(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា មិនមាននរណាធ្វើឱ្យប្រទេសចិន ចុះខ្សោយនោះឡើយ ​ព្រោះចិនគឺជាប្រទេសមួយដែលមានប្រជាជាតិច្រើនជាងគេនៅលើពិភពលោក​ ដែលមិនអាចមានអ្នកណាទៅ​រារាំង​ទៅលើការរីកចម្រើនលូតលាស់របស់ចិនបានឡើយ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងក្នុង​ឱកាសសម្តេចអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រ​ជូននិស្សិតវិទ្យាស្ថាន វ៉ាន់ដា ជិត៥ពាន់នាក់ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ្នកខ្លះគឺថា បន់ឱ្យចិនចុះខ្សោយ ធ្វើឱ្យចិនចុះខ្សោយ តើអាចទៅរួចទេ នៅក្នុងបញ្ហាដែលធ្វើឱ្យចិនចុះខ្សោយ វាមិនអាចទៅរួចទេ ចិនក៏ជាប្រទេសមួយដែលមានប្រជាជាតិច្រើនជាងគេនៅលើពិភពលោកផង អ្នកណាទៅអាចរារាំងចិនបានទៅលើការរីកលូតលាស់របស់ចិន។​ ខ្ញុំនៅតែចាំបានថា នៅទីក្រុងតូក្យូគឺគេដាក់សំណួរសួរខ្ញុំថាតើ អ្នកឯងមានការព្រួយបារម្ភដែរទេ ចំពោះមុខការគម្រាមកំហែងរបស់ចិន មុនពេលដែលចិនចូលអង្គការពាណិជ្ជកម្មពិភពលោក ហ្នឹងនៅក្នុងឆ្នាំ២០២១។ ខ្ញុំឆ្លើយថា អ្នកណា អ្នករារាំងការរីកចម្រើនចិនបាន?»

សម្តេចមានប្រសាសន៍ទៀតថា ភាពខ្លាំង និងការរីកចម្រើនលូតលាស់របស់ចិន បានផ្តល់ផលចំណេញយ៉ាងច្រើន ដល់កម្ពុជា និងអាស៊ាន តាមរយៈការនាំចេញទំនិញ ការនាំចូលវត្ថុធាតុ(ក្រណាត់សម្រាប់ផលិតកម្មកាត់ដេរ) និងភ្ញៀវទេសចរដែលបានចេញដើរកម្សាន្ត ក្នុងនោះកម្ពុជាទទួលបានភ្ញៀវទេសចរជាង២លាននាក់ មុនពេលរីករាលដាលជំងឺកូវីដ១៩។ ​

​សម្តេចមានប្រសាសន៍ថា ស្របពេលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិន, ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-ចិន, និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ដែលហៅថា RCEP បានធ្វើ​​​ឱ្យចិនបានក្លាយជាទីផ្សារដ៏ធំសម្រាប់ប្រទេសអាស៊ាន និងកម្ពុជា ​ ដែលសម្តេចកាត់សម្គាល់ថា អាស៊ានបាននាំចេញទៅប្រទេសចិន ច្រើនជាងចិននាំចូលមកប្រទេសអាស៊ានវិញ។

សម្តេចតេជោ មានប្រសាសន៍បន្ថែមថា «ចិនជាទីផ្សារធំណាស់ ផលចំណេញគឺបានមកទីផ្សារអាស៊ាន អាស៊ាននាំទៅចិនច្រើនជាង ចិននាំចេញមកអាស៊ាន។ ចិនគឺជាប្រទេសដែលផ្គត់ផ្គង់វត្ថុធាតុដើម ឱ្យប្រទេសដែលមាន​មានផលិតកម្មដូចជាយើង ​។វិស័យដេរ គឺ៨០%នៃសាច់ក្រណាត់ត្រូវបាននាំពីចិន។ អ៊ីចឹងបានគេឃើញ ចិនបាននាំចូលកម្ពុជា ច្រើនជាងកម្ពុជា នាំចេញទៅចិន តើមានមូលហេតុអី មូលហេតុស្ថិតនៅត្រង់បញ្ហាកម្ពុជាត្រូវការវត្ថុធាតុដើមរបស់ចិន ដើម្បីមកធ្វើពលកម្ម កាត់ដេរនៅប្រទេសយើង ហើយយើងនាំចេញទៅប្រទេសផ្សេង។ គ្រាន់តែកូវីដ ដើមឆ្នាំ២០២០ ខ្ញុំសម្រុកសំណូមពរឱ្យចិន ផ្តល់អទិភាពផ្គត់ផ្គង់វត្ថុធាតុដើម គឺសាច់ក្រណាត់មកកាន់កម្ពុជា ចិនបានខិតខំដើម្បីជួយយើង ហើយតាមរយៈយើង បានផ្គត់ផ្គង់ទៅកាន់ទីផ្សារនានាផងដែរ។»

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនសម្រេចបានជាង១១ពាន់លានដុល្លារ កើនឡើង៤.៤% ក្នុងនោះកម្ពុជានាំចេញទៅចិនក្នុងតម្លៃ ១.២ពាន់លានដុល្លារ និងចិននាំចូលកម្ពុជាវិញតម្លៃជាង១០ពាន់លានដុល្លារ៕