(សៀមរាប)៖ ដើម្បីអបអរសាទរខួប ១៥ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក (២០០៨-២០២៣) និងខួប ១០ឆ្នាំ នៃការបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ ICC Preah Vihear (២០១៤-២០២៣) អាជ្ញាធរជាតិព្រះវិហារ បានរៀបចំសន្និសីទអន្តរជាតិពិសេសស្តីពីតំបន់បេតិកភណ្ឌព្រះវិហារ និងកោះកេរ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងលោកស្រី Dewani Uttam Khobragae អគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ជាសហប្រធានឥណ្ឌា និងលោកស្រី Zhu Ye អគ្គនាយករងរដ្ឋបាលវប្បធម៌ និងបេតិកភណ្ឌចិន ជាសហប្រធានចិន ព្រមទាំងតំណាងរដ្ឋសមាជិកចំនួន៤ ប្រទេសផ្សេងទៀត ដោយមានការចូលរួមផ្ទាល់ពីស្ថាប័នជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិសរុបប្រមាណ១០០នាក់ និងភ្ញៀវកិត្តិយសចូលរូមតាមប្រព័ន្ធវីដេអូប្រមាណ ៣០នាក់។

សន្និសីទអន្តរជាតិពិសេសនេះ មានគោលដៅបូកសរុបលទ្ធផលនៃការងារអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ និងកោះកេរ ក្នុងរយៈពេល ១០ឆ្នាំ ក្រោមយន្តការរបស់គណៈកម្មការអន្តរជាតិ ICC Preah Vihear។ ការងារសំខាន់ៗមួយចំនួនដែលអាជ្ញាធរជាតិព្រះវិហារសម្រេចបានកន្លងមកមានដូចជា៖ ការកំណត់ផែនទីហានិភ័យនៃប្រាសាទព្រះវិហារទាំងមូល, ការអន្តរាគមន៍ទល់ទ្រតាមកន្លែងដែលមានហានិភ័យខ្ពស់ចំនួនជាង ៣០កន្លែង, ការជួសជុលបង្គោលផ្កាឈូកនៅលើស្ពានហាលគោបុរៈទី២ និងគោបុរៈទី៤, ការស្តារប្រព័ន្ធបង្ហូរទឹកបុរាណតាមបណ្ដោយប្រាសាទព្រះវិហារដើម្បីទប់ស្កាត់ការខូចខាតដោយសារទឹកភ្លៀង, ការស្ដារបារាយណ៍បុរាណខាងលិចនិងខាងកើតឡើងវិញ, ការសាងសង់ជណ្ដើរឈើឡើងប្រាសាទខាងកើត និងការបណ្តុះបណ្តាលយុវជនឱ្យស្រឡាញ់ការពារតំបន់បេតិកភណ្ឌ។ល។

ជាមួយគ្នានេះដែរ ក្នុងក្របខណ្ឌ ICC-Preah Vihear អាជ្ញាធរជាតិព្រះវិហារទទួលបានការគាំទ្រ និងការចូលរួមពីបណ្ដាប្រទេសមួយចំនួនដូចជា៖ សហរដ្ឋអាមេរិកបាននិងកំពុងផ្តល់ថវិកាជួយជួសជុល និងអភិរក្សជណ្តើរបុរាណខាងជើងចាប់តាំងពីឆ្នាំ២០១៨ រហូតមក, ប្រទេសឥណ្ឌាបានចាប់ផ្ដើមការងារអភិរក្សនៅគោបុរៈទី៥, ប្រទេសចិននឹងចាប់ផ្តើមការងារអភិរក្សនៅគោបុរៈទី១, ២ និង៣, ប្រទេសប៊ែលហ្សិក បានជួយក្នុងការបោសសម្អាតមីន និងរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យសម្រាប់អាជ្ញាធរជាតិព្រះវិហារ, និងប្រទេសជប៉ុនបានជួយទ្រទ្រង់សកម្មភាពអភិវឌ្ឍសហគមន៍នៅតំបន់ជុំវិញរមណីយដ្ឋានព្រះវិហារ។

ដោយឡែកសាលាចុងបូព៌ាបារាំង (EFEO) កំពុងជួយការងារជួសជុលរូបបដិមាព្រះសិវៈរាំនៅកោះកេរ ព្រមទាំងសកវិទ្យាល័យ Waseda និងសកលវិទ្យាល័យ Toronto កំពុងធ្វើការសិក្សាស្រាវជ្រាវទីតាំងឡបុរាណ និងប្រព័ន្ធធារាសាស្ត្រនៅតំបន់កោះកេរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ៖