(ព្រះវិហារ)៖ លោក មួង ឃីម អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុករវៀង បានណែនាំដល់ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សប្រជាជនកម្ពុជាទូទាំងស្រុកត្រូវបន្តធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋ ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋនាថ្ងៃបោះឆ្នោតជ្រើសតាំតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ការណែនាំបែបនេះរបស់លោក មួង ឃីម បានធ្វើឡើងនៅក្នុងឱកាសដែលលោកចូលរួមក្នុងកិច្ចប្រជុំ ស្តីពីការងារជាអាទិភាពដែលត្រូវធ្វើចាប់ពីពេលនេះ រហូតដល់ពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាខែកក្កដាខាងមុខនេះ។ កិច្ចប្រជុំនេះមានការចូលរួមពីលោក ហោ ប៊ុនហួរ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុករវៀង និងថ្នាក់ដឹកនាំគណបក្សស្រុក ឃុំ ភូមិជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះដែរ លោក មួង ឃីម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តព្រះវិហារ ផ្ញើជូនថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សទូទាំងស្រុករវៀង ដែលមានវត្តមានចូលរួមក្នុងពិធីនេះ។

លោកក៏បានណែនាំដល់ថ្នាក់ដឹកនាំ សមាជិកបក្សទាំងអស់ ត្រូវបន្តសាងអំពើល្អជាមួយប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋផ្តល់ទំនុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃខាងមុខនេះ ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍតទៅទៀត។

ដោយឡែកលោក ហោ ប៊ុនហួរ បានថ្លែងថា ដោយមានការគាំទ្រ និងចង្អុលបង្ហាញផ្ទាល់ពីគណៈកម្មាធិការគណបក្សខេត្ត និងការយកចិត្តទុកដាក់របស់ក្រុមការងារថ្នាក់កណ្តាល និងក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក និងការគាំទ្រផ្នែកសម្ភារៈ ថវិកា និងស្មាតីចំពោះការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ តាមការកំណត់របស់ (គជប) សរុបរួមទាំង១២ឃុំ ក្នុងនោះបានចុះឈ្មោះថ្មី និងផ្ទេរចូល និងការកែតម្រូវ និងប្តូរទិន្នន័យ។

ប្រធានគណបក្សស្រុករវៀង ក៏បានលើកឡើងពីទិសដៅនាពេលខាងមុខ គឺគណបក្សស្រុកត្រៀមមន្ត្រី ពិសេសយុវជនសម្រាប់ជ្រើសរើសចូលជាមន្ត្រីបោះឆ្នោត គ្រប់ការិយាល័យបោះឆ្នោតក្នុងស្រុក និងត្រៀមជ្រើសរើសបណ្តុះបណ្តាលឃោសនា និងសម្រាប់ការឃោសនានាពេលខាងមុខនេះ។ បន្តសកម្មភាពចុះមូលដ្ឋានជាប្រចាំដើម្បីក្តាប់ពីសតិអារម្មណ៍ និងគោលជំហររបស់សមាជិកបក្ស ក៏ដូចជាការពង្រឹងក្បាលម៉ាសុីនអង្គការចាត់តាំងគណបក្សនៅមូលដ្ឋាន។

ក្រោយចប់កិច្ចប្រជុំលោកបានដឹកនាំក្រុមការងារគណបក្ស នាំថវិកា និងសម្ភារៈ ចូលរួមរំលែកទុក្ខគ្រួសារសពប្រជាពលរដ្ឋនៅភូមិកក់ពោន ឃុំរហ័សផងដែរ៕