(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានប្រកាសពង្រីក ការប្រើប្រាស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS) នៅតាមស្ថាប័នថ្នាក់ជាតិ និងមូលដ្ឋានថ្នាក់ក្រោមជាតិដែលនៅសេសសល់។ ​

ថ្លែងក្នុងពិធីប្រកាសពង្រីកការប្រើប្រាស់មុខងាររបស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS), ពង្រីកការអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង, ពង្រីកការប្រើប្រាស់ FMIS Portal ជំនាន់ទី ១ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង ការប្រកាសដាក់ឱ្យអនុវត្តគម្រោងរៀបចំមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៅក្រសួងចំនួន៥ដំបូង​ ​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ បានថ្លែងថា ការពង្រីកវិសាលភាពនៃការប្រើប្រាស់ក ម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជាមួយនឹងការពង្រីកការអនុវត្តនីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង គឺជាចំណែកនៃគន្លងការងារថ្មីរបស់រាជរដ្ឋាភិបាល ផ្អែកតាមក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ។

​អគ្គបណ្ឌិតសភាចារ្យមានប្រសាសន៍ថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅតែបន្តមានមហិច្ឆតា ពង្រីកវិសាលភាពនៃការប្រើប្រាស់ FMIS រហូតដល់អង្គភាពអនុវត្តថវិកា និង អង្គភាពចំណាយថវិការដ្ឋ នៅគ្រប់ទិសទីនៅទូទាំងប្រទេស​ ជាពិសេស បន្តធ្វើបរិវត្តកម្មឌីជីថលថ្មីៗបន្ថែមទៀត ដោយផ្សារភ្ជាប់ទៅនឹងមុខងារដែលមានស្រាប់ និង មុខងារ ដែលនឹងត្រូវអភិវឌ្ឍថ្មីរបស់FMIS រួមទាំងការប្រែក្លាយនីតិវិធីអនុវត្តការងារដោយដៃបច្ចុប្បន្ន និង ជាក្រដាស ទៅជានីតិវិធីតាមបែបឌីជីថលទាំងស្រុង ។

​អគ្គបណ្ឌិតសភាចារ្យមានប្រសាសន៍បន្ថែមថា «មន្ត្រីរាជការត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ ក្នុងការរៀនសូត្របន្ថែម និង ចាប់យកឱ្យបាននូវការផ្លាស់ប្តូរ របៀបធ្វើការងារថ្មី, បង្កើនភាពស៊ាំឱ្យបានលឿន, តាមឱ្យទាន់កាលៈទេសៈនៃការវិវឌ្ឍសង្គម និង សេដ្ឋ​កិច្ចឌីជីថល»

​លោកសង្ឃឹមថា ថ្នាក់ដឹកនាំ និង មន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលមានតួនាទី និង ភារកិច្ច ក្នុងការបំពេញកិច្ចការគ្រប់គ្រងថវិកា និង ហិរញ្ញវត្ថុសាធារណៈ នឹងប្រឹងប្រែងលះបង់នូវប្រយោជន៍សួនតួកន្លងមក ហើយបែមកគិតគូរប្ដេជ្ញាចិត្ត ឱ្យបានមុតមាំតាមគំរូលះបង់ និង ប្រកបដោយវីរភាពដ៏អង់អាចរបស់សម្តេចតេជោ នាយក​ រដ្ឋមន្រ្តី ដែលតែងតែតម្កល់ប្រយោជន៍ជាតិជាធំ ។ លោកសូមលើកទឹកចិត្តដល់មន្រ្តីរបស់យើង ឱ្យផ្លាស់ប្ដូរផ្នត់គំនិត មកទទួលយកនូវបរិបទថ្មី នៃការផ្លាស់ប្ដូររបៀបរបបបំពេញការងារ ព្រមទាំងខិតខំបំពេញភារកិច្ចរបស់ខ្លួន ឱ្យបានត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ ដោយគិតពីប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាជាតិ និង «តម្លៃនៃលុយ» ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើង ជាលំដាប់ ។

​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ តាមរយៈក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាននូវលទ្ធផលគោលដៅធំៗមួយចំនួន ​​ក្នុងការឆ្លើយតបទៅនឹងផែនការ ដែលត្រូវបានដាក់ចេញសម្រាប់ឆ្នាំ ២០២៣ ក្នុងក្របខណ្ឌផែនការរួម ដំណាក់កាលទី៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងផែនការពង្រីកការអនុវត្តគម្រោង FMIS ​រួមមាន៖

