(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី២០ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសវៀតណាម។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន ឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីមធ្យោបាយ និងវិធីសាស្ត្រ ធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរស្រាប់ និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការកំពុងរីកចម្រើន ដែលរួមមានវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ កសិកម្ម ទេសចរណ៍ ការតភ្ជាប់ សុខាភិបាល វប្បធម៌ ការអប់រំ។ល។ កិច្ចសហការក្នុងក្របខ័ណ្ឌអាស៊ាន រួមទាំងបញ្ហាបន្ទាន់នានានៅក្នុងតំបន់និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមកពិភាក្សាគ្នាផងដែរ ។

ដឹកនាំប្រជុំដោយរដ្ឋមន្រ្ដីការបរទេសនៃប្រទេសទាំងពីរ កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី២០នេះ នឹងពិនិត្យមើលឡើងវិញអំពីវឌ្ឍនភាពដែលសម្រេចបាន អនុលោមតាមកំណត់ហេតុនៃកិច្ចប្រជុំលើកមុន ព្រមទាំងរៀបចំផែនការថ្មីសម្រាប់សកម្មភាពជាក់ស្ដែង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ សម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេស និងប្រជាជនទាំងពីរ។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏នឹងមានកម្មវិធីចូលជួបសម្តែងការគួរសម ដោយឡែកពីគ្នាជាមួយ លោក វ៉ វ៉ាន់ធឿង ប្រធានរដ្ឋវៀតណាម និងលោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម ផងដែរ។

ទាំងដំណើរទស្សនកិច្ចផ្លូវការ និងកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី២០នឹងផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនងពហុវិស័យដ៏រឹងមាំ ដែលបានផ្សារភ្ជាប់ដោយទំនុកចិត្តផ្នែកនយោបាយចាក់ឫសយ៉ាងជ្រៅ ព្រមទាំងនឹងធ្វើឱ្យកាន់តែរឹងមាំបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងស្ថិរភាពយូរអង្វែង រវាងប្រទេសទាំងពីរ៕