទៀត។ នៅពេលឡើងមកភ្លាម លោក និចសុន បានបញ្ជាឱ្យកងកម្លាំងទ័ពអាកាសរបស់អាមេរិកដែលមានមូលដ្ឋាននៅវៀតណាមខាងត្បូង បើកការទម្លាក់គ្រាប់បែកមកលើដែនដីកម្ពុជា ដែលនៅជាប់ព្រំដែនវៀតណាមខាងត្បូងនោះ ក្រោមហេតុផលថា ដើម្បីកម្ទេចកងទ័ពវៀតកុង និងវៀតណាមខាងជើងដែលកំពុងជ្រកកោននៅក្នុងព្រៃ។ នៅខែតុលា ឆ្នាំ១៩៦៤ បន្ទាប់ពីកងទ័ពអាមេរិកបំពានមកលើដែនដីកម្ពុជាយ៉ាងដូច្នេះហើយ សម្ដេចព្រះនរោត្តម សីហនុ បានព្រមានទៅកាន់អាមេរិកថា «ករណីមានការរំលោភលើដែនអធិបតេយ្យកម្ពុជាសាជាថ្មីដោយកងទ័ពអាមេរិក កម្ពុជានឹងកាត់ផ្ដាច់ចំណងការទូតជាមួយសហរដ្ឋអាមេរិកភ្លាមៗ»

ជាក់ស្ដែង រដ្ឋាភិបាលកម្ពុជាបានធ្វើដូចការព្រមានពិតមែន ពោលគឺនៅខែឧសភា ឆ្នាំ១៩៦៥ សម្ដេចព្រះនរោត្តម សីហនុ បានផ្ដាច់ទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែកអាមេរិកបានបំផ្លិចបំផ្លាញភូមិជាច្រើន និងបានសម្លាប់ប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់អស់ជាច្រើននាក់។ រដ្ឋាភិបាលលោក និចសុន បានតែសម្ដែងនូវការសោកស្ដាយចំពោះការទម្លាក់គ្រាប់បែកលើប្រជាពលរដ្ឋខ្មែរ និងសន្យាថានឹងស៉ើបឱ្យបានច្បាស់អំពីហេតុយល់ច្រឡំនេះ ប៉ុន្តែជារឿយៗកងទ័ពរបស់ពួកគេ នៅតែបើកប្រតិបត្តិការទម្លាក់គ្រាប់បែកមកលើប្រជាពលរដ្ឋខ្មែរដដែលជាដដែល ក្នុងនោះកងទ័ពវៀតណាមខាងត្បូង និងកងទ័ពខ្មែរសេរី ក៏បានចូលរួមក្នុងការវាយប្រហារនេះផងដែរ គោលបំណងរបស់ពួកគេ គឺកម្ទេចបណ្ដាញផ្លូវផ្គត់ផ្គង់ស្បៀងរបស់វៀតណាមកុម្មុយនិស្ដខាងជើង តាមបណ្ដោយផ្លូវលំហូជីមិញ។

នៅខែមីនា ឆ្នាំ១៩៦៩ ស្ថានការណ៍នយោបាយចេះតែវិវត្តយ៉ាងឆាប់រហ័ស។ នៅក្រោមរដ្ឋបាលលោកប្រធានាធិបតី រីឆាត និចសុន និងទីប្រឹក្សាសន្តិសុខជាតិ ហិនរី គីស្ស៉ីហ្គឺរ (Henry A. Kissinger) បានបញ្ជាឱ្យកងទ័ពអាមេរិកនៅវៀតណាមខាងត្បូង បើកការទម្លាក់គ្រាប់បែក B-52 ដោយសម្ងាត់នៅតាមព្រំដែនកម្ពុជា។ ប្រតិបត្តិការដ៏គគ្លើនមកអធិបតេយ្យភាពកម្ពុជានេះ បានកើតឡើងអស់រយៈពេលជាងមួយឆ្នាំ។ ត្រឹមរយៈពេល ១៤ ខែ ការទម្លាក់គ្រាប់បែក B-52 មានមិនតិចជាង ៣,៦៣០ គ្រាប់ឡើយ។ ជុំវិញបញ្ហាជម្លោះរវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូងនេះ មានតែការនាំមកនូវសោកនាដកម្មដល់ប្រជាពលរដ្ឋខ្មែរដែលមិនដឹងអី ខណៈមហាអំណាចអាមេរិក និងពួកអមិត្តទាំងនោះ គិតតែពីប្រតិបត្តិការសឹករបស់ខ្លួន ដោយគ្មានគិតពីជីវិតមនុស្ស និងអធិបតេយ្យរបស់កម្ពុជាឡើយ។ អ្វីដែលគួរហួសចិត្តទៀតនោះ រដ្ឋបាលលោក និចសុន បែរជាបំភាន់ស្ថានការណ៍វិវត្តនៃសង្គ្រាម និងទំហំនៃការទម្លាក់គ្រាប់បែកមកលើកម្ពុជា ដោយបង្កើតរបាយការណ៍យោធាក្លែងក្លាយជាច្រើន ក្នុងគោលបំណងបិទបាំងមិនឱ្យសាធារណជនដឹង ពិសេសមិនឱ្យលេចឮដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងព្រឹទ្ធសភារបស់ខ្លួន។ ទម្រាំងសភាអាមេរិកដឹងការពិត វាហួសពេលទៅហើយសម្រាប់កម្ពុជា។

