(ភ្នំពេញ)៖ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងអស់ បន្តបង្កើនការត្រួតពិនិត្យ ការហាមឃាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិក នៅក្នុងបរិវេណគ្រឹះស្ថានរបស់ខ្លួន ឱ្យបានស្របតាមអនុសាសន៍ ដែលបានលើកឡើងនៅក្នុងការស្រាវជ្រាវ ស្តីពីការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឆិ៍ ធី ភី នៅតាមគ្រឹះស្ថានសិក្សា ដែលធ្វើឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។

លោកស្រី គឹម សេដ្ឋានី បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ នៅមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ នាឱកាសដែលលោកស្រី អញ្ជើញជាអធិបតីដឹកនាំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល ស្តីពីការអង្គេត​ និងផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិច​ ដោយមានការចូលរួមពីគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅ និងលោកគ្រូ អ្នកគ្រូ ជាច្រើនរូបផងដែរ។

លោកស្រី គឹម សេដ្ឋានី ក៏បានសំណូមពរបន្ថែមដល់ក្រសួង /ស្ថាប័នមានសមត្ថកិច្ច គប្បីចាត់វិធានការតាមច្បាប់ ចំពោះការចែកចាយបារីអេឡិចត្រូនិក ពិសេសការផ្សព្វផ្សាយលក់តាមបណ្តាញសង្គម ជាអាទិ៍ ហ្វេសប៊ុក តិកតុក អ៊ីនស្តាក្រាម ជាដើម ដែលទាំងនេះជាប្រភពចម្បងនៃចែកចាយបារីអេឡិចត្រូនិកដល់កុមារ និងយុវជនវ័យក្មេង។ ជាងនេះទៀតក្រសួង ស្ថាប័នមានសមត្ថកិច្ចទទួលបន្ទុក គប្បីពិនិត្យលទ្ធភាពគ្រប់គ្រង ហាមឃាត់ការនាំចូលបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី គ្រប់ប្រភេទ ក្នុងគោលបំណងបង្ការធនធានយុវជន និងកុមារ ពីការបំផ្លាញសុខភាពនិងអនាគតដោយផលិតផលនេះ។

លោកស្រី បានបន្ថែមទៀតថា បើតាមការស្រាវជ្រាវមួយរបស់ក្រសួងអប់រំយុវជន និងកីឡា ដោយមានការគាំទ្រពីអង្គការចលនាដើម្បីសុខភាពកម្ពុជា កាលពីពេលថ្មីៗនេះសម្រាប់រាជធានីភ្នំពេញ សៀមរាប ស្វាយរៀង បានរកឃើញថា សិស្សច្រើនលើសលុបបានដឹង និងស្គាល់ពីបារីអេឡិចត្រូនិក និងច្រើនជាង ៥០%បានស្គាល់តាមរយៈបណ្ដាញព័ត៌មានសង្គម ដូចជាហ្វេសប៊ុក និងតិកតុក ជាដើម។ ទន្ទឹមនឹងនេះមានគ្រូនិងសិស្សជាង៦០% បានបញ្ជាក់ថា មិនបានយល់ដឹងពីផលប៉ះពាល់នៃបារីអេឡិចត្រូនិកឡើយ និងបានអះអាងថា អ្នកដែលកំពុងប្រើបារីអេឡិចត្រូនិកនោះ គឺដោយសារតែជឿតាមការឃោសនារបស់អ្នកលក់ថាជាម៉ាស៊ីនផ្ដាច់បារី និងមានសុវត្ថិភាព។

លោកស្រី គឹម សេដ្ឋានី បានបន្ថែមទៀតថា ការស្រាវជ្រាវនេះក៏បានបង្ហាញទៀតថា ការហាមឃាត់ការប្រើប្រាស់ និងការចែកចាយបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី(HTPs) នៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនកន្លងមក គឺមានប្រសិទ្ធភាពល្អ ប៉ុន្តែទន្ទឹមគ្នានេះការអប់រំផ្សព្វផ្សាយពីផលប៉ះពាល់អវិជ្ជមានទៅលើសុខភាព និងសុខុមាលភាពធនធានមនុស្សកម្ពុជា ដែលបង្កដោយការសេពបារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី ហាក់នៅមានកម្រិត និងមិនទាន់ឆ្លើយតបទៅនឹងគោលដៅគោលនយោបាយលើកកម្ពស់សុខភាពសិក្សានៅឡើយ។

គួរបញ្ជាក់ផងដែរថា ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលបារីអេឡិចត្រូនិកនៅកម្ពុជា ត្រូវបានហាមឃាត់តាំងពីឆ្នាំ២០១៤ មកម្ល៉េះ។ លុះដល់ឆ្នាំ២០២១ កម្ពុជាបានហាមឃាត់បន្ថែមទៀតលើការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផលអេចឈ៍ ធី ភី (HTPs) បន្ថែមទៀត៕