(កំពង់ធំ)៖ លោកស្រីទន្តបណ្ឌិត សួន ម៉ូនីកា ប្រធានសមាគមទន្តពេទ្យកម្ពុជាទើបចប់អាណត្តិ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានចុះពិនិត្យ ណែនាំពីការដុសធ្មេញ ចែកថ្នាំដុសធ្មេញនិងច្រាស់ដុសធ្មេញជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជិត២ពាន់នាក់។

សកម្មភាពនេះ ដើម្បីអបអរសាទរទិវាសុខភាពមាត់ធ្មេញពភពលោក ២០ មីនា ក្រោមប្រធានបទ «មានធ្មេញល្អ ញញឹមស្រស់ ញញឹមដោយមោទនភាព»

លោកស្រី សួន ម៉ូនីកា បានបញ្ជាក់ថា ការប្រារព្ធធ្វើទិវាសុខភាពមាត់ធ្មេញពិភពលោក ២០ មីនានេះ ក្នុងគោលបំណងចង់ផ្សព្វផ្សាយពីសារសំខាន់នៃសុខភាពមាត់ធ្មេញថា តើសុខភាពមាត់ធ្មេញមានសារសំខាន់ប៉ុនណា សម្រាប់ជីវិតមនុស្សយើងទូទៅ ជាពិសេសយើងចាប់អារម្មណ៍ទៅលើកុមារៗ នៅតាមសាលារៀន ដោយសារគាត់ជាទំពាំងស្នងឫស្សី ប្រសិនបើគាត់មិនចេះដុសធ្មេញឱ្យបានត្រឹមត្រូវ សុខភាពមាត់ធ្មេញរបស់គាត់មិនល្អ សុខភាពរបស់គាត់ទូទៅក៏មិនប្រសើរដែរ។

លោកស្រីបន្តថា ទី១យើងចង់ផ្សព្វផ្សាយពីបច្ចេកទេសដុសធ្មេញឱ្យបានត្រឹមត្រូវជូនគាត់ និងការការពារ ហើយទី២គឺចង់ឱ្យយើងមានការការពារ ការបិទចង្អូរធ្មេញការពារជំងឺពុកធ្មេញ ថ្គាមធំទី១ ដល់កុមារតូចៗ មាត់ធ្មេញសំខាន់ណាស់ ពិព្រោះថាសុខភាពមាត់ធ្មេញល្អនោះសុខភាពទូទៅក៏កាន់តែប្រសើរមានធ្មេញល្អ ញញឹមស្រស់ (ញញឹមដោយមោទនភាព) ទំពារអាហារបានស្រួលបញ្ចេញសំឡេងបានច្បាស់ ច្រៀងពីរោះ ចំណេញថវិកា។

លោកស្រីបានអំពាវនាវដល់មាតាបិតាសិស្ស ត្រូវសិក្សាស្វែងយល់តាមរយៈកូនសិស្សទៅដល់មាតាបិតាខ្លះគាត់មិនបានមក ប៉ុន្តែកូនគាត់មកចូលរួមគាត់នឹងនាំសារនេះទៅដល់ឪពុកម្ដាយគាត់នៅផ្ទះ រួមទាំងមិត្តភក្តិគាត់ ដើម្បីដឹងអំពីការដុសធ្មេញត្រឹមត្រូវ និងដឹងពីសារសំខាន់នៃសុខភាពមាត់ធ្មេញសម្រាប់ជីវិតរបស់គាត់ មាត់ធ្មេញសំខាន់ណាស់ ព្រោះថាសុខភាពមាត់ធ្មេញល្អនោះសុខភាពទូទៅក៏កាន់តែប្រសើរ៕