ចំណែកឯនៅទីក្រុងភ្នំពេញវិញ ស្ថានការណ៍កាន់តែទុំជោរ និងបានរុញច្រានកម្ពុជាទៅខិតរកមាត់ជ្រោះនៃភ្នក់ភ្លើងសង្គ្រាម និងមហាវិនាសកម្មហួសប្រមាណ។ នៅខែកញ្ញា ឆ្នាំ១៩៦៩ ក្រោយពេលសម្ដេចព្រះនរោត្តម សីហនុ យាងចេញពីភ្នំពេញទៅចូលរួមបុណ្យសព ហូ ជីមិញ នៅទីក្រុងហាណូយ ពួកស៉ីអាយអេបានទាក់ទង និងអះអាងពីការគាំទ្ររបស់ខ្លួនចំពោះឧត្តមសេនីយ៍ លន់ នល់ ព្រះអង្គម្ចាស់ សិរីមតៈ និងបក្ខពួកដទៃទៀត ក្នុងការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ចេញពីអំណាច ហើយនឹងលើកបន្តុបឱ្យ លន់ នល់ ឡើងកាន់តំណែងគ្រប់គ្រងរបបថ្មី ដែលមានអាមេរិកជាបង្អែក។

ការរៀបចំផែនការរដ្ឋប្រហារនេះ ត្រូវបានធ្វើឡើងយ៉ាងលម្អិតទៅតាមសេណារីយ៉ូ ក្នុងនោះក៏មានទាំងគម្រោងបង្កើតរបបសាធារណរដ្ឋផងដែរ។ លន់ នល់ និងព្រះអង្គម្ចាស់ សិរីមតៈ បានរៀបចំគម្រោងការជាបន្តបន្ទាប់នៅគេហដ្ឋាន និងនៅតាមរថយន្តដែលកំពុងធ្វើដំណើរតាមផ្លូវ ចៀសវាងមានការបែកធ្លាយព័ត៌មានទៅដល់ ក្រុមស៉ើបការណ៍សម្ងាត់របស់សម្ដេចព្រះនរោត្តម សីហនុ។ ជាលទ្ធផលនៃកិច្ចប្រជុំនោះ គឺចាប់ផ្ដើមតាមរយៈការបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ កៀរគររៀបចំឱ្យមានបាតុកម្មសិស្ស-និស្សិតនៅក្នុងខេត្តស្វាយរៀង និងក្រុងភ្នំពេញ ប្រឆាំងនឹងវត្តមានកងទ័ពវៀតកុង និងវៀតណាមកុម្មុយនិស្តខាងជើង។ ម្យ៉ាងវិញទៀត នៅមុនព្រឹត្តិការណ៍រដ្ឋប្រហារ ពួកស៉ីអាយអេក៏បានបញ្ជូនកងកុម្ម៉ង់ដូពិសេសមកពីក្រុមចលនាខ្មែរក្រោម ឱ្យធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញជាមុនផងដែរ។

ទីបំផុត ក្នុងពេលដែលសម្ដេចព្រះនរោត្តម សីហនុ កំពុងយាងបំពេញព្រះរាជទស្សនកិច្ចនៅទីក្រុងមូស្គូ ប្រទេសរុស្ស៉ីនោះ គម្រោងផែនការដែលបានប្រជុំពិភាក្សាគ្នាទាំងអម្បាលម៉ាន ក៏បានសម្រុកអនុវត្តជាប្រញាប់ ដោយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ពីតំណែងព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយម ក៏បានកើតឡើងក្នុងពេលមួយរំពេច។

