(ភ្នំពេញ)៖ លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក តំណាងលោក ជា ពិសី អភិបាលខណ្ឌ បានដឹកនាំមន្ត្រីចុះពិនិត្យភ្លាមៗ និងឈានដល់ការធ្វើកំណត់ហេតុព្រមានដល់ទីតាំងផ្សារទំនើបមួយកន្លែង ឲ្យយកចិត្តទុកដាក់ថែរក្សាដើមឈើចំនួន៤ដើម ហើយមិនត្រូវរំលោភលើចិញ្ចើមផ្លូវសាធារណៈមកធ្វើអាជីវកម្មជាដាច់ខាត។

ការធ្វើកំណត់ហេតុណែនាំ ក៏ដូចជាការព្រមានយ៉ាងដូច្នេះ របស់អាជ្ញាធរខណ្ឌទួលគោក បានអនុវត្តឡើង បន្ទាប់ពីអាជ្ញាធរទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ថាម្ចាស់ទីតាំងផ្សារទំនើបមួយកន្លែងនេះ បានប្រើស៉ីម៉ង់ត៌ចាក់សាបលប់ជុំវិញគល់ឈើចំនួន៤ដើម និងមានការថតបង្ហោះផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក «ថាតើចាក់ការពារកុំឲ្យដើមឈើរលើងឫសង្កត់ឡានមែនទេ? ទីតាំងមុខក្រសួងសុខាភិបាល» នៃផ្សារទំនើប បេប៊ីអោតឡេត (Baby outlet) ផ្ទះលេខ៤៤ ផ្លូវលេខ២៨៩ ភូមិ១៦ សង្កាត់បឹងកក់ទី២ ខណ្ឌទូលគោក នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងកំណត់ហេតុរបស់អាជ្ញាធរខណ្ឌទួលគោក បាននិយាយថា ពេលចុះដល់ទីតាំងក្រុមការងារបានពិនិត្យឃើញថា៖ ទីតាំងខាងលើបានចាក់សាបលប់គល់ឈើនៅលើចិញ្ចើមផ្លូវ២៧៨ ចំនួន៤ដើម។ ក្រោយពិនិត្យរួចក្រុមការងារបានធ្វើការណែនាំដល់ម្ចាស់ទីតាំងដូចខាងក្រោម៖

*ត្រូវគាស់កាយសាបជំវិញគល់ឈើទាំង៤ដើមប្រវែង០,៥ម៉ែត្រ ហើយត្រូវថែរក្សាដើមឈើទាំង៤ដើមនេះឲ្យបានល្អ។
*មិនត្រូវរំលោភចិញ្ចើមផ្លូវសាធារណៈយកទៅធ្វើអាជីវកម្មជាដាច់ខាត។
*ក្នុងករណីដើមឈើទាំង៤ដើមនេះងាប់ម្ចាស់ទីតាំងត្រូវទទួលខុសត្រូវ ក្នុងការដាំឡើងវិញ រួចថែរក្សាឲ្យបានល្អ ហើយបើមិនអនុវត្តតាមការណែនាំ នោះរដ្ឋបាលខណ្ឌ នឹងចាត់វិធានការដោយមិនទទួលខុសត្រូវលើការខូចខាត ឫបាត់បង់សម្ភារឡើយ៕