(ស្ទឹងត្រែង)៖ លោក ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជានាយកក្រុមជំនុំបេសកកម្មដំណឹងល្អ សហការជាមួយក្រុមហ៊ុន (ប៊ីម៉ារៀលអ៊ីស្តេត) Bema Real Estate co.Ltd ផ្ដល់អណ្ដូងស្នប់ទឹកស្អាតអាហ្វ្រ៊ីដេស ចំនួន១០អណ្ដូង ដល់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង។

ថ្លែងក្នុងពិធីនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ លោក ខាន់ ខុន បាននាំនូវការផ្ដាំសួរសុខទុក្ខពីលោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ ដល់ការជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក៏ដូចជាបានចុះដោយផ្ទាល់នៅទីកន្លែងដែលរងគ្រោះ។

លោក ខាន់ ខុន បានលើកឡើងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋ គឺជាការឧបត្ថម្ភគាំទ្រពីសមាគមបេសកកម្មដំណឹងល្អ រួមជាមួយក្រុមហ៊ុនឯកជន និងការរួមសហការរបស់គ្រិស្តបរិស័ទក្នុងប្រទេស និងក្រៅប្រទេសបានបរិច្ចាគចូលរួមជាការអធិដ្ឋាន និងចូលជាថវិកាតាមរយៈលោកផ្ទាល់ ក្នុងការចុះជួយដល់ប្រជាជនក្នុងប្រទេសកម្ពុជា ទៅតាមលទ្ធភាពដែលមានចូលរួមជួយដល់រាជរដ្ឋាភិបាលដើម្បីបង្កើនការអភិវឌ្ឍ។

ម្យ៉ាងវិញទៀត សកម្មភាពទាំងនេះក៏ជាការបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការបង្កើនការអភិវឌ្ឍនៅតាមទីជនបទ ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពគ្រួសារដល់ប្រជាពលរដ្ឋ ក៏ដូចជាជួយសម្រួលដល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោក ខាន់ ខុន បានអំពានាវដល់ពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ដោយអនុវត្តការរស់នៅស្អាត ហូបស្អាត កុំបន្ទោរបង់ពាសវាលពាសកាល ត្រូវសម្រាន្តក្នុងមុង និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃកាត់បន្ថយការស្លាប់ ពិការភាព និងជួយអប់រំណែនាំដល់កូនចៅឲ្យរស់ឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតរបស់ក្រុមគ្រួសារ និងសង្គមជាតិ។

ជាមួយគ្នានេះ អាជ្ញាធរដែនដី រួមជាមួយប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់លោក ខាន់ ខុន, ក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត និងគ្រិស្តបរិស័ទក្នុងប្រទេស និងក្រៅប្រទេស ដែលជួយបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋសូមជួបតែសេចក្តីសុខគ្រប់ពេលវេលា៕