(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំសិក្ខាលសាលាស្ដីពី «តម្បាញក្រមា៖ ការប្រមូលធាតុចូល និង​ពិនិត្យ​លើឯកសារ​ដាក់ស្នើ​ទៅ​យូណេស្កូ​» នៅវិទ្យាល័យ១០មករា ១៩៧៩ ក្នុងខេត្ត​សៀមរាប​ ដើម្បីប្រមូលធាតុចូល និង​ពិនិត្យ​លើឯកសារ​ដាក់ស្នើ​ទៅ​យូណេស្កូ លើតម្បាញក្រមាប្រពៃណី។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមលើកចុងក្រោយ ពីក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការ សមាគម និងអ្នកស្រុក អំពីយន្តការអភិរក្ស លើកស្ទួយតម្បាញប្រពៃណីខ្មែរ ក៏ដូចជាពិនិត្យជាចុងក្រោយ លើសំណុំឯកសារតម្បាញក្រមាប្រពៃណី ដើម្បីដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

សិក្ខាសាលានេះរៀបចំឡើង ក្រោមការចូលរួមពីលោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌។ សិក្ខាសាលានេះបានធ្វើបទបង្ហាញ និងកិច្ចពិភាក្សាតុមូលពីអ្នកពាក់ព័ន្ធដែលជាវាគ្មិនតំណាងការិយាល័យយូណេស្កូភ្នំពេញ, ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួងពាណិជ្ជកម្ម, ក្រសួងអប់រំ យុវជន និង​កីឡា, សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក), និង​តំណាងសហគមន៍តម្បាញផ្សេងៗ​ទៀត​ដូចជា សហគមន៍តាអាន, សហគមន៍ភូមិ​អំបែង​ចេះ, សមាគមតម្បាញឃុំពេជសារ, សូត្រមាសខ្មែរ, សូត្រមាសភាច, មជ្ឈមណ្ឌល​ពិព័ណ៌តម្បាញសូត្រ​ Color Silk និង​តំណាង​អង្គការ​IKTT ហើយ​ក៏មានការ​ចូលរួម​ពី​តំណាងមន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​រាជធានី​-ខេត្តទាំង ២៥ ខេត្តក្រុង, មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត​សៀមរាប, មន្ទីរកិច្ចការនារីខេត្ត​សៀមរាប​, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទខេត្ត​សៀមរាប, មន្ទីរ​ពាណិជ្ជកម្មខេត្តសៀមរាប, មន្ទីរបរិស្ថានខេត្តសៀមរាប, មន្ទីរអប់រំ យុវជន និងកីឡាខេត្ត​សៀមរាប, គណៈកម្មាការជាតិយូណេស្កូ រួមទាំង​​អង្គការ ​សមាគម តំណាង​សហគម​ន៍​តម្បាញ​ក្រមា​ទូទាំងប្រទេសកម្ពុជា​។

សូមបញ្ជាក់ថា ​ក្រមា​ ឬកន្សែង​ប្រពៃណី​ខ្មែរ​ ​ជា​អត្តសញ្ញាណ​ជាតិ និង​ជាវត្ថុដ៏មានសារៈសំខាន់មិនអាចខ្វះបាន​ក្នុង​ជីវិត​រស់​នៅ​ប្រចាំថ្ងៃ​​​របស់​ប្រជាជន​ខ្មែរ​ចាប់​តាំងពី​កើត​រហូត​ដល់​ស្លាប់។ ក្នុងសង្គមខ្មែរ ក្រមា ត្រូវគេប្រើប្រាស់យ៉ាងទូលំទូលាយគ្រប់លំដាប់ថ្នាក់ ចាប់ពីប្រជាពលរដ្ឋសាមញ្ញ រហូតដល់ថ្នាក់ដឹកនាំកំពូល​ នៅគ្រប់ពេល នៅក្នុងឱកាសពិសេស និងនៅគ្រប់ទីកន្លែង។
ក្រៅពីប្រើប្រាស់ទូទៅ ក្រមា ក៏ត្រូវគេប្រើប្រាស់សម្រាប់ពានា ឬបង់កចូលរួមក្នុងពិធីបុណ្យជាតិនិងសាសនាប្រើជាតង្វាយ ឬសំណែនក្នុងកិច្ចពិធី, ប្រើជាជំនូនដល់ចាស់ទុំ ឬញាតិមិត្តប្រើជាចំណងដៃ និងវត្ថុប្រចាំចិត្តរវាងគូសង្សារ ឬប្តីប្រពន្ធជាដើម៕