(ភ្នំពេញ)៖ ក្រុមគ្រូពេទ្រដែលជាគ្រូបង្គោលចំនួន១៧២នាក់ ទទួលបានការបណ្ដុះបណ្ដាលផ្នែកសង្គ្រោះបឋមលើប្រធានបទជាច្រើន ដើម្បីយកទៅបណ្ដុះបណ្ដាលបន្តដល់ក្រុមពេទ្យដទៃទៀត សំដៅត្រៀមខ្លួនបំពេញបេសកកម្មសង្គ្រោះបឋមដល់មហាជនក្នុងពេលរៀបចំព្រឹត្តិការណ៍ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនាពេលខាងមុខ។

វគ្គបណ្ដុះបណ្ដាលនេះមានចំនួន៤វគ្គ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-២១ ខែមីនា ឆ្នាំ២០២៣ ហើយត្រូវបានបិទបញ្ចប់នារសៀលថ្ងៃទី២១ ខែមីនា នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោមអធិបតីភាពលោក សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល។

លោកវេជ្ជបណ្ឌិត សុខ ស្រ៊ុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ក្រសួងសុខាភិបាល បានឱ្យដឹងថា ការបណ្ដុះបណ្ដាលនេះគឺមានគ្រូបង្គោលមកពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យព្រះកុសមៈ មន្ទីរពេទ្យសម្ដេចតេជោសន្តិភាព មន្ទីរពេទ្យកាល់ម៉ែត ដែលបានបង្ហាត់បង្ហាញបច្ចេកទេសបណ្ដុះបណ្ដាលដល់សិក្ខាកាមទាំង១៧២នាក់ ក្នុងចំណោមក្រុមគ្រូពេទ្យជាង១ពាន់នាក់ ដែលទទួលបន្ទុកផ្នែកសង្គ្រោះមហាជនក្នុងព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា​ ឆ្នាំ២០២៣ ខាងមុខ។

លោកប្រធាននាយកដ្ឋានបានបន្តថា វគ្គបណ្តុះបណ្តាលនេះគឺបង្រៀនទាំងទ្រឹស្តី មេរៀន មានវីដេអូ និងតម្រូវឱ្យមានការអនុវត្តជាក់ស្ដែងគ្រប់មុខវិជ្ជា និងគ្រប់សិក្ខាកាមទាំងអស់។ ប្រធានបទដែលបានយកមកបណ្ដុះបណ្ដាលនោះ រួមមាន៖
១. ការគ្រប់គ្រង និងការប្រើប្រាស់សម្ភារៈក្នុងរថយន្តសង្គ្រោះ។
២. ការទទួល និងផ្ដល់ពត៌មានរបស់ជនរងគ្រោះទៅកាន់មន្ទីរពេទ្យ មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
៣. ការគ្រប់គ្រងស្ថានភាពអ្នកជំងឺនៅកន្លែងកើតហេតុ និងពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
៤. ការចល័តជនរងគ្រោះ ឬអ្នកជំងឺទៅទីតាំងដែលមានសុវត្តិភាព។
៥. ការយល់ដឹងអំពីវិធីសង្គ្រោះអ្នកជំងឺប៉ះទង្គិច (Trauma Sport and Trauma Traffic) ដោយគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ដោយសារកីឡា។
៦. ទ្រឹស្តី និងអនុវត្តការជួយសង្គ្រោះអ្នកជំងឺដែលមានបញ្ហាផ្លូវដង្ហើម និងចរន្តឈាម បេះដូង CPR។
៧. ការសង្គ្រោះចំពោះអ្នកជំងឺស្លាក់ Choking កម្រិតស្រាល និងធ្ងន់។

លោកវេជ្ជបណ្ឌិត សុខ ស្រ៊ុន បានបន្តថា ការបណ្ដុះបណ្ដាលសង្គ្រោះបឋមនេះគឺបានប្រព្រឹត្តទៅចំនួន៤វគ្គមកហើយ ដែលបានជំនួយហិរញ្ញវត្ថុពីអង្គការសុខភាពពិភពលោក (WHO) និងមានការគាំទ្របច្ចេកទេសពីអង្គការ JICA និងសាកលវិទ្យាល័យ Kokushikan។

