(កំពង់ចាម)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បាននាំអំណោយថ្នាំពេទ្យ និងដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តចំនួន៥៦៧នាក់ ចុះពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន៦,៧៣៩នាក់ នៅវិទ្យាល័យព្រែកដំបូក ភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ក្រៅពីនេះ ក្រុមគ្រូពេទ្រក៏បានអប់រំផ្សព្វផ្សាយបង្ការកូវីដ-១៩ យុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស រៀនរស់នៅធម្មតាក្នុងប្រក្រតីភាពថ្មី វិធានការសុខាភិបាល ៣ការពារ ៣កុំ វគ្គសង្គ្រោះបឋម ព្រមទាំងនាំយកអំណោយថ្នាំពេទ្យ ម៉ាស់ អាកុល រួមទាំងស្បៀងអាហារមានជានំប៉័ង និងទឹកសុទ្ធ។

ការពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលដឹកនាំដោយផ្ទាល់ ក៏មានការអមដំណើរដោយលោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងលោក វេជ្ជបណ្ឌិត ជឹម គឹមស្រួន​ អនុប្រធានប្រតិបត្តិទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តកំពង់ចាម ដោយសហការជាមួយលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយស្រុកស្រីសន្ធរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក ឈុន វន រដ្ឋលេខាធិការ និងជាប្រធាន ស.ស.យ.ក ក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ហាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ មន្ទីរសុខាភិបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា និងអាជ្ញាធរដែលពាក់ព័ន្ធ។

ក្នុងបរិយាសប្រកបដោយស្នាមញញឹម លោក ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសមាជិកក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលតែងតែផ្តល់ពេលវេលា និងកម្លាំងចិត្តមកចូលរួមពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយឥតគិតថ្លៃ។

លោកក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជន ក្នុងការធានាសុខមាលភាព និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

លោក ហ៊ុន ម៉ានី បានអះអាងទៀតថា «រយៈពេល៤៤ឆ្នាំ នៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា យើងសម្រេចបានការងារ និងសមិទ្ធផលជាច្រើន ទន្ទឹមនឹងនេះក៏មានការងារជាច្រើនទៀតដែលយើងត្រូវបន្តធ្វើដើម្បីប្រជាជន»

លោកបានបន្តថា គណបក្សប្រជាជនតែងតែនៅជាមួយប្រជាជន មិនត្រឹមតែពេលមានភាពសប្បាយរីករាយ និងសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែពេលប្រទេសជាតិជួបបញ្ហា គណបក្សប្រជាជនតែងតែស្វែងរកដំណោះស្រាយដើម្បីធានាឲ្យបាននូវសុខសន្តិភាព និងស្ថិរភាពជូនប្រជាជនកម្ពុជា។

ក្នុងកម្មវិធីសំណេះសំណាលនេះ លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណលោក ហ៊ុន ម៉ានី និងកោតសរសើរវាយតម្លៃខ្ពស់ដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី មានគ្រូពេទ្យមានបទពិសោធន៍ល្អៗក្នុងនិងក្រៅប្រទេស មានឧបករណ៍ទំនើប របៀបរបបធ្វើការល្អមានគុណភាព ថែមទាំងបានលះបង់ទាំងធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងពេលវេលា ដើម្បីជួយដល់ប្រជាពលរដ្ឋជាតិនិងមាតុភូមិរបស់យើង ដោយមិនក្លាចពីការនឿយហត់ឡើយ។ ជាពិសេសមានការគាំទ្រដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី យ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងប្រវត្តិសាស្ត្រ។

លោក លេង ផាលី បានឲ្យដឹងថា «ក្នុងរយៈពេល ១១ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៨ មីនា ឆ្នាំ២០២៣) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើរ របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ១១,៧០៦នាក់ (មួយម៉ឺនមួយពាន់ប្រាំពីររយប្រាំមួយនាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៣៦៥នាក់ (ប្រាំមួយពាន់មីរយហុកសិបប្រាំនាក់) និងបានបំពេញបេសកកម្មដ៏ថ្លៃថ្លា ​ដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ៨៦៧លើក, ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១១,៥៥៣,១៨១នាក់ (ដប់មួយលាន ហាសិបប្រាំម៉ឺន បីពាន់ មួយរយ ប៉ែតសិបមួយ នាក់) ក្នុងនោះស្ត្រីមានចំនួន ៥,៩០១,២៩៨នាក់ (ប្រាំលាន កៅសិបម៉ឺន មួយពាន់ ពីររយ កៅសិបប្រាំបី នាក់) គិតត្រឹម ថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៣ បានចំនួនជាង ១ ភាគ ២ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,០៩១,៤៦៤ នាក់ (ដប់ប្រាំពីរលាន ប្រាំបួនម៉ឺន មួយពាន់ បួនរយ ហុកសិប បួននាក់) ធៀបនឹងឆ្នាំ២០២៣ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី»

លោកបន្ថែមថា «ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តលោក ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននិងកំពុងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១០,៤១៧,០០៤ដូស (ដប់លាន សែសិបមួយម៉ឺនប្រាំពីរពាន់បួន ដូស) ក្នុង ២៥ រាជធានី-ខេត្ត ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងាយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៥៧៧,៦៥៩,០៥០ដុល្លារ (ប្រាំរយចិតសិបប្រាំពីរលាន ហុកសិបប្រាំម៉ឺន ប្រាំបួនពាន់ ហាសិប ដុល្លារសហរដ្ឋអាមេរិក)»

ជាចុងក្រោយ លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមទៀតថា «ពិតជាត្រឹមត្រូវណាស់ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាតម្រូវការចាំបាច់ ដើម្បីអនាគតល្អយូរអង្វែងសំរាប់កូនចៅយើងជំនាន់ក្រោយ និងជាតិមាតុភូមិរបស់យើង។ ដូចនេះនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នានឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៅទៀត។ យើងទាំងអស់គ្នាប្តេជ្ញារួបរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្សជានិច្ចនិរន្តរ៍។ សន្តិភាព និង គោលនយោបាយវ៉ាក់សាំង បានផ្តល់ឱកាសឱ្យមានការជួបជុំ និងបើកសេដ្ឋកិច្ចជាតិឡើងវិញ»