(ភ្នំពេញ)៖ «ក្រមា»​ ឬ «កន្សែង​ប្រពៃណី​ខ្មែរ»​ ​គឺជា​អត្តសញ្ញាណ​ជាតិ និង​ជាវត្ថុដ៏មានសារៈសំខាន់មិនអាចខ្វះបាន​ ក្នុង​ជីវិត​រស់​នៅ​ប្រចាំថ្ងៃ​​​របស់​ប្រជាជន​ខ្មែរ​ចាប់​តាំងពី​កើត​រហូត​ដល់​ស្លាប់ ហើយសព្វថ្ងៃនេះក្រមា នៅតែត្រូវបានប្រើប្រាស់ជានិច្ច។ ក្នុងសង្គមខ្មែរ ក្រមា ត្រូវគេប្រើប្រាស់យ៉ាងទូលំទូលាយគ្រប់លំដាប់ថ្នាក់ ចាប់ពីប្រជាពលរដ្ឋសាមញ្ញ រហូតដល់ថ្នាក់ដឹកនាំកំពូល​ នៅគ្រប់ពេល នៅក្នុងឱកាសពិសេស និងនៅគ្រប់ទីកន្លែង។

ក្រៅពីការប្រើប្រាស់ទូទៅ ក្រមា ក៏ត្រូវគេប្រើប្រាស់សម្រាប់ពានា ឬបង់កចូលរួមក្នុងពិធីបុណ្យជាតិនិងសាសនា, ប្រើជាតង្វាយ ឬសំណែនក្នុងកិច្ចពិធី, ប្រើជាជំនូនដល់ចាស់ទុំ ឬញាតិមិត្តប្រើជាចំណងដៃ និងវត្ថុប្រចាំចិត្តរវាងគូសង្សារ ឬប្តីប្រពន្ធជាដើម។

កម្ពុជាបានដំណើរការ ៨០%ហើយ ដើម្បីរៀបចំឯកសារស្នើសុំចុះក្រមា ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ហើយបើគ្មានអ្វីប្រែប្រួលទេ កម្ពុជានឹងស្នើនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះតែម្តង។ នេះបើតាមមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ។

បើតាមលោក រ័ត្ន សណ្តាប់ អ្នកជំនាញអារ្យធម៌ខ្មែរ បានពន្យល់ពីអត្ថន័យនៃសរសៃក្រមា ថា ការត្បាញចូលគ្នាម្តងមួយសរសៃៗ គឺបញ្ជាក់ពីការរួមគ្នានៅក្នុងសង្គមតែមួយ។ ការប្រទាក់ក្រឡាគ្នា ពីមួយសរសៃទៅមួយសរសៃទៀត រហូតដល់យើងអាចប្រើប្រាស់បាននេះ មានគុណតម្លៃធំធេងណាស់ នៅក្នុងអារ្យធម៌ខ្មែរ ក្នុងការផ្សារភ្ជាប់គ្នា។

លោកអះអាងថា បើតាមសិលាចារឹក ការប្រើប្រាស់ក្រមាមានតាំងពីសម័យមុនគ្រិស្តរាជមកម្ល៉េះ ពោលគឺ ២០០ឆ្នាំមុនគ្រិស្តរាជ។ ការប្រើប្រាស់ក្រមានេះ មានក្នុងបែបបទធម្មតាផង និងសាសនាផងដែរ ដោយស្តែងឡើងតាមរយៈការពាក់លម្អក្នុងពិធីនានា និងការពាក់ពានារបស់យាយៗ ពេលទៅបុណ្យនិងវត្តអារាមនានា។

លោក រ័ត្ន សណ្តាប់ បញ្ជាក់ថា «អត្ថន័យក្រមា នៅក្នុងអារ្យធម៌ខ្មែរ គឺជាការផ្សារភ្ជាប់គ្នា នៅក្នុងប្រពៃណីទំនៀមទម្លាប់យើង បង្ហាញពីភាពផូរផងឧត្តុង្គឧត្តម របស់មរតកដូនតាយើង ដែលយើងចេះប្រើប្រាស់ និងអាចធ្វើជាវត្ថុដណ្តប់កាយបាន។ នេះជាគុណតម្លៃដ៏អស្ចារ្យ សម្រាប់ក្រមាខ្មែរយើង»