លោក តូម៉ូយ៉ា គីណូស្សឹ (Tomoya KINOSHI) សាស្ត្រាចារ្យនៃសាកលវិទ្យាល័យកូគុស្ស៉ីកាន (Kokushikan University) បានឱ្យដឹងថា សាកលវិទ្យាល័យកូគុស្ស៉ីកាន តាមរយៈអង្គការ JICA របស់ជប៉ុន គឺបានសហការជាមួយក្រសួងសុខាភិបាលកម្ពុជា គាំទ្របច្ចេកទេសក្នុងការបណ្ដុះបណ្ដាលដល់សិក្ខាកាម ដឹកនាំគ្រូបង្គោលកម្ពុជាទៅទទួលការបំពាក់បំប៉ននៅប្រទេសជប៉ុនផ្ទាល់តែម្ដង និងបានជួយជាបច្ចេកទេសក្នុងការបណ្ដុះបណ្ដាលដល់សិក្ខាកាមកម្ពុជាទាំង១៧២នាក់នេះថែមទៀត។ នៅថ្ងៃស្អែក ក្រុមការងារនឹងទៅបណ្ដុះបណ្ដាលវគ្គសង្គ្រោះបឋមដូចគ្នានេះដល់សិក្ខាកាមចំនួន២១នាក់ទៀតនៅខេត្តព្រះសីហនុ (សិក្ខាកាមនៅខេត្តព្រះសីហនុ មកពីខេត្តកំពត់ និងខេត្តកែប)។

លោកសាស្ត្រាចារ្យ តូម៉ូយ៉ា គីណុស្សឹ បានបញ្ជាក់ថា ដោយសារកាលពីឆ្នាំ២០២១ ប្រទេសជប៉ុនបានទទួលរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ហើយទទួលបានបទពិសោធន៍យ៉ាងច្រើនពីការរៀបចំប្រព័ន្ធសង្គ្រោះបឋម និងសុខាភិបាលកីឡាករនិងមហាជន ដូច្នេះហើយទើបសាកលវិទ្យាល័យកូគុស្ស៉ីកាននាំយកបទពិសោធន៍ និងបច្ចេកទេសទាំងនោះមកផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលបន្តដល់សិក្ខាកាមកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យការគ្រប់គ្រងផ្នែកសុខាភិបាលក្នុងព្រឹត្តិការណ៍ស៉ីហ្គេមនៅកម្ពុជាអនុវត្តទៅដោយរលូន និងល្អប្រសើរ។

ជាមួយគ្នានោះ លោករដ្ឋលេខាធិការ សាន់ សាប់អី បានស្នើយ៉ាងទទូចដល់សិក្ខាកាម ក៏ដូចជាក្រុមគ្រូពេទ្យដែលមានភារកិច្ចចូលរួមក្នុងបេសកកម្មនាពេលព្រឹត្តិការណ៍ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ត្រូវពង្រឹងស្មារតីយកចិត្តទុកដាក់ក្នុងការងាររៀងៗខ្លួន ត្រូវមានបដិសណ្ឋារកិច្ចល្អចំពោះអ្នកជំងឺ-ជនរងគ្រោះទោះក្នុងកាលៈទេសៈណាក៏ដោយ។

លោកបានបញ្ជាក់ថា ការអនុវត្តផ្នែកសុខាភិបាលបានល្អ គឺចូលរួមលើកស្ទួយមុខមាត់ប្រទេសជាតិ កិត្តិយសប្រទេសកម្ពុជា ក្នុងឱកាសរៀបចំព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា​ ឆ្នាំ២០២៣ ខាងមុខនោះ។

លោករដ្ឋលេខាធិការបានបន្តថា ក្រៅតែអំពីការបំពេញបេសកកម្មសង្គ្រោះបឋមនៅក្នុងព្រឹត្តិការណ៍ខាងលើនេះ ក្រុមគ្រូពេទ្រដែលទទួលបានការបណ្ដុះបណ្ដាលនេះក៏ត្រូវយកចំណេះ ជំនាញទាំងអម្បាលម៉ានទៅបង្ហាត់បង្រៀនបន្តដល់ក្រុមគ្រូពេទ្យក្នុងមូលដ្ឋានការងាររបស់ខ្លួន និងត្រូវប្រើប្រាស់ឱ្យបានត្រឹមត្រូវក្នុងការសង្គ្រោះអ្នកជំងឺ-ជនរងគ្រោះនាថ្ងៃមុខទៀត មិនមែនប្រើប្រាស់តែពេលស៉ីហ្គេមនោះឡើយ។

គួរជម្រាបថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នឹងត្រូវប្រារព្ធឡើងចាប់ផ្តើមពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣, រីឯអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ៕