(ភ្នំពេញ)៖ ក្រោយមានការិះគន់ លើបណ្ដាញសង្គម Facebook ករណីចាក់បេតុងហ៊ុំដើមឈើ, នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក បានចុះណែនាំហាង «បេប៊ីអោតឡេត» ឲ្យរុះរើបេតុងនោះចេញវិញ និងរៀបចំឲ្យមានសោភ័ណ្ឌភាពល្អដូចដើម។

លោក ចាន់ បណ្ឌិត បានឲ្យដឹងថា ក្រោយមានការណែនាំពីលោក ជា ពិសី អភិបាលខណ្ឌទួលគោក, លោកបានដឹកនាំក្រុមការងារចុះណែនាំហាង «បេប៊ីអោតឡេត» បំពានលើចិញ្ចើមផ្លូវ ចាក់បេតុងហ៊ុំដើមឈើសាធារណៈចំនួន ៤ដើម នៅផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២។

ក្នុងឱកាសនោះ អាជ្ញាធរបានធ្វើកំណត់ហេតុណែនាំមិនអនុញ្ញាតឲ្យមានការធ្វើបែបនេះម្តងទៀតឡើយ ក្នុងករណីម្ចាស់ហាងមិនសហការ និងធ្វើឲ្យប៉ះពាល់ ឬងាប់ដើមឈើខាងលើនេះ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