លោកបានបង្ហាញក្តីរីករាយ ដែលអ្នកមុខអ្នកងារ មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ នៅតែមានចលនាប្រើប្រាស់ក្រមា។ ចំពោះការស្នើសុំចុះក្រមា ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ លោកយល់ថា ជាការបង្ហាញពីគុណតម្លៃនៃសម្លៀកបំពាក់ខ្មែរ និងមានការសម្គាល់ពីអត្តសញ្ញាណជាតិខ្មែរ ហើយការស្នើដាក់នេះ ក៏បង្ហាញពីការរក្សាប្រពៃណីខ្មែរ លើការស្លៀកពាក់ និងការគ្រប់ដណ្តប់របស់ខ្មែរផងដែរ។

លោកបណ្ឌិត គិន ភា គឺជាគ្រូបង្រៀន និងជាជនជាតិខ្មែរមួយរូប ដែលត្រូវបានគេសង្កេតឃើញថា លោកតែងតែប្រើក្រមាជាប់ជាប្រចាំ មិនថានៅក្នុងកម្មវិធីតូច ឬធំ, ការទៅបង្រៀន ឬជួបសន្ទនាជាមួយភ្ញៀវជាតិ និងអន្តរជាតិ ក៏ដូចជាទៅបរទេសនោះទេ។ សម្រាប់រូបលោក ក្រមាគឺជាគ្រឿងលម្អដ៏ប្រពៃ និងជាការបង្ហាញពីអត្តសញ្ញាណជាតិទៅកាន់អ្នកដទៃ។

លោកបញ្ជាក់ថា «ជាទូទៅខ្ញុំតែងប្រើក្រមាជាប្រចាំថ្ងៃ។ ដូចយើងដឹងហើយថា ស្រុកយើងក្តៅ អញ្ចឹងខ្ញុំឧស្សាហ៍បែកញើស ហើយខ្ញុំប្រើក្រមាដើម្បីជូតភ្នែក ជូតរាងកាយ។ ខ្មែរយើងប្រើក្រមាប្រចាំថ្ងៃ សូម្បីសម័យកូវីដក៏មានប្រើក្រមាធ្វើជារបាំងខ្យល់ដង្ហើមការពារកូវីដ។ សម្រាប់ខ្ញុំ ខ្ញុំភាគច្រើនប្រើក្រមាដើម្បីបង់ក ហើយម្តងម្កាលក៏ក្រវាត់ចង្កេះ រុំក្បាល ធ្វើការងារអ្វីមានក្រមាមើលទៅគឺស្វាហាប់ ក្នុងនាមជាខ្មែរ។ ពេលខ្ញុំទៅស្រុកត្រជាក់ ជាទូទៅខ្ញុំក៏ប្រើក្រមាដែរ ជំនួសឲ្យការប្រើកន្សែង។ សម្រាប់ខ្ញុំ ពេលប្រើក្រមាក៏ជាគ្រឿងលម្អដែរ មើលទៅសមជាខ្មែរ ដែលក្រមាជាអត្តសញ្ញាណ និងជាមរតកវប្បធម៌ខ្មែរយើង។ ខ្ញុំប្រើក្រមា ដើម្បីជូតខ្លួនជំនួសការប្រើកន្សែងពោះគោ ទោះជានៅបរទេសក៏ខ្ញុំដាក់ក្រមា ទៅតាមដែរ»

មិនត្រឹមតែប្រើប្រាស់ផ្ទាល់ខ្លួនទេ លោកបណ្ឌិត ក៏បានយកក្រមាធ្វើជាអំណោយវត្ថុអនុស្សាវរីយ៍សម្រាប់មិត្តភក្តិផងដែរ។ លោករំលឹកថា លោកធ្លាប់បានជូនបញ្ញវន្តមកពី ១៨ប្រទេស ក្នុងអំឡុងពេលដែលលោកចូលរួមក្នុងកម្មវិធីសិក្សាស្ថាប័នសហរដ្ឋអាម៉េរិក ស្តីពីនយោបាយការបរទេសសហរដ្ឋអាម៉េរិក (SUSI Program) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៤ នៅទីក្រុងញូវយ៉ក ហ្វីឡាដែលផ្យ៉ា និងវ៉ាស៉ីងតោន ឌីស៉ី។

