(ភ្នំពេញ)៖ នៅក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) ទីក្រុង និងទីប្រជុំជនភូមិទាំងមូលគឺគ្មានប្រជាជនឡើយ។ ភូមិបាក់នឹម គឺជាភូមិជនបទតូចមួយ ដែលបានទទួលការជម្លៀសដោយបង្ខំដោយខ្មែរក្រហម។ អ្នកភូមិជាច្រើនត្រូវបានទទួលរងនូវពលកម្មដោយបង្ខំ ការអត់ឃ្លាន និងទម្រង់ផ្សេងទៀតនៃការរំលោភបំពាន។ ប្រជាពលរដ្ឋ ចាស់ជរា នៅភូមិបាក់នឹម នៅតែរស់នៅជាមួយការចងចាំដែលនៅតែលងបន្លាចពីរបបខ្មែរក្រហម រួមទាំងការបាត់បង់សមាជិកគ្រួសារ ពលកម្មដោយបង្ខំ និងការអត់ឃ្លាន។

ទោះបីជាពេលវេលាកន្លងផុតទៅក៏ដោយ ក៏ការចងចាំនៃរបបខ្មែរក្រហមនៅតែបន្តប៉ះពាល់ដល់ជីវិត និងសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងនេះ ក្រុមគ្រួសាររបស់ពួកគាត់ និងអ្នកផ្សេងទៀតនៅក្នុងភូមិ ដែលបានឆ្លងកាត់រយៈពេលដ៏ឈឺចាប់នៅក្នុងរបបខ្មែរក្រហម។ រឿងរ៉ាវនៅក្នុងភូមិបាក់នឹម និងអ្នកស្រុក គឺជាការរំឭកអំពីផលប៉ះពាល់យ៉ាងជ្រាលជ្រៅដែលរបបខ្មែរក្រហមធ្វើមកលើជីវិតប្រជាជនកម្ពុជា និងជាកេរដំណែលនៃរបួស និងការបាត់បង់ដែលនៅតែប៉ះពាល់ដល់បុគ្គល និងសហគមន៍ជាច្រើនក្នុងប្រទេសរហូតមកដល់សព្វថ្ងៃ។

មជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំវេទិកាសុខភាពសាធារណៈ និងប្រវត្តិសាស្រ្តខ្មែរក្រហមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ដើម្បីផ្តល់ការពិនិត្យសុខភាពបឋមដោយឥតគិតថ្លៃដល់អ្នកភូមិដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម ដោយវេជ្ជបណ្ឌិតពីរនាក់មកពីប្រទេសហ្វីលីពីន គឺវេជ្ជបណ្ឌិត ដេមី រៃយ៍ និងវេជ្ជបណ្ឌិត សូកូរ៉ូ។ ក្នុងចំណោមអ្នកចូលរួមចំនួន១២០នាក់ មានអ្នកភូមិចំនួន ៤០នាក់មិនធ្លាប់បានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យទាល់តែសោះដោយសារបញ្ហាផ្ទាល់ខ្លួន បានចូលរួមក្នុងកម្មពិនិត្យសុខភាពបឋមលើកទី៣ ជូនអ្នកភូមិបាក់នឹមរបស់ក្រុមការងារគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ អ្នកភូមិ និងបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ព្រមទាំងអ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានជួបជុំគ្នានៅវេលាម៉ោង៧ព្រឹក ដើម្បីចាប់ផ្តើមដំណើរការកម្មវិធីពិនិត្យសុខភាពជាមួយវេជ្ជបណ្ឌិតជំនាញជនជាតិហ្វីលីពីន២នាក់។

ឈ្មោះអ្នកភូមិនីមួយៗត្រូវបានហៅម្តងម្នាក់ៗ ដើម្បីពិនិត្យកម្រិតជាតិស្ករ និងឈាម បន្តដោយការពិគ្រោះយោបល់មួយទល់នឹងមួយជាមួយវេជ្ជបណ្ឌិតសម្រាប់ធ្វើរបាយការណ៍លម្អិត និងចេញវេជ្ជបញ្ជា។ នៅវេលាម៉ោង៩ព្រឹក ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា បានចែកអាហារសម្រន់ និងប្រអប់អនុស្សាវរីយ៍ ជូនអ្នកភូមិដែលបានមកចូលរួមកម្មវិធី ក្នុងឱកាសនេះអ្នកភូមិគ្រប់គ្នាសម្តែងនូវភាពរីករាយ និងថ្លែងអំណរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា។

បន្ទាប់មក បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាពីរនាក់បានសួរពីបញ្ហាសុខភាព និងយោបល់ពីអ្នកភូមិជុំវិញកម្មវិធីវេទិកាសុខភាពដែលមានរៀបរាប់នៅខាងក្រោម៖

* អ្នកស្រី មុំ ណៅ ភេទស្រី អាយុ៦៣ឆ្នាំបាននិយាយថា «ខ្ញុំឈឺពាក់កណ្តាលភ្នែក ឈឺតាមសរសៃប្រសាទ និងផ្នែកខាងក្រោមនៃខ្លួន។ ខ្ញុំក៏ឈឺក្រពះដែរ។ ខ្ញុំបានឮអំពីកម្មវិធីពិនិត្យសុខភាពនេះ តាមរយៈសាច់ញាតិហើយខ្ញុំមានអារម្មណ៍ល្អដែលមកពិនិត្យសុខភាពនៅថ្ងៃនេះ»

* លោក គឹម រ៉េង ភេទប្រុស អាយុ៥៨ឆ្នាំ បានអះអាងថា «ខ្ញុំឈឺក ស្ពឹកដៃ និងជើង ។ ជំងឺនេះបានកើតឡើង ប៉ុន្តែខ្ញុំក៏បានលេបថ្នាំកាលពីមុនមកដែរ។ ថ្ងៃនេះខ្ញុំសប្បាយចិត្ត និងពេញចិត្តដែលអាចពិនិត្យសុខភាពបាន»

* លោក ផ្លុង យឿង ភេទប្រុស អាយុ៦៦ឆ្នាំ បាននិយាយថា «ពីមុនខ្ញុំមានជំងឺលើសឈាម ប៉ុន្តែថ្ងៃនេះខ្ញុំមានអារម្មណ៍ល្អ ខ្ញុំគ្រាន់តែចង់ទៅពិនិត្យសុខភាពដោយឥតគិតថ្លៃ ដើម្បីដឹងពីស្ថានភាពជំងឺបច្ចុប្បន្នរបស់ខ្ញុំ»។ បន្ទាប់ពីពិនិត្យរួច គាត់បាននិយាយថា គាត់មានអារម្មណ៍ធូរស្រាល ហើយសូមលើកម្រាមដៃ១០ ដើម្បីថ្លែងអំណរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា និងអ្នកស្ម័គ្រចិត្តដែលបានជួយយើង និងបង្កើតកម្មវិធីនេះឡើង។ ខ្ញុំសូមបួងសួងឲ្យអ្នកទាំងអស់ទទួលបានតែសេចក្តីសុខ និងសុភមង្គល»

* លោក ឈូក ថេញ ភេទប្រុស អាយុ ៥៩ឆ្នាំ បាននិយាយថា «ខ្ញុំមានបញ្ហាក្រពះ ពោះវៀន ដែលកើតឡើងមុន និងក្រោយពេលហូបបាយ។ ខ្ញុំបានលេបថ្នាំដែលជួយខ្ញុំឲ្យធូរស្រាលមួយរយៈ។ ខ្ញុំពិតជាអរគុណខ្លាំងណាស់សម្រាប់ការពិនិត្យដោយឥតគិតថ្លៃនៅថ្ងៃនេះ ព្រោះខ្ញុំមិនដែលឮឬឃើញអង្គការក្រៅរដ្ឋាភិបាលណាដែលមកភូមិនេះ និងធ្វើការងារសប្បុរសធម៌នោះទេ។ បន្ទាប់ពីខ្ញុំបានធ្វើតេស្តឈាម ខ្ញុំមានអារម្មណ៍ធូរស្រាល»

* លោកស្រី ស៊ូ យៀន ភេទស្រី អាយុ៥៩ឆ្នាំ បានអះអាងថា «ខ្ញុំមានជំងឺទឹកនោមផ្អែម ហើយថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ មិនដូចថ្ងៃមុនទេ។ ខ្ញុំអរគុណដែលទទួលបានការពិនិត្យដោយឥតគិតថ្លៃនេះ។ វាជួយកាត់បន្ថយបន្ទុករបស់ខ្ញុំ ហើយខ្ញុំអាចប្រើលុយទិញថ្នាំបាន។ តាំងពីឆ្នាំ១៩៧៩ ខ្ញុំមិនដែលឮថាមានអង្គការមិនមែនរដ្ឋាភិបាលមកជួយទេ»។ ស៊ូ យៀន និយាយទាំងក្តុកក្តួលនិងស្រក់ទឹកភ្នែកថា «ជារៀងរាល់ថ្ងៃ ខ្ញុំរកបានត្រឹមតែ១ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយថ្ងៃខ្លះខ្ញុំស្ទើរតែរកលុយមិនបានទាល់តែសោះ។ ដូច្នេះ ការទទួលបានការគាំទ្រផ្នែកសុខភាពនេះគឺមានតម្លៃណាស់។

ការពិនិត្យសុខភាពបឋមដោយឥតគិតថ្លៃដែលរៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា និងអ្នកស្ម័គ្រចិត្ដនៅភូមិបាក់នឹម គឺជាជំនួយសង្គ្រោះដែលត្រូវការច្រើនសម្រាប់អ្នកភូមិ។ សក្ខីកម្មរបស់ មុំ ណៅ, គឹម រ៉េង, ផ្លុង យឿង, ឈូក ថេញ និង ស៊ូ យៀន បង្ហាញពីបញ្ហាសុខភាពដែលពួកគាត់បានដោះស្រាយជាយូរមកហើយ ដោយសារលទ្ធភាពទទួលបានសេវាថែទាំសុខភាពនៅមានកម្រិត។ កម្មវិធីពិនិត្យសុខភាពនៅថ្ងៃនេះមិនត្រឹមតែផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់អ្នកភូមិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ក្តីសង្ឃឹម និងការដឹងគុណដល់អ្នកភូមិទាំងអស់ផងដែរ។

អ្នកភូមិជាច្រើនបានសម្តែងការដឹងគុណចំពោះកាយវិការសប្បុរស និងបានទទួលស្គាល់ពីភាពកម្រនៃការងារមនុស្សធម៌បែបនេះនៅក្នុងភូមិរបស់ខ្លួន។ គំនិតផ្តួចផ្តើមដោយមជ្ឈមណ្ឌលឯកសារកម្ពុជា និងអ្នកស្ម័គ្រចិត្តកម្ពុជាមិនត្រឹមតែបានធ្វើឲ្យសុខភាពរបស់អ្នកភូមិប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកសាងចំណងមិត្តភាពរវាងសហគមន៍ និងអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាឲ្យកាន់តែរឹងមាំថែមទៀត។ វាពិតជាគួរឲ្យរំភើបចិត្តក្នុងការឃើញទង្វើល្អ និងសប្បុរស ជាពិសេសនៅក្នុងតំបន់ដែលដាច់ស្រយាល ដែលអ្នកភូមិនៅមានកម្រិតក្នុងការទទួលបាននូវសេវាថែទាំសុខភាព៕