លោក ហ្វ្រែង ស្ន៊ែប (Frank Snepp) អតីតនាយកផ្នែកវិភាគនយោបាយស៉ីអាយអេ ប្រចាំប្រទេសវៀតណាមខាងត្បូង បានឱ្យដឹងថា ប្រសិនបើសម្តេច សីហនុ យាងត្រលប់មកកម្ពុជាឱ្យបានឆាប់ និងដោយស្ងប់ស្ងៀម (បើទោះបីជាពេលនោះ មានកម្លាំងរុញព្រឹត្តិការណ៍ឱ្យឡើងកម្តៅ តាមរយៈការធ្វើបាតុកម្មប្រឆាំងនឹងកុម្មុយនិស្តក្តី) ក៏ប្រហែលជាព្រះអង្គអាចស្តារស្ថានការណ៍អាក្រក់បានទាន់ពេល។ ការខកខានមិនបានយាងមកភ្លាមៗនេះអាចពុំមែនជារឿងចៃដន្យឡើយ។ នៅក្នុងកិច្ចការនយោបាយ និងកិច្ចការពាក់ព័ន្ធនឹងសន្តិសុខជាតិ ភាពចៃដន្យ ហាក់កើតឡើងដោយកម្រណាស់។ ជាក់ស្តែង ស្ន៊ែប បានអះអាងថា ភ្នាក់ងារស៊ីអាយអេ តាមរយៈខ្សែបណ្តាញរបស់ខ្លួន បានបញ្ចុះបញ្ចូលព្រះមាតារបស់សម្តេច សីហនុ (ព្រះមហាក្សត្រីយានី ស៉ីសុវត្ថិ កុសុមៈ នារីរ័ត្ន សិរីវឌ្ឍនា) ផ្ញើព្រះរាជសារទៅកាន់ព្រះអង្គដែលកំពុងស្នាក់នៅទីក្រុងមូស្គូ ដោយធ្វើឱ្យទុកចិត្តថា «ស្ថានការណ៍មិនធ្ងន់ធ្ងរហួសពីការគ្រប់គ្រង ដែលតម្រូវឱ្យបុត្រត្រូវយាងត្រលប់មកព្រះរាជាណាចក្រកម្ពុជាវិញជាបន្ទាន់នោះឡើយ»។

បន្ទាប់ពីគម្រោងការធ្វើរដ្ឋប្រហារបានសម្រេចហើយ គម្រោងការបង្កើតសាធារណរដ្ឋខ្មែរ ក៏បានយកមកអនុវត្តភ្លាមៗដែរ។ សហរដ្ឋអាមេរិក គឺជាប្រទេសដំបូងបំផុតដែលប្រកាសទទួលស្គាល់រដ្ឋាភិបាលបង្កើតថ្មីនេះ។

ក្រោយរដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ស៉ីអាយអេបានបន្តចូលរួមចំណែកយ៉ាងសកម្មគ្រប់សមរភូមិ រួមទាំងសង្គ្រាមចិត្តសាស្រ្តផងដែរ។ អ្នកជំនាញបច្ចេកទេសរបស់ស៊ីអាយអេបានប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់ពួកគេ ដើម្បីកាត់តសំឡេងរបស់សម្តេច សីហនុ ឱ្យទៅជាអាក្រក់ៗ និងបានផ្សព្វផ្សាយសំឡេងមិនល្អទាំងនោះ ឱ្យប្រជាពលរដ្ឋបានដឹងផងដែរ។ សំឡេងក្លែងក្លាយនេះបានផ្សព្វផ្សាយជាសាធារណៈ តាមរយៈស្ថានីយវិទ្យុនៅក្នុងទឹកដីឡាវ ក្នុងគោលបំណងដុតបញ្ឆេះកំហឹងក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា។ ជាឧទាហរណ៍នៅក្នុងសារសំឡេងចាក់ផ្សាយមួយបង្ខូចថា សម្ដេចព្រះនរោត្តម សីហនុ បានបង្ខំឱ្យស្រីក្មេងៗបូជាខ្លួនប្រាណ ដើម្បីបម្រើការសប្បាយដល់វីរកងទ័ពវៀតកុងជាដើម។

ជាការពិតណាស់ ក្រោយអំពើធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ពីតំណែងព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយម នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ នោះរួចហើយ ប្រជាជន និងប្រទេសកម្ពុជាក៏លែងស្គាល់នូវអ្វីដែលជាសុខសន្តិភាព និងការអភិវឌ្ឍ រស់នៅទាំងភាពភ័យខ្លាច។ ជាងនេះទៅទៀត ក្រោយព្រឹត្តិការណ៍រដ្ឋប្រហារនេះហើយ បណ្ដាប្រទេសគំនិតអាក្រក់ទាំងនោះ បានរំកិលកម្ពុជាឱ្យឈានដល់ភ្នក់ភ្លើងសង្គ្រាមដ៏សន្ធោសន្ធៅ រហូតឈានដល់សោកនាដកម្មក្នុងរបបប្រល័យពូជសាសន៍ ដូចយើងបានដឹងកន្លងមកស្រាប់។

នៅក្នុងអត្ថបទនេះ យើងសូមសង្ខេបខ្លឹមសារតែប៉ុណ្ណេះ ដោយមិនលើកឡើងអំពីព្រឹត្តិការណ៍បន្តទៀតនោះឡើយ ខណៈខ្លឹមសារខាងលើនេះត្រូវបានដកស្រង់ចេញពីសៀវភៅ «អាស៉ីអាគ្នេយ៍ ២០ឆ្នាំក្នុងសង្គ្រាម CIA»