«ខ្ញុំតែងតែប្រើប្រាស់ក្រមាខ្មែរជាយូរមកហើយមិនថាខ្ញុំនៅស្រុកខ្មែរយើងឬទៅក្រៅប្រទេសនោះទេ ហើយខ្ញុំតែងនាំយកក្រមាមួយចំនួនជូនមិត្តភក្តិបរទេសឲ្យស្គាល់ក្រមាខ្មែរយើងផង»។ លោកបណ្ឌិត បានបញ្ជាក់បែបនេះ។

ចំពោះការស្នើសុំចុះក្រមា ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ លោកបណ្ឌិត គិន ភា គិតថាជារឿងល្អណាស់ ដោយសារបង្ហាញថា យើងបានយកចិត្តទុកដាក់លើកេរដំណែលសម្បត្តិវប្បធម៌ដូនតាយើង ហើយក្រមា​ជាអត្តសញ្ញាណរបស់ខ្មែរយើង។ បើយើងដាក់ចូលជាសម្បត្តិបេតិកភណ្ឌ ជាមោទនភាពយើង ដែលបង្ហាញថា យើងសម្បូរនូវមរតកវប្បធម៌ណាស់។

លោកថា កន្លងមក យើងអត់សូវយកចិត្តទុកដាក់ ដោយសារតែស្រុកយើងកើតសង្គ្រាម។ ឥឡូវនេះ យើងមានសន្តិភាព យើងសម្បូរសប្បាយហើយ រាជរដ្ឋាភិបាលកម្ពុជាយើង ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសេនាធិការ គឺយើងសង្កេតឃើញថា គាត់ខិតខំប្រឹងប្រែងខ្លាំងក្នុងការថែទាំរក្សា សម្បត្តិវប្បធម៌ខ្មែរយើង ទាំងរូបី និងអរូបី។

លោកបានបំផុសគំនិតឲ្យខ្មែរ ប្រើប្រាស់ក្រមាឲ្យបានច្រើនថែមទៀត ជាពិសេសកម្មវិធីផ្លូវការ។ លោកបន្តថា បើនៅរាជបណ្ឌិត្យសភាកម្ពុជាវិញ បើមានភ្ញៀវមកទស្សនកិច្ច យើងតែងតែជូនក្រមាដល់ពួកគាត់ ជាវត្ថុអនុស្សាវរីយ៍។

ប្រជាជនកម្ពុជា ដែលជាអ្នកនិយមប្រើប្រាស់ក្រមាខ្មែរជាច្រើនទៀត សុទ្ធតែបង្ហាញមោទនភាព ដែលវត្ថុប្រពៃណីមួយនេះ គ្រោងនឹងចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ Fresh News បានបន្តសម្ភាសលោក នួន ភារម្យ ដែលជាប្រជាពលរដ្ឋមកពីខេត្តស្វាយរៀង និងលោក ឯម សុផល អនុប្រធានសមាគមរាជសីហ៍ នៅរាជធានីភ្នំពេញ។

លោក នួន ភារម្យ បានឲ្យដឹងថា ក្នុងនាមជាយុវជនខ្មែរមួយរូប​​ពិតជាមានមោទកភាព​ចំពោះរាជរាដ្ឋាភិបាលកម្ពុជា ​ដែលបានខិតខំដាក់បញ្ជូលសម្បត្តិបេតិកភណ្ឌ ទាំងរូបី​និងអរូបី​ ក្នុងបញ្ជីបេតិកភណ្ឌ​របស់អង្គការយូណេស្តូ​ ហើយនាពេលខាងមុខនេះនឹងដាក់បញ្ជូលក្រមាចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី​នៃមនុស្សជាតិ​ របស់អង្កការយូណេស្កូនាចុងខែនេះ។ ដូចយើងបានដឹងស្រាប់ហើយថា​ នៅពេលដែលយើង​លឺពាក្យ​ ក្រមា​ ​គឺយើងនឹកឃើញដល់កម្ពុជាមុនគេ​ ព្រោះក្រមាបានបង្កប់នូវអត្ថន័យយ៉ាងស៊ីជម្រៅ​ទាំងអត្ថន័យ​និងអត្ថរស ដែលក្រមាគឺកើតចេញពីសរសៃអំបោះម្តងមួយសរសៃៗ​ សស្រាក់គ្នា បង្កើតបានជាជាក្រណាត់មួយដែលយើងហៅថាក្រមា ដែលប្រៀបបានដូចជាការសាមគ្គីជាធ្លុងមួ​យ ភាពអំណត់​តស៊ូ​ និងការប្រុងប្រយ័ត្នទំនួលខុសត្រូវខ្ពង់​ ដើម្បីបង្កើតបានជាឃាំងការពារដ៏រឹងមាំមួយ​ របស់ប្រជាជនកម្ពុជាយើង​។

«ដូចដែលយើងធ្លាប់ដឹងកន្លងមកហើយថា​ តាមរយៈគំនិតផ្តួចផ្តើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា​ និងការចូលរួមពីមហាគ្រួសារខ្មែរ​ បានរួមគ្នា​បំបែកឯតទកគ្គកម្ម​​ ក្រមាដែលវែងជាងគេលើពិភពលោក​​ និងទទួលបានការទទួលស្គាល់ពីគណៈកម្មការកំណត់ត្រាពិភពលោក​ កាលពីថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០១៨​ កន្លងទៅនេះ»។ នេះបើតាម លោក នួន ភារម្យ។

លោកបន្ថែមថា មួយវិញទៀត​ការយកក្រមាជាវត្ថុអនុស្សាវរីយ៍ដល់គ្នាទៅវិញទៅមក ​គឺជាភាពដ៏ល្អប្រសើរ​ ដោយបង្ហាញឲ្យឃើញពីក្តីស្រលាញ់​ ការសាមគ្គីគ្នា​ និងបង្ហាញនូវអត្តសញ្ញាណ​ជាតិរបស់ខ្លួន។ ក្រមា អាចប្រើបានគ្រប់កាលៈទេសៈ​គ្រប់ស្រទាប់វណ្ណ គ្រប់ទីកន្លែង​ និងគ្រប់ជាតិសាសន៍​​ ក្រមាក៏ជាសារនាំសន្តិភាព​សម្រាប់ប្រជាជាតិយើងផងដែរ។​ តួយ៉ាង លោកក៏ធ្លាប់បានយកក្រមា ដាក់តំាង​និងជូនជាវត្ថុអនុស្សាវរីយ៍​ជូនដល់មិត្តភក្តិបរទេស​ នៅពេលចូលរួមសិក្ខាសាលា​ និងវគ្គបណ្តុះបណ្តាលលើឆាកអន្តរជាតិនាពេលកន្លងមក។

លោក នួន ភារម្យ យល់ថា ការដាក់បញ្ជូល​ ក្រមា​ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី​នៃមនុស្សជាតិ​របស់អង្កការយូណេស្កូនា​​ នាពេលខាងមុខនេះ​ គឺពិតជាស័ក្កិសម​ក្នុងការលើកតម្កើងកិត្យានុភាពនៃកម្ពុជា លើឆាកអន្តរជាតិ​ និងការលើកតម្កើងនូវមរតកវប្បធម៌ខ្មែរ​ បង្ហាញនូវអ្វីដែលជារបស់កម្ពុជា​ ដើម្បីឲ្យពិភពលោកស្គាល់​ និងជាសម្បត្តិដែលត្រូវថែរក្សាការពារ ដូចទៅនឹង​សម្បត្តិវប្បធម៌ទាំងរូបី​ និងអរូបី ដែលបានចុះបញ្ជីនាពេលកន្លងមក។

លោក ឯម សុផល បានឲ្យដឹងថា សមាគមរាជសីហ៍ តែងតែប្រើប្រាស់ក្រមាជាកាដូសម្រាប់ជូនដល់ភ្ញៀវបរទេស ដូចជាកន្លងមករាល់ដំណើរទស្សនកិច្ចរបស់សមាគមរាជសីហ៍នៅប្រទេសកូរ៉េ ប្រទេសថៃ ប្រទេសបារាំង ប្រទេសជប៉ុន ការប្រកួតកីឡាជាមិត្តភាពរវាងក្រុមរាជសីជាមួយនឹងក្រុមបរទេសនានា។ សមាគមរាសីហ៍ តែងតែផ្ដល់នូវកាដូនេះ ដើម្បីបង្ហាញនូវវប្បធម៌របស់កម្ពុជាយើង។ យើងក៏ចង់ឱ្យជនបរទេសបានស្គាល់នូវអំពីចំណេះដឹង និងការច្នៃប្រឌិតសម្ភារៈប្រើប្រាស់រស់នៅរបស់ប្រជាជនខ្មែរ តាំងពីបុរាណកាលយូរលង់មកហើយ។

លោកបន្តថា «ក្នុងនាមខ្ញុំផ្ទាល់ក៏ដូចជាសមាគមរាជសីហ៍ទាំងមូល គឺមានមោទនភាពយ៉ាងខ្លាំងចំពោះក្រមាខ្មែរដែលកំពុងតែត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបបីនៃមនុស្សជាតិ ដោយហេតុថាជាការពិត ការប្រើប្រាស់ក្រមាមានផលប្រយោជន៍ច្រើន និងមានទម្រង់ងាយស្រួលរបស់ប្រជាជនខ្មែរយើងនៅក្នុងជីវភាពរស់នៅរាល់ថ្ងៃ ដែលរូបភាពនៃក្រមានេះបានរំលេចឡើងជាវប្បធម៌អត្តសញ្ញាណជាតិខ្មែរ»

បើតាមលោក ឯម សុផល ជាចំណុចពិសេសមួយដែលលោកចាប់អារម្មណ៍ និងគួរឲ្យសោកស្ដាយជាទីបំផុតដែលក្រមាដ៏ល្អផូរផង់របស់ខ្មែរ ត្រូវបានប្រែប្រួលអត្ថន័យ ធ្វើឲ្យប្រជាជនខ្មែរភ័យខ្លាចកាលពីសម័យដ៏ខ្មៅងងឹត នៃរបបកម្ពុជាប្រជាធិបតេយ្យ ដោយឲ្យតែឃើញអ្នកបង់ករក្រមា យល់ថាជាមនុស្សអង្គការ។ ប៉ុន្តែឥឡូវនេះ គឺជាមោទនភាពដែលក្រមារបស់ខ្មែរយើង ដែលបានបង្ហាញនូវលក្ខណៈជាវប្បធម៌ដ៏ល្អប្រពៃរបស់ខ្មែរឡើងវិញ។

លោក ស៉ីយ៉ុន សុភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ បញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានរៀបចំសិក្ខាលសាលាស្ដីពី «តម្បាញក្រមា៖ ការប្រមូលធាតុចូល និង​ពិនិត្យ​លើឯកសារ​ដាក់ស្នើ​ទៅ​យូណេស្កូ​» ក្នុងខេត្ត​សៀមរាប​ ដើម្បីប្រមូលធាតុចូល និង​ពិនិត្យ​លើឯកសារ​ដាក់ស្នើ​ទៅ​យូណេស្កូ លើតម្បាញក្រមាប្រពៃណី។ សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមលើកចុងក្រោយ ពីក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការ សមាគម និងអ្នកស្រុក អំពីយន្តការអភិរក្ស លើកស្ទួយតម្បាញប្រពៃណីខ្មែរ ក៏ដូចជាពិនិត្យជាចុងក្រោយ លើសំណុំឯកសារតម្បាញក្រមាប្រពៃណី ដើម្បីដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

មន្ត្រីក្រសួងវប្បធម៌ បានរំលឹករឿងដែលកម្ពុជាធ្លាប់បំបែកឯតទគ្គកម្មក្រមា​វែងជាង​គេ​លើ​ពិភពលោក កាលពីឆ្នាំ២០១៨។ លោកអះអាងថា ការងារស្នើសុំចុះក្រមា ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ បាននិងកំពុងរៀបចំរយៈពេល ២ឆ្នាំមកហើយ។

លោកបានបញ្ជាក់យ៉ាងដូច្នេះ «យើងបានធ្វើការងារនេះ ២ឆ្នាំហើយ។ មកដល់ពេលនេះ យើងសម្រេចបានប្រមាណ ៧០ទៅ៨០% ហើយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ យើងបើកសិក្ខាសាលា ដើម្បីកែសម្រួលបញ្ចប់ឯកសារស្នើសុំ ដែលនឹងត្រូវដាក់ទៅយូណេស្កូ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ»

លោក រ័ត្ន សណ្តាប់

លោក នួន ភារម្យ

លោកបណ្ឌិត គិន ភា

លោក ស៊ីយ៉ុន សុភារិទ្ធ

លោក ឯម សុផល