(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមីនា​ ឆ្នាំ២០២៣នេះ បានផ្ញើសារចូលរួមរំលែកទុក្ខផ្ញើជូនលោកស្រី ឆាត់ គឹមហូវ ចំពោះមរណភាពរបស់ស្វាមីលោកស្រី គឺលោក ឡាយ ខែក ទីប្រឹក្សាអាជ្ញាធរគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងជាអតីតអ្នកតំណាង រាស្ត្រក្នុងអាណត្តិទី១។

សាររំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោកស្រី ឆាត់ គឹមហូវ មានខ្លឹមសារទាំងស្រុងដូច្នេះថា «ខ្ញុំ និងភរិយា មានក្តីរំជួលចិត្ត ក្រោយទទួលដំណឹងថា ឯកឧត្តម ឡាយ ខែក ទីប្រឹក្សាអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងជាអតីតអ្នកតំណាងរាស្ត្រក្នុងអាណត្តិទី១ ត្រូវជាស្វាមីរបស់លោកជំទាវ ដែលបានទទួលមរណភាព នៅវេលាម៉ោង ១១:១៥ នាទីយប់ កាលពីថ្ងៃអាទិត្យ ១៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវការសោកស្តាយជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព។ មរណភាពរបស់ឯកឧត្តម ឡាយ ខែក ជាការបាត់បង់នូវស្វាមី ឪពុក ជីតា និងជាការបាត់បង់ ឥស្សរជនខ្មែរមួយរូប ដែលកន្លងមកបានខិតខំតស៊ូលះបង់ កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតី ដើម្បីបម្រើដល់បុព្វហេតុនៃសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិ។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ឡាយ ខែក សូមឆាប់បាន ចាប់កំណើតកើត ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកជំទាវ ទទួលនូវមនោសញ្ចេតនា រំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំ និងភរិយា»