(កំពង់ឆ្នាំង)៖ ផ្ដើមចេញពីចិត្តស្រឡាញ់និងចង់ការពារសន្តិភាពឱ្យគង់វង្សស្ថិតស្ថិរនៅកម្ពុជា ប្រជាពលរដ្ឋ៨៩៤នាក់មកពីឃុំចំនួន៥ នៃស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាងមុតមាំគាំទ្រគណបក្សប្រជាជន ព្រោះមិនចង់ឱ្យសន្តិភាពដែលរកបានដោយលំបាកនេះរសាត់ចេញឆ្ងាយពីកម្ពុជា។

ពិធីប្រកាសបញ្ចូលសមាជិក-សមាជិកាថ្មីនៃគណបក្សប្រជាជនទាំង៨៩៤នាក់នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក សឹង សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អមដំណើរជាមួយក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំសង្កាត់ និងក្រុមការងារគណបក្សស្រុកកំពង់លែងជាច្រើនរូប នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។

កញ្ញា អ៊ុយ ស្រីពេជ្រ តំណាងសមាជិកគណបក្សថ្មីខាងលើ បានឡើងប្តេជ្ញាចិត្តយ៉ាងមុតមាំគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីអាណត្តិថ្មី និងគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត ដោយឥតងាករេ។

លោក សឹង សំណាង បានឱ្យដឹងថា មិនមានគណបក្សណាមួយដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជានោះឡើយ។ កន្លងមក ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស តែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។ មិនតែប៉ុណ្ណោះ នៅគ្រប់កាលៈទេសៈណាក៏ដោយ គណបក្សប្រជាជនកម្ពុជាបានពុះពាររួមសុខរួមទុក្ខ និងហែលឆ្លងការលំបាកជាមួយប្រជាជនកម្ពុជាជារៀងរហូត ហើយក៏នៅតែបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀត ដើម្បីធ្វើយ៉ាងណាបន្តនិរន្តរភាព និងភាពសុខសាន្តប្រជាពលរដ្ឋ។

លោកបានបន្តថា ការចូលរួមរបស់សមាជិក-សមាជិកាថ្មីនាពេលនេះ គឺបានផ្តល់នូវយុត្តិធម៌ ជំនឿទុកចិត្ត និងការគាំទ្រចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ តាមរយៈសមាជិកថ្មីបន្ថែមនេះ នឹងធ្វើឲ្យកម្លាំងនិងទឹកចិត្តគណបក្សប្រជាជនកម្ពុជាកាន់តែមានកម្លាំងដ៏ធំធេង និងធ្វើឲ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចបម្រើជាតិ ប្រជាជន និងការអភិវឌ្ឍប្រទេសថែមទៀតផង។

លោកបានរំលឹកពីប្រវត្តិគណបក្សប្រជាជនកម្ពុជា ដែលបានផ្តើមសកម្មភាពចាប់តាំងពីឆ្នាំ១៩៥១ ក្នុងស្ថានភាពប្រទេសកំពុងស្ថិតក្រោមអាណានិគមនិយមបារាំង។
គណបក្សប្រជាជនកម្ពុជាបានឆ្លងកាត់ដំណាក់កាលតស៊ូលំបាកស្មុគស្មាញជាច្រើនដំណាក់កាលជាច្រើនទសវត្សរ៍ ក្រោមចលនាចលនាអ្នកជាតិនិយម ហើយគណបក្សបានប្តូរឈ្មោះតាមស្ថានភាពនយោបាយវិវឌ្ឍន៍ជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា។

គណបក្សប្រជាជនកម្ពុជាបានសម្រេចជោគជ័យធំៗជាប្រវត្តិសាស្ត្រ មានការសង្គ្រោះជាតិឲ្យរួចផុតពីការកាប់សម្លាប់របស់បន ប៉ុល ពត នៅឆ្នាំ១៩៧៩ និងនាំមកនូវការរស់រាន សិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូរក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ គណបក្សប្រជាជនកម្ពុជាជាស្នូលដ៏សំខាន់ក្នុងការបង្រួបបង្រួមជាតិ រហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយគណបក្សជាកម្លាំងមិនអាខ្វះបានក្នុងការបង្កើតរដ្ឋធម្មនុញ្ញកម្ពុជាបច្ចុប្បន្ននេះ។ គណបក្សបាននាំមកនូវការបញ្ចប់សង្គ្រាមដ៏រ៉ាំរៃ បង្កើតបានសន្តិភាព ឯកភាពជាតិពេញលេញចាប់ពីឆ្នាំ១៩៩៨ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ។

លោក សឹង សំណាង បានបន្តទៀតថា ក្រោមស្ថានភាពប្រទេសមានសុខសន្តិភាព គណបក្សបានខិតខំស្តារអភិវឌ្ឍន៍ប្រទេសឲ្យមានសេដ្ឋកិច្ចល្អប្រសើរ មានការសាងសង់ហេដ្ឋារចនាសម្ពន្ធ ស្ពាន ថ្នល់គ្រប់ទីកន្លែង ការពារដាច់ខាតឯករាជ្យ អធិបតេយ្យជាតិ ថែរក្សាសន្តិភាព ធ្វើឲ្យបរាជ័យរាល់ឧបាយកលខ្មៅងងិតរបស់ពួកប្រឆាំងជ្រុលនិយម ធ្វើឲ្យប្រជាពលរដ្ឋគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា។ គណបក្សបានខិតខំស្វះស្វែងរកវ៉ាក់សាំងប្រឆាំងកូវីដ១៩មកចាក់ជូនប្រជាពលរដ្ឋគ្រប់ៗគ្នា ឲ្យរួចផុតពីការឆ្លងរាលដាលដ៏កាចសាហាវ។

លោកបានណែនាំបន្តថា សមាជិកថ្មីត្រូវយកចិត្តទុកដាក់ខ្ពស់ ហើយត្រូវចេះយោគយល់គ្នាទៅវិញទៅមក។ ប្រសិនបើយើងមានសាមគ្គីភាពរឹងមាំ យើងនឹងរស់។ សមាជិកចាស់ថ្មីត្រូវចាំទុកថា ពួកអគតិវាតែងរកមធ្យោបាយបំបែកបំបាក់សាមគ្គីផ្ទៃក្នុង ដើម្បីធ្វើយ៉ាងណាឲ្យយើងស្លាប់ដោយការបែកបាក់។

លើសពីនេះ លោក សឹង សំណាង បានក្រើនរំលឹកដល់សមាជិកថ្មីឲ្យខិតខំគោរព និងអនុវត្តនូវតួនាទីជាសមាជិកគណបក្សប្រកបដោយក្រមសីលធម៌ មានឧត្តមគតិជាតិ គាំទ្រកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្សឲ្យបានខ្ជាប់ខ្ជួន។ ម៉្យាងទៀត ចូលរួមជួយឃោសនាឲ្យប្រជាពលរដ្ឋមានការជឿជាក់លើគណបក្ស និងសមិទ្ធផលដែលសាងឡើងដោយគណបក្សប្រជាជនកម្ពុជា៕