(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានស្នើដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ត្រូវសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ (TVET) ដើម្បីបង្កើនការបណ្តុះបណ្តាលយុវជនកម្ពុជា លើជំនាញវិជ្ជាជីវៈឱ្យមានគុណភាព ដើម្បីបង្កើតអាជីពសម្រាប់ខ្លួនផ្ទាល់ និងនៅតាមបណ្តារោងចក្រ សហគ្រាសផ្សេងៗដែលមានតម្រូវការ។

គោលបំណងនេះត្រូវបានលើកឡើង ក្នុងឱកាសដែលលោករដ្ឋមន្ត្រី អ៉ិត សំហេង ជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រង សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយលោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាសមាគម នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។

នាឱកាសនោះ លោករដ្ឋមន្ត្រី លោក អ៉ិត សំហេង សង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ ឱពុកម្តាយ ក៏ដូចជាអាណាព្យាបាលសិស្ស បានយកចិត្តទុកដាក់បញ្ជូនកូនចៅចូលសិក្សារៀនសូត្រ ដែលរូបភាពទាំងនេះពិតជាបង្កើតបាននូវវប្បធម៌ដ៏ល្អមួយ ជាមោទនភាពសម្រាប់ជាតិដែលកម្ពុជានឹងសម្បូរធនធានមនុស្ស ដើម្បីបំពេញតម្រូវការនៃការរីកលូតលាស់យ៉ាងឆាប់រហ័ស។

លោក អ៉ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលបានវិនិយោគលើប្រព័ន្ធអប់រំមួយនេះ ឱ្យមានការរីកចម្រើន ហើយបានពង្រីកវិសាលភាពនៅទូទាំងប្រទេស ដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាវិស័យអាទិភាពដ៏ចាំបាច់ ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា។

លោករដ្ឋមន្ត្រីបញ្ជាក់ថា វិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏មានការកំណែទម្រង់ជាបន្តបន្ទាប់ ក្នុងការចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ឱ្យបានឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងលឿន របស់កម្ពុជាផងដែរ។

ដើម្បីអនុវត្តតាមអនុសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ជូនដល់យុវជនចំនួន១លាន៥សែននាក់ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានស្នើដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ (TVET) ក្រោមឱវាទរបស់ក្រសួងការងារ ធ្វើការបណ្តុះបណ្តាលយុវជនកម្ពុជា លើជំនាញវិជ្ជាជីវៈនេះឱ្យមានគុណភាព ដើម្បីបង្កើតអាជីពសម្រាប់ខ្លួនផ្ទាល់ និងនៅតាមបណ្តារោងចក្រ សហគ្រាសផ្សេងៗដែលមានតម្រូវការ។

លោក អ៉ិត សំហេង បានបញ្ជាក់ ជូនសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តកិច្ចសហការកាន់តែល្អជិតស្និទ្ធបន្តទៀតជាមួយគ្នា ដើម្បីសម្រួលដល់ការលំបាក ដោះស្រាយនូវរាល់សំណូមពរនានា ឱ្យបានកាន់តែប្រសើរ

លោក ហេង វ៉ាន់ដា បានថ្លែងថា បច្ចុប្បន្នសមាគមមានសមាជិកចំនួន ១២០គ្រឹះស្ថាន-សាលា ដោយបង្កើតឡើង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជួយពង្រឹងប្រព័ន្ធអប់រំនៅកម្ពុជា ព្រមទាំងផ្លាស់ប្តូរមតិយោបល់ជាមួយស្ថាប័ននានាទាំងក្នុង និងក្រៅប្រទេស៕