(ភ្នំពេញ)៖ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រត្តិបត្តិក្រុមការងារគ្រូពេទ្យស្ម័គចិត្តលោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ដោយគិតត្រឹមពេលនេះមានសាស្ត្រាចារ្យ មន្ត្រី បុគ្គលិក រួមនឹងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សរុបចំនួន ២,១៥៧ នាក់ហើយ ដែលបានចូលរួមការងារមនុស្សធម៌ជាមួយនឹងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងបានជួយជ្រោមជ្រែងការងារជាច្រើន រហូតមកដល់បច្ចុប្បន្ននេះ។

ការបញ្ជាក់របស់លោក លេង ផាលី តំណាងលោក ហ៊ុន ម៉ានី បានធ្វើឡើងនៅក្នុង «ពិធីសំណេះសំណាលជាមួយសមាជិក ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល» នាព្រឹកថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល សាកលវិទ្យាធិការ និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តលោក ហ៊ុន ម៉ានី ទទួលបន្ទុកជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តលោក ហ៊ុន ម៉ានី ប្រចាំ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងមានការចូលរូមពីនិស្សិតប្រមាណ៣៥០នាក់។

ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានគណៈអធិបតីនាឱកាសនេះ។ លោកសាកលវិទ្យាធិការ ក៏បានរាយការណ៍ពីវឌ្ឍនភាព នៃការបណ្តុះបណ្តាល នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងការចូលរួមយ៉ាងក្លៀវក្លារបស់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងការងារសង្គម ជាពិសេសការងារស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា កាកបាទក្រហម ក៏ដូចជាសកម្មភាពមនុស្សធម៌ ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នាពេលនេះ ​និងពេលកន្លងមក។

ជាមួយគ្នានោះដែរ លោក លេង ផាលី បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់ លោក ហ៊ុន ម៉ានី ចំពោះសមាជិក សមាជិការអង្គពិធីទាំងអស់។ លោកក៏បានរំលេចពីសក្តានុពល និងឧត្តមប្រយោជន៍កើតចេញពីការងារស្ម័គ្រចិត្តនេះ តាមរយៈការឈ្លេចយកនូវបទពិសោធន៍ជាក់ស្តែង នៃសកម្មភាពការងារ និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោកហ៊ុន ម៉ានី។ បន្ថែមពីនោះ លោកបានសម្តែងនូវការកោតសរសើរ ចំពោះឆន្ទៈដ៍ប្រពៃនៃការចូលរួមសកម្មភាពមនុស្សធម៌ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី មកពី សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

បន្ថែមពីនោះ លោក លេង ផាលី បានឲ្យដឹងទៀតថា «ក្នុងរយៈពេល ១១ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៨ មីនា ឆ្នាំ២០២៣) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើរ របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ១១,៧០៦នាក់ (មួយម៉ឺនមួយពាន់ប្រាំពីររយប្រាំមួយនាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៣៦៥នាក់ (ប្រាំមួយពាន់មីរយហុកសិបប្រាំនាក់)»

លោកបន្ថែមថា «ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តលោក ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននិងកំពុងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១០,៤១៧,០០៤ដូស (ដប់លាន សែសិបមួយម៉ឺនប្រាំពីរពាន់បួន ដូស) ក្នុង ២៥ រាជធានី-ខេត្ត ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងាយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៥៧៧,៦៥៩,០៥០ដុល្លារ (ប្រាំរយចិតសិបប្រាំពីរលាន ហុកសិបប្រាំម៉ឺន ប្រាំបួនពាន់ ហាសិប ដុល្លារសហរដ្ឋអាមេរិក)»

ជាចុងក្រោយ លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមទៀតថា «ពិតជាត្រឹមត្រូវណាស់ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាតម្រូវការចាំបាច់ ដើម្បីអនាគតល្អយូរអង្វែងសំរាប់កូនចៅយើងជំនាន់ក្រោយ និងជាតិមាតុភូមិរបស់យើង។ ដូចនេះនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នានឹងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាបន្តទៅទៀត។ សូមអរគុណបងប្អូនទាំងអស់ ដែលតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ យើងទាំងអស់គ្នាប្តេជ្ញារួបរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្សជានិច្ចនិរន្តរ៍។ សន្តិភាព និង គោលនយោបាយវ៉ាក់សាំង បានផ្តល់ឱកាសឱ្យមានការជួបជុំ និងបើកសេដ្ឋកិច្ចជាតិឡើងវិញ»

សូមបញ្ជាក់ផងដែរថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លា ​ដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ៨៦៧លើក, ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១១,៥៥៣,១៨១នាក់ (ដប់មួយលានហាសិបប្រាំម៉ឺនបីពាន់មួយរយប៉ែតសិបមួយនាក់) ក្នុងនោះស្ត្រីមានចំនួន ៥,៩០១,២៩៨នាក់ (ប្រាំលានកៅសិបម៉ឺនមួយពាន់ពីររយកៅសិបប្រាំបីនាក់) គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានចំនួនជាង ១ ភាគ ២ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន១៧,០៩១,៤៦៤នាក់ (ដប់ប្រាំពីរលានប្រាំបួនម៉ឺនមួយពាន់បួនរយហុកសិបបួននាក់) ធៀបនឹងឆ្នាំ២០២៣ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ជូនដល់ពលរដ្ឋ»៕