(ព្រៃវែង)៖ លោក អុីវ លាង អនុប្រធានក្រុមការងារចុះជួយស្រុកបាភ្នំ និងជាប្រធានក្រុមការងារចុះជួយឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងារជាមួយអាជ្ញាធរដែនដី និងបូកសរុបលទ្ធផលការងារ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។

នាឱកាសនេះ លោក អុីវ លាង បានថ្លែងអំណរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារសម្រេចបានលទ្ធផលជាបន្តបន្ទាប់ និងបានចំណាយកម្លាំងកាយ ស្មារតី ជាពិសេសធនធានផ្ទាល់ខ្លួន។ លោករីករាយ ចំពោះការសហការពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋានដែលមានបំណងចូលរួមចំណែកអភិវឌ្ឍ បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ចំពោះប្រឡាយទឹកនៅភូមិប្រស្រែដែលមានពលរដ្ឋម្នាក់ពុំព្រមចូលរួមសហការនោះ, លោក អុីវ លាង បានស្នើក្រុមប្រឹក្សាឃុំបន្តសម្របសម្រួល បើនៅតែពុំព្រមទៀត យើងនឹងធ្វើវេទិកាសាធារណៈ យើងចង់បានឈ្នះ-ឈ្នះទាំងអស់គ្នា បើនៅតែដោះស្រាយ ឬសម្របសម្រួលមិនបាន គឺមានតែយកច្បាប់មកដោះស្រាយប៉ុណ្ណោះ។

លោកបានស្នើសុំបងប្អូនរាយការណ៍បើបានដឹងអ្នកទីទ័លក្រពិតប្រាកដមកក្រុមការងារចុះជួយភូមិតាម ឋានានុក្រម ហើយថា កន្លងមកប្រមុខរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ, សម្តេចក្រឡាហោម ស ខេង និងប្រធានក្រុមការងារស្រុក បានដោះស្រាយបានច្រើនហើយ។ សូមធ្វើតែទង្វើល្អជាមួយប្រជាពលរដ្ឋ។

យកឱកាសនោះ លោក អ៉ី លាង បានស្នើអាជ្ញាធរជំរុញការធ្វើអត្តសញ្ញាណបណ្ណថ្មី ហើយជាមួយគ្នានេះដែរ សូមបងប្អូនចូលរួមផ្សព្វផ្សាយការធ្វើអត្តសញ្ញាណបណ្ណទាំងនៅមូលដ្ឋាន និងអ្នកធ្វើចំណាកស្រុកផងដែរ។

លោកក៏បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានខិតខំបំពេញការងារបង្ហាញជាលទ្ធផល គឺដណ្តើមបានជោគជ័យពីការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២២ និងបានដាក់ចេញកិច្ចការថ្មីៗត្រូវអនុវត្ត ដើម្បីឈានទៅដណ្តើមជម្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រ​ឹត្តនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