(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីគម្រោងចំនួន៨០ ក្រោមមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ នេះបើតាមសារលិខិតអបអរសាទររបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសារទរ «ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣» ដែលបណ្តាញ Fresh News ទទួលបាន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

ប្រមុខការទូតកម្ពុជា បានលើកឡើងថា នៅក្នុងបរិបទពិភពលោកកំពុងធូរស្រាលឡើងវិញពីវិបត្តិសុខភាពសកលដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងកំពុងជួបប្រទះជាមួយភាពមិនច្បាស់លាស់មួយចំនួន យើងបានពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើង ឱ្យកាន់តែស៊ីជម្រៅក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមទាំងអស់នេះ ដើម្បីធានាឱ្យបាននូវសុវត្ថិភាព និងការបើកទូលាយក្នុងតំបន់។ ក្នុងរយៈពេលប្រាំពីរឆ្នាំកន្លងមកនេះ តាមរយៈការជំរុញកិច្ចសហការយ៉ាងជិតសិ្នទ្ធរវាងប្រទេសសមាជិកមេគង្គ-ឡានឆាង និងការសង្កត់ធ្ងន់លើបំណងប្រាថ្នារួមរបស់យើង ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងអនាគតរួមគ្នាប្រកបដោយវិបុលភាព យន្តការរបស់យើងរក្សាបាននូវការរីកចម្រើនលើគ្រប់រូបភាពនៃការអភិវឌ្ឍន៍ ជាពិសេសផ្តោតសំខាន់លើការកសាងភាពធន់របស់យើង តាមរយៈកំណើនប្រកបដោយចីរភាព។    

លោកបន្តថា ជាមួយនឹងការចាប់ផ្តើមអនុវត្តផែនការសកម្មភាពកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣-២០២៧ យើងនឹងផ្តោតសំខាន់លើវិស័យអភិវឌ្ឍន៍ជាអាទិភាព ដោយបន្តកសាងលើសមិទ្ធិផលដ៏ធំធេងដែលសម្រេច បានពីផែនការសកម្មភាពកន្លងមក។ លោកបន្ថែមថា លោកមានសេចក្តីពេញចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី៧ កាលពីឆ្នាំមុន នៅទីក្រុងបាកាន ប្រទេសមីយ៉ាន់ម៉ា ដែលបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវស្មារតីនៃកិច្ចសហប្រតិបត្តិការល្អ សំដៅជំរុញសមាហរណកម្មនៅក្នុងអនុតំបន់របស់យើង។

លោក ប្រាក់ សុខុន ថ្លែងទៀតថា «បន្ថែមលើនេះ លទ្ធផលជាវិជ្ជមាននៃការអនុវត្តគម្រោង ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានឆ្លើយតបចំពោះតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់ប្រជាជនយើងនៅក្នុងតំបន់មេគង្គ-ឡានឆាង។ សម្រាប់កម្ពុជា យើងបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីគម្រោងចំនួន៨០ ក្រោមមូលនិធិពិសេសនេះ ដែលមានទឹកប្រាក់ប្រមាណ ៣១លានដុល្លារអាមេរិក»

លោកបន្តថា វិសាលភាពនៃសកម្មភាពកិច្ចសហ-ប្រតិបត្តិការនេះ មានភាពចម្រុះ និងគ្របដណ្តប់លើវិស័យអាទិភាពជាច្រើនរាប់ចាប់តាំងពីវិស័យអភិវឌ្ឍន៍ជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស សុខភាព ការអប់រំ ទេសចរណ៍ ការអភិរក្សបេតិកភណ្ឌវប្បធម៌ រហូតដល់ការពង្រឹងភាពអង់អាចដល់ស្ត្រី ក្នុងចំណោមវិស័យអាទិភាពដទៃទៀត។ លោកបានថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅជូនចំពោះសាធារណៈរដ្ឋប្រជាមានិតចិន សម្រាប់ការប្តេជ្ញាចិត្តដ៏មុតមាំ និងការចូលរួមយ៉ាងសកម្មរបស់ខ្លួន ក្នុងការលើកកម្ពស់ក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សំដៅធានាភាពជោគជ័យនៃគំនិតផ្តួចផ្តើមនេះរហូតមកដល់សព្វថ្ងៃ។

លោក ប្រាក់ សុខុន ថ្លែងទៀតថា «ខ្ញុំទន្ទឹងរង់ចាំនូវការវិវត្តទៅមុខនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងការប្រែក្លាយយន្តការអនុតំបន់មួយនេះ ដោយមិនត្រឹមតែបំពេញបន្ថែមដល់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ការអនុវត្តភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងឈានទៅសម្រេចឱ្យបាននូវខ្សែក្រវ៉ាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង នៅក្នុងសហថាមភាពជាមួយនឹងច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោក-សមុទ្រ»

លោកបន្តថា នៅក្នុងបរិបទនេះ កម្ពុជានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឱ្យក្លាយជាយន្តការមួយនៃយន្តការអនុតំបន់ដែលមានសារៈសំខាន់ សំដៅគាំទ្រដល់ពហុភាគីនិយម ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ថ្នាក់ដឹកនាំរបស់យើង ក្នុងការកសាងសហគមន៍ដែលមានអនាគតរួមគ្នា ប្រកបដោយសន្តិភាព និងវិបុលភាព៕