(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ដឹកនាំបើកសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២២ និងលើកទិសដៅការងារបន្ដឆ្នាំ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

យោងតាមរបាយការណ៍ បានឲ្យដឹងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបន្តសហការសម្របសម្រួលជាមួយស្ថាប័ន អង្គភាពអនុវត្តច្បាប់ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ក្នុងការពង្រឹងការអនុវត្តវិធានការច្បាប់ ក៏ដូចជាវិធានការរដ្ឋបាល។

គណៈកម្មការ បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនខុសច្បាប់តាមច្រកនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានបន្តការងារតាមគោលការណ៍ដឹកនាំរបស់គណៈបញ្ជាការយុទ្ធនាការ ក្នុងការពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់ និងឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋជនគ្រឿងញៀន ដោយបង្កើនកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ តំបន់ អនុតំបន់ ពិសេសសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសជិតខាង ដើម្បីទប់ស្កាត់ការចរាចរគ្រឿងញៀនគ្រប់ប្រភេទ ឆ្លងកាត់តំបន់ព្រំដែន។

ជាក់ស្តែង ក្នុងឆ្នាំ២០២២នេះ លទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន មានដូចតទៅ៖

* បទល្មើសគ្រឿងញៀនសរុប បង្ក្រាបបាន ៦,៣៩០ ករណី ស្មើនឹង១០១.៣០% ប្រៀបធៀបនឹងឆ្នាំ២០២១ (៦,៣០៨ករណី) មានចំនួនច្រើនជាង ៨២ករណី កើនឡើង១.៣០%
ជនសង្ស័យសរុប ឃាត់ខ្លួន ១៥,០០២នាក់/ស្រី៩៥២នាក់ ស្មើនឹង១០៧.៣២% ប្រៀបធៀបនឹងឆ្នាំ២០២១ (១៣,៩៧៩ នាក់) មានចំនួនច្រើនជាង ១,០២៣នាក់ កើនឡើង ៧.៣២% ក្នុងនោះ មានជនសង្ស័យជាជនជាតិខ្មែរ ១៤,៦៨៣នាក់ (ស្រី៦៩១នាក់) និងជនបរទេស៣១៩នាក់(ស្រី៤៣នាក់) ស្មើនឹង១០ជនជាតិ។

* គ្រឿងញៀនសរុប ចាប់យកបានចំនួន ១៤តោន ៩១៩គីឡូក្រាម ៤៦៧.០៧ក្រាម ស្មើនឹង៣១៨.១៤% ប្រៀបធៀបនឹងឆ្នាំ២០២១ (៤តោន ៦៨៩គីឡូក្រាម ៦១១.៤៧ក្រាម) មានចំនួនច្រើនជាង ១០តោន ២២៩គីឡូគ្រាម និង៨៥៥.៦០ក្រាម កើនឡើងប្រមាណ ៣ដង, កញ្ឆាស្រស់ កាប់បំផ្លាញបានចំនួន ៤៨,០៣៧ដើម និងចាប់យកកញ្ឆាក្រៀម បានចំនួន៦០គីឡូក្រាម ៣៧៤.៧៣ក្រាម, សារធាតុគីមីផ្សំ រឹបអូសបានចំនួន ៥០៤តោន ៥៧៧គីឡូក្រាម ស្មើនឹង៥៩៤,១៨% ប្រៀបធៀបនឹងឆ្នាំ២០២១ (មានចំនួន ៨៤តោន ៩២០គីឡូក្រាម) មានចំនួនច្រើនជាង ៤១៩តោន ៦៥៧គីឡូក្រាម កើនឡើង៤៩៤.១៨% ប្រមាណជា៥ដង។

គិតរួមទាំងការបង្ក្រាប និងរឹបអូសបានកាលចុងឆ្នាំ២០២១ កន្លងទៅ (ចំនួន ៨៤តោន ៩២០គីឡូក្រាម) មកដល់ដំណាច់ឆ្នាំ២០២២នេះ សារធាតុគីមីផ្សំដែលសមត្ថកិច្ចស្រាវជ្រាវរកឃើញធ្វើការបង្ក្រាប និងរឹបអូសបានមានចំនួនរហូតដល់ទៅជិត ៦០០តោន៕