១. បានបញ្ចប់ការរៀបចំ និង អភិវឌ្ឍប្រព័ន្ធ ដើម្បីដាក់ឱ្យអនុវត្តនីតិវិធីចំណាយថវិកាចរន្តគ្រប់មុខសញ្ញា តាម FMIS ទាំងស្រុង សម្រាប់ក្រសួង-ស្ថាប័នចំនួន៥បន្ថែម​

២. បញ្ចប់ការរៀបចំ និង អភិវឌ្ឍប្រព័ន្ធ ដើម្បី ដាក់ឱ្យអនុវត្តនីតិវិធីចំណាយថិវកាទូទាត់សេវាបំណុល ក្នុងជំពូក ៥០ និង ៦៦ តាម FMIS ទាំងស្រុង នៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​

៣. បានបញ្ចប់ការរៀបចំ និង អភិវឌ្ឍប្រព័ន្ធ ដើម្បីដាក់ឱ្យប្រើប្រាស់កម្មវិធី FMIS Portal ជំនាន់ទី ១ ទៅកាន់រដ្ឋបាលក្រុង-ស្រុក និង ឃុំ-សង្កាត់ សរុបចំនួន ៥៤២ បន្ថែម​

៤. បានបញ្ចប់ការរៀបចំ និង អភិវឌ្ឍប្រព័ន្ធ ដើម្បីដាក់ឱ្យប្រើប្រាស់មុខងារស្នូលនៃ FMIS ទៅកាន់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញចំនួន១០ បន្ថែមថ្មី

៥. បានបញ្ចប់ការរៀបចំ និង អភិវឌ្ឍប្រព័ន្ធ ដើម្បីដាក់ឱ្យប្រើប្រាស់មុខងាររៀបចំផែនការថវិកា ទៅកាន់ក្រសួង-ស្ថាប័ន ចំនួន ១២, អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្ដាល ចំនួន ១៧, និង មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុទាំង ២៥​

៦. បានបញ្ចប់ការរៀបចំ និង អភិវឌ្ឍប្រព័ន្ធ ដើម្បីដាក់ឱ្យប្រើប្រាស់មុខងារលទ្ធកម្មពេញលេញ ទៅកាន់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្ដាល ចំនួន ២០ និង មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទាំង ២៥។

ជាមួយគ្នានេះ ​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ​ប្រកាសដាក់ឱ្យអនុវត្តគម្រោង មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៅក្នុង FMIS ជាមួយក្រសួង-ស្ថាប័នចំនួន ៥ គឺ១.ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ២.ក្រសួងបរិស្ថាន ៣.ក្រសួងសុខាភិបាល ៤.ក្រសួងមហាផ្ទៃ និង ៥.ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចាប់ពីពេលនេះតទៅ។

៨.​ ការដាក់ឱ្យអនុវត្តនីតិវិធីចំណាយថវិកាចរ ន្តគ្រប់មុខសញ្ញាតាម FMIS ទាំងស្រុង សម្រាប់ក្រសួងយុត្តិធម៌ នៅក្នុងខែមិថុនា ២០២៣ តទៅ។

សូមជម្រាបថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS) គឺជាកម្មវិធីគោលនយោបាយអាទិភាព មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានចក្ខុវិស័យប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលផ្ដោតលើលទ្ធផល ឬ សមិទ្ធកម្ម និង វិមជ្ឈការ ស្របតាមស្តង់ដា និង ឧត្តមានុវត្តន៍អន្តរជាតិ ។

FMIS គឺជាឧបករណ៍ស្នូល ដែលមិនអាចខ្វះបាន សម្រាប់ជួយគាំទ្រ និង ជំរុញដល់ការសម្រេចបាន នូវគោលដៅនៃដំណាក់-កាលនីមួយៗរបស់កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ រួមមាន ការបង្កើនភាពជឿទុកចិត្ត នៃថវិកា, ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ, ការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោល-នយោបាយ និង ការបង្កើនគណនេយ្យភាពសមិទ្ធកម្ម ព្រមទាំងជួយក្នុងការបង្កើនប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជារួម ​៕