(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៦៖០៣នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១០ (GS10-F9) មូលហេតុដោយសារក្រុមការងាររបស់ក្រុមហ៊ុន SINOHYDRO CORPORATION LIMITED ប្រើប្រាស់អេស្កាវ៉ាទ័រកាយដីដាក់លូប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV)ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (២) ឃុំក្រាំងម្កាក់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការដោះខ្នែងបំបែកខ្សែបណ្ដាញ ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង ២០៖០០នាទីយប់។

